ជាតិ
តំណាងប្រទេសអាស៊ាន មកប្រជុំនៅកម្ពុជា ផ្តោតលើ «ការលើកកម្ពស់សុខភាពប្រជាជន» រូបភាពពីក្រសួងសុខាភិបាល
× ក្រសួងសុខាភិបាលកម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ ក្រោមប្រធានបទ «លើកកម្ពស់សុខភាពប្រជាជនអាស៊ាន»។ ប្រធានបទនេះ នឹងផ្តោតលើចំណុចសំខាន់បួន គឺ ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព ការធានានិរន្តរភាពហិរញ្ញប្បទានសេវាថែទាំសុខភាព ការពង្រឹងសមត្ថភាពក្នុងការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិរបស់អង្គការសុខភាពពិភពលោក និង នវានុវត្តន៍នៃការពង្រឹងសេវាថែទាំសុខភាព។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា ការបើកកិច្ចប្រជុំនេះ នឹងចាប់ផ្តើម នៅថ្ងៃទី២៩ ខែសីហា ក្រោមអធិបតីភាពរបស់សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងឲ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅដល់ថ្ងៃទី៣០ ខែសីហា។
កិច្ចប្រជុំនេះ រៀបចំនៅខេត្តសៀមរាប ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលពីប្រទេសសមាជិកអាស៊ានទាំង១០ រួមទាំង អាស៊ានបូកបី (ចិន ជប៉ុន និង កូរ៉េខាងត្បូង) អគ្គលេខាធិការអាស៊ាន និងប្រតិភូអមដំណើរផ្សេងៗ ដែលសរុប មានប្រមាណ៣០០នាក់។ កិច្ចប្រជុំរដ្ឋមន្រី្តសុខាភិបាលអាស៊ាន ត្រូវបានរៀបចំឡើងរាល់ពីរឆ្នាំម្ដង៕
© រក្សាសិទ្ធិដោយ thmeythmey.com