អន្តរជាតិ
អ្វី​ទៅជា Circular Economy ?
28, Aug 2019 , 7:59 am        
រូបភាព
​បាងកក​៖ សន្និសីទ​ស្ដីពី​សេដ្ឋកិច្ច​វិលជុំ (Circular Economy) បានរៀបចំ​នៅ​រាជធានី​បាងកក ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ប្រឈម​លើ​ការប្រើប្រាស់​ធនធាន​ដោយ​ចីរភាព​។ សេដ្ឋកិច្ច​វិលជុំ ជា​អ្វី ហើយ​អាច​រក​ដោះស្រាយ​បញ្ហា​សំណល់ និង​ធនធាន​សម្រាប់​ការប្រើប្រាស់​របស់​មនុស្ស​បាន​ដោយ​របៀប​ណា​?

 
«​សេដ្ឋកិច្ច​វិលជុំ៖ កិច្ចសហប្រតិបត្តិការ​ដើម្បី​សកម្មភាព (Circular Economy: Collaboration for Action)» ជា​ប្រធានបទ​ក្នុង​សន្និសីទ​នៃ​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៅ​ថ្ងៃទី​២៦ ខែសីហា ក្នុង​ទីក្រុង​បាង​កក រាជាណាចក្រ​ថៃ​។ ក្នុង​សន្និសីទ​មួយថ្ងៃ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន SCG ដ៏​ធំ​របស់​ថៃ រដ្ឋាភិបាល ដៃគូ​ឯកជន សកម្មជន យុវជន​ទាំង​មកពី​ប្រទេស​នានា​ក្នុង​តំបន់ បានរួម​គ្នា សេដ្ឋកិច្ច​វិលជុំ សំដៅ​រិះរក​ច្រក​ចេញពី​វិបត្តិ​កង្វះខាត​ធនធាន​ដែល​មនុស្សលោក​ត្រូវការ​។​


 
​សន្និសីទ​នេះ មាន​គោលដៅ​បង្កើត​ពាណិជ្ជកម្ម​ដោយ​ចីរភាព ប្រយុទ្ធប្រឆាំង​ការបំពុល​សមុទ្រ លើកកម្ពស់​ជីវភាព​ប្រជាជន និង​គ្រប់គ្រង​សំណល់​ឧស្សាហកម្ម​។ អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន​នានា​ទាំង​៤៥ ដែល​ចូលរួម​ក្នុង​សន្និសីទ ក៏​ដាក់​គោលដៅ​ក្នុង​ការស្នើ​បញ្ចូល​ការគ្រប់គ្រង​សំណល់​ទៅជា​របៀបវារៈ​ជាតិ​ផងដែរ​។ 
 
​លោក Roongrote Rangsiyopash ដែលជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន SCG និយាយថា​ការកើនឡើង​ចំនួន​ប្រជាជន​សាកល​ទៅដល់​៩,៧​ពាន់​លាន​នាក់​ក្នុង​ឆ្នាំ​២០៥០ ដែល​នឹង​នាំ​ឲ្យ​មាន​កំណើន​ការប្រើប្រាស់​យ៉ាងខ្លាំង ទោះជា​ធនធាន​ដែល​ផែនដី​ផ្ដល់​ឲ្យ​មានកំណត់​ក្ដី​។ ការកើនឡើង​តម្រូវការ​នេះ ក៏​នាំ​ទៅជា​វិបត្តិ​សំណល់​ផងដែរ​។ សម្រាប់​លោក Roongrote បើ​គ្មាន​ការគ្រប់គ្រង​ត្រឹមត្រូវ​នេះ បញ្ហា​សំណល់​នេះ នឹង​បំផ្លាញ​ជីវិត​លើ​ផែនដី​។​
 
​បើតាម​ប្រធាន​ក្រុមហ៊ុន​ដ៏​ធំ​នេះ សេដ្ឋកិច្ច​វិលជុំ ជា​ដំណោះស្រាយ​ដើម្បី​កាត់បន្ថយ​បញ្ហា​ដែល​កើតឡើង​។ អ្វី​ទៅជា​សេដ្ឋកិច្ច​វិលជុំ​? សេដ្ឋកិច្ច​វិលជុំ អាច​និយាយថា​ជា​គោលនយោបាយ​មួយ ដែល​ផ្ដើមគំនិត SCG នៅ​ឆ្នាំ​២០១៨ ជា​វិធីសាស្ត្រ​ប្រើប្រាស់​ឡើងវិញ​ដែល​ផ្លាស់ប្ដូរ​ផលិតកម្ម ការប្រើប្រាស់ និង​ការរស់នៅ​ប្រចាំថ្ងៃ​។ ជា​ដំណោះស្រាយ​នៃ​ការខ្វះខាត​ធនធាន​ដែល​អាច​កើតមាន វិធីសាស្ត្រ​នេះ អនុវត្ត​ដោយ​ឈរលើ​គោលការណ៍ «​បង្កើត​-​ប្រើប្រាស់​-​វិលត្រឡប់​វិញ​» ដែល​នេះ​ផ្ទុយ​ពី​និន្នាការ​ប​ច្ច​ប្បន្ន «​ដកយក​-​ប្រើប្រាស់​-​បោះចោល​»​។​


 
​ឈរលើ​គោលការណ៍​សេដ្ឋកិច្ច​វិលជុំ ភាគី​ពាក់ព័ន្ធ​ទាំងអស់​មិន​ថា មនុស្ស​ចាស់ មនុស្ស​ក្មេង រដ្ឋាភិបាល ឬ​ក្រុមហ៊ុន​ឯកជន​ឡើយ ត្រូវ​ចូលរួម​ក្នុង​ដំណើរ​ការដែល​មានន័យ​ជាការ​សន្សំ​ធនធាន​របស់​ពិភពលោក​។ កុមារី Rarin Sathitthanasan សកម្មជន​ការពារ​បរិស្ថាន​ដែលមាន​វ័យ​ទើប​១២​ឆ្នាំ ហើយ​បានធ្វើការ​ផ្នែក​បរិស្ថាន​នេះ​យូរ​មកហើយ​នោះ បាន​ផ្ញើ​សារ​ដ៏​មាន​ឥទ្ធិពល​ថា មនុស្សពេញវ័យ​គួរ​បំពេញ​ការទទួលខុសត្រូវ​របស់ខ្លួន ដើម្បី​ក្មេងជំនាន់ក្រោយ​។  
 
​គំនិត​សេដ្ឋកិច្ច​វិលជុំ​នេះ ក៏មាន​បញ្ចូល​មធ្យោបាយ​ក្នុងការ​ប្រើប្រាស់​ធនធាន​ឲ្យ​អស់​លទ្ធភាព ការបែងចែក​សំរាម ក៏ដូចជា​ការ​ចោល​សំរាម​ដោយ​ត្រឹមត្រូវ​ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​បន្ត​ទុក​ឲ្យ​មនុស្ស​បន្ទាប់ៗ​ទៀត​។ 




 

© រក្សាសិទ្ធិដោយ thmeythmey.com