ជាតិ
លោកវេជ្ជបណ្ឌិត ហែន ភារៈ ៖ មុនប្រើផលិតផលថែរក្សាស្បែក ពលរដ្ឋត្រូវស្គាល់ពីប្រភេទស្បែកខ្លួនសិន
× ភ្នំពេញ៖ មុនប្រើប្រាស់ផលិតផលថែរក្សាស្បែក ពលរដ្ឋត្រូវស្គាល់ពីប្រភេទស្បែកខ្លួនឯងសិន ដើម្បីបញ្ចៀសបញ្ហាជំងឺសើស្បែក ។ នេះបើតាមលោកវេជ្ជបណ្ឌិត ហែន ភារៈ អ្នកឯកទេសព្យាបាលជំងឺរលាកច្រមុះរ៉ាំរ៉ៃ ដុះសាច់ និងអាលែកហ្ស៊ី។
លោក ហែន ភារៈ បានពន្យល់ថា ស្បែករបស់មនុស្សមានចំនួន៤ប្រភេទ គឹស្បែកឆាប់ប្រតិកម្ម , ស្បែកខ្លាញ់, ស្បែកស្ងួត និងស្បែកធម្មតា។ ត្រង់ចំណុចនេះលោកវេជ្ជបណ្ឌិតជំនាញសើស្បែករូបនេះ បាននិយាយថា ស្បែកឆាប់ប្រតិកម្ម គឺជាស្បែក ដែលពិបាកនឹងប្រើប្រាស់ផលិតផលថែរក្សា ដោយសារស្បែកប្រភេទនេះ មានលក្ខណៈស្ដើងនិងក្រហមពីកំណើត ដែលងាយប្រឈមនឹងបញ្ហាស្បែក។ ចំណែកបញ្ហាស្បែកខ្លាញ់វិញ លោក ភារៈ បានពន្យល់ថា ស្បែកប្រភេទនេះ គឺបណ្ដាលមកពីក្រពេញខ្លាញ់ផលិតច្រើនខុសពីធម្មតា ដែលធ្វើឱ្យប្រឈមបញ្ហាស្ទះគល់រោម និងងាយកើតមុនលើផ្ទៃមុខ។
សូមលោក-អ្នកនាងស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោកវេជ្ជបណ្ឌិត ហែន ភារៈ អ្នកឯកទេសព្យាបាលជំងឺរលាកច្រមុះរ៉ាំរ៉ៃ ដុះសាច់ និងអាលែកហ្ស៊ី ដូចតទៅ៖
រីឯបញ្ហាស្បែកស្ងួតវិញ អាចធ្វើឱ្យងាយប្រឈមមុខ និងបញ្ហាសើស្បែក និងអាលែកហ្ស៊ីដែរ នៅពេលដែលប្រើប្រាស់ផលិតផលថែរក្សា ឬបកស្បែកច្រើន។ សម្រាប់ស្បែកធម្មតា គឺជាប្រភេទល្អ ដែលមិនងាយរងផលប៉ះពាល់ស្បែក ដោយសារការប្រើប្រាស់ផលិតផលថែរក្សានោះទេ ក្នុងករណីជ្រើសរើសផលិតផលណា ដែលមានការអនុញ្ញាត និងបញ្ជាក់ត្រឹមត្រូវពីក្រសួងសុខាភិបាល។ នេះបើតាមលោកវេជ្ជបណ្ឌិត ហែន ភារៈ ដែលទាមទារឱ្យពលរដ្ឋស្គាល់ពីប្រភេទស្បែកខ្លួនសិន មុនជ្រើសរើសផលិតផលអ្វីមួយប្រើប្រាស់។
ក្រៅពីបញ្ហាយល់ដឹងលើសុខភាព និងសម្រស់របស់ប្រជាពលរដ្ឋនេះ លោក ហែន ភារៈ ក៏ស្នើឱ្យគ្រូពេទ្យ និងឱសថការី ជួយអប់រំ និងណែនាំពលរដ្ឋពីផលិតផលណា ដែលប៉ះពាល់ដល់សុខភាពស្បែក នៅពេលដែលពួកគេចង់ទិញផលិតផលថែរក្សាសម្រស់ពីគ្រឹះស្ថានឱសថខ្លួន ។ ជាពិសេសកុំលក់ផលិតផលណា ដែលក្រសួងសុខាភិបាល ហាមប្រើប្រាស់ហួសកម្រិតទៅឱ្យពលរដ្ឋ ដែលនាំឱ្យពួកគេប្រឈមមុខបញ្ហាជំងឺនាថ្ងៃអនាគត។ បើតាមលោក ភារៈ អាជ្ញាធរពាក់ព័ន្ធនៃក្រសួងជំនាញ ក៏ត្រូវរឹតបន្ដឹង និងអនុវត្តវិធានការច្បាប់ឱ្យបានម៉ឹងម៉ាត់ចំពោះអ្នកលក់ផលិតផលថែរក្សាផងដែរ៕
Tag:
ហែន ភារៈ
ជំងឺសើស្បែក
ផលិតផល
គ្រូពេទ្យ
© រក្សាសិទ្ធិដោយ thmeythmey.com