ដោយសារតែអ្នកធ្លាប់ឮគេនិយាយច្រើនហើយ ហើយក៏និយាយតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ មិនមែនមានន័យថាវាសុទ្ធតែពិតទាំងអស់នោះទេ។
យ៉ាងណាមិញ ខាងក្រោមនេះខ្ញុំមានដំបូន្មានសុខភាពមួយចំនួនដែលត្រូវបានគេនិយាយតៗគ្នាយ៉ាងច្រើន ហើយមកពិចារណាទាំងអស់គ្នាថា គួរតែជឿឬអត់។
ស្ករត្នោតផ្តល់សុខភាពល្អជាងស្ករស
យើងធ្លាប់តែឮព័ត៌មានថា ឲ្យតែស្ករសុទ្ធតែមានបញ្ហាដូចៗគ្នាទាំងអស់បើសិនជាញ៉ាំច្រើន។ យ៉ាងណាមិញ ស្ករឆៅ និងស្ករត្នោតគឺមានកាឡូរីតិចជាង និងមានជាតិរ៉ែតិចតួច (ប៉ូតាស្យូម និងកាល់ស្យូម) ដែលទំនងជាមិនមានផលវិបាកអ្វីដូចស្ករសឡើយ។ ប៉ុន្តែនិយាយដល់កម្រិតជាតិផ្អែមនៃស្ករទាំងពីរនេះគឺមានលក្ខណៈដូចគ្នា ហើយក៏មានគ្រោះថ្នាក់ដូចគ្នាដែរ។ ដូច្នេះយកល្អ សម្រាប់ស្ត្រីគួរតែអាចញ៉ាំស្ករទាំងពីរនេះ ៦ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ និងបុរសអាចបាន ៩ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ។
បើមិនចង់ឡើងទម្ងន់ទេ កុំញ៉ាំអីមុនគេងឲ្យសោះ
មិនចឹងទេ ហើយអ្នកក៏កុំខ្វល់អំពីដំបូន្មាននេះច្រើនដែរ។ ការសិក្សាខ្លះនិយាយផ្ទុយថា ការញ៉ាំអាហារសម្រន់មុនគេងអាចជួយឲ្យមានអារម្មណ៍កាន់តែឆ្អែត និងមិនសូវញ៉ាំច្រើនទៅវិញ។ ប៉ុន្តែវាដូចជាមិនមានទិន្នន័យណាបញ្ជាក់ថា ការញ៉ាំអាហារមុនគេងជាកត្តានាំឲ្យឡើងទម្ងន់ ឬស្រកទម្ងន់ឡើយ។ ដូច្នេះចូរធ្វើទៅតាមភាពឃ្លានរបស់អ្នក និងញ៉ាំពេលត្រូវការទៅ។
ទឹកអនាម័យអាចលាងសម្អាតទ្វារមាសបាន
ទ្វារមាសរបស់មនុស្សស្រីមានលក្ខណៈពិសេសមួយគឺអាចលាងសម្អាតខ្លួនឯងបាន។ វាផ្ទុកទៅដោយមេរោគល្អ Microbiome ដែលធ្វើការយ៉ាងសកម្មក្នុងការថែរក្សាសុខភាពទ្វារមាសឲ្យបានល្អ។ ការប្រើទឹកអនាម័យនឹងបង្កជាភាពរំខានដល់ដំណើរការណ៍សម្អាតរបស់មេរោគខាងលើ និងបង្កើនការប្រឈមនឹងការបង្ករោគថែមទៀត។
ទទួលបានវីតាមីន D ពីពន្លឺព្រះអាទិត្យ
រឿងនេះមិនប្រាកដឡើយ។ ពេលវេលាដែលត្រូវហាលថ្ងៃដោយមិនមានការលាបឡេការពារកម្តៅព្រះអាទិត្យអាចមានផលអាក្រក់ដល់ស្បែកច្រើន។ បើសិនជាអ្នកកង្វះវីតាមីន D មានតែគ្រូពេទ្យទេដែលអាចបញ្ជាក់ថាអ្នកគួរតែធ្វើអ្វី។ ដូច្នេះបើសិនជាអ្នកមិនមានឡេការពារកម្តៅព្រះអាទិត្យក្នុងការដើរហាលថ្ងៃទេ ថ្នាំបំប៉នវីតាមីន D ប្រហែលជាអាចជួយជំនួសបាន។
អ្នកត្រូវតែកោរោមនៅថ្ងាសក្រោម
រោមថ្ងាសក្រោមដើរតួនាទីមួយគឺដើម្បីការពារសុខភាពទ្វារមាស ហើយក៏ជួយបង្ការការរលាកដោយសារតែកកិតក្នុងពេលរួមភេទដែរ។ មិនខ្វល់ថាអ្នកកោឬអត់ទេ ការកោរោមនៅតំបន់នេះគឺជាតម្រូវការផ្ទាល់ខ្លួនរបស់មនុស្សយើងប៉ុណ្ណោះ។ អ្នកក៏មិនបាច់កោវាដែរបើសិនជាមិនចង់ធ្វើទេនោះ។
ញ៉ាំទឹក៨កែវជារៀងរាល់ថ្ងៃ
ខណៈនេះដែរមិនមែនជារឿងអាក្រក់ តែវាក៏មិនមែនត្រឹមត្រូវ ១០០ភាគរយដែរ ព្រោះថា តម្រូវការជាតិទឹករបស់មនុស្សម្នាក់ៗគឺខុសគ្នា ហើយក៏អាស្រ័យទៅតាមសកម្មភាព ទំហំរាងកាយ និងហ្សែនផងដែរ ហើយកម្រិតជាតិសូដ្យូមដែលចេញក្នុងញើសក៏ខុសគ្នាទៅតាមមនុស្សម្នាក់ៗផងដែរ។ អ្នកខ្លះត្រូវការទឹកតិច តែអ្នកខ្លះត្រូវការច្រើន។ ដូច្នេះតើអ្នកអាចប្រាប់បានថាខ្លួនឯងត្រូវការច្រើនប៉ុណ្ណាទៅ? វាគឺជាអ្វីដែលរាងកាយប្រាប់យើងវិញទេ។ តើអ្នកខ្សោះជាតិទឹកទេ តើអ្នកបន្ទោបង់រាល់ថ្ងៃទេ តើអ្នកអស់កម្លាំងពេញមួយថ្ងៃទេ តើអ្នកធ្វើការសកម្មខ្លាំងទេ តើសន្លាក់ និងសាច់ដុំអ្នកធ្វើការល្អទេ? ដូច្នេះអ្វីដែលជារឿងសំខាន់ដែលអ្នកគួរតែដឹងនោះគឺថា ត្រូវរកទឹកញ៉ាំភ្លាមនៅពេលអ្នកត្រូវការញ៉ាំ។ អាហារដូចជា ស្ពៃស្ពីណាច និងផ្លែឪឡឹកមានជាតិទឹកស្ទើរតែ ១០០ភាគរយ ហើយភេសជ្ជៈដូចជា ទឹកផ្លែឈើ ទឹកដោះគោ និងកាហ្វេក៏អាចញ៉ាំជាប្រចាំថ្ងៃបានដែរ។
លេបថ្នាំអាស្ពីរីនរាល់ថ្ងៃដើម្បីថែរក្សាសុខភាពបេះដូង
រយៈពេលច្រើនសិបឆ្នាំហើយដែលគេនិយាយថា មនុស្សគ្រប់គ្នាដែលមានអាយុច្រើនៗអាចទប់ស្កាត់ជំងឺបេះដូងបានតាមរយៈការលេបថ្នាំអាស្ពីរីនរាល់ថ្ងៃ ដោយសារតែវាជួយរំលាយកំណកឈាម។ វាគ្មានអ្វីត្រូវឆ្ងល់ទេដែលថា មនុស្សភាគច្រើននៅតែជឿលើរឿងនេះថ្វីបើការសិក្សាបច្ចុប្បន្ននេះបង្ហាញថាវាជារឿងខុសក៏ដោយ ហើយការណែនាំថ្មីក៏ត្រូវបានបង្កើតឡើងផងដែរ។
តាមការសិក្សាមួយដែលធ្វើទៅលើមនុស្សជាង ២០០០០នាក់មកពីប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក និងត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន New England Journal of Medicine ក្នុងឆ្នាំ ២០១៨ បានឲ្យដឹងថា ការលេបថ្នាំអាស្ពីរីនរាល់ថ្ងៃមិនត្រឹមតែជួយឲ្យមនុស្សចាស់អាយុវែង មានសុខភាពល្អទេ តែវាក៏បង្កើនការប្រឈមនឹងការហូរឈាមផងដែរ។ ការសិក្សាមួយផ្សេងទៀតនិយាយថា ការលេបថ្នាំនេះរាល់ថ្ងៃ នឹងប្រឈមកាន់តែខ្លាំងនឹងការហូរឈាមក្នុងខួរក្បាល។ សម្រាប់អ្នកដែលមានជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ឬធ្វើការវះកាត់នៅបេះដូង ការលេបថ្នាំអាស្ពីរីនមួយគ្រាប់ក្នុងមួយថ្ងៃអាចជារឿងមានប្រយោជន៍ ប៉ុន្តែគួរតែជារឿងណែនាំដោយគ្រូពេទ្យ៕
ត្រួតពិនិត្យដោយ www.health.com.kh