នាយករដ្ឋមន្ត្រី​ជប៉ុន ព្រមាន​ប្រទេស​អាហ្វ្រិក​ពី​កំណើន​បំណុល​
អន្តរជាតិ
នាយករដ្ឋមន្ត្រី​ជប៉ុន ព្រមាន​ប្រទេស​អាហ្វ្រិក​ពី​កំណើន​បំណុល​
29, Aug 2019 , 7:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន និងមេដឹកនាំអាហ្វ្រិកក្នុងសន្និសីទនៅយូកូហាម៉ា។ រូបភាព AFP
នាយករដ្ឋមន្រ្តីជប៉ុន និងមេដឹកនាំអាហ្វ្រិកក្នុងសន្និសីទនៅយូកូហាម៉ា។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នៅ​ថ្ងៃទី​២៨ ខែសីហា បាន​ព្រមាន​មេដឹកនាំ​អាហ្វ្រិក​ពី​បញ្ហា​បំណុល ព្រោះ​អាច​បង្កបញ្ហា​ដល់​ការវិនិយោគ​។ លោក អា​បេ ព្រមាន​បែបនេះ​នា​ជំនួប​ជាមួយ​មេដឹកនាំ​អាហ្វ្រិក​អំឡុងពេល​សន្និសីទ​អន្តរជាតិ​ស្ដីពី​ការអភិវឌ្ឍ​អាហ្វ្រិក​ក្នុង​ទីក្រុង​យូ​កូ​ហា​ម៉ា​។ ក្នុងន័យ​ឌឺដង​ប្រទេស​ខ្លះ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​រូបនេះ ក៏បាន​រំលេច​ពី​របៀប​រកស៊ី​របស់​ជ​ប៉ុន​ដែល​ផ្ដោត​សំខាន់​លើ​គុណភាព និង​ថា រដ្ឋាភិបាល​លោក​នឹង​ជំរុញ​ក្រុមហ៊ុន​ជប៉ុន​ទៅរក​ស៊ី​នៅ​អាហ្វ្រិក​ឲ្យ​បាន​ច្រើន​។​

 
​ក្នុង​សន្និសីទ​អន្តរជាតិ​ក្រុង​តូ​ក្យូ​ស្ដីពី​ការអភិវឌ្ឍ​អាហ្វ្រិក (TICAD) នៅ​ថ្ងៃទី​២៨ ខែសីហា នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ បាន​ប្រាប់​មេដឹកនាំ​អាហ្វ្រិក​ឲ្យ​ប្រុងប្រយ័ត្ន​ពី​ការ​កើន​បំណុល​ក្នុងប្រទេស​របស់​ពួកគេ​។ លោក អា​បេ មិនបាន​បញ្ចេញ​ឈ្មោះ​ប្រទេស​ដែល​នៅ​ពីក្រោយ​ការកើនឡើង​បំណុល​នេះឡើយ តែ​ទំនងជា​ចង់​សំដៅ​ចិន​ដែលជា​បាន​បណ្ដាក់ទុន ផ្ដល់ជំនួយ និង​កម្ចី​រាប់ពាន់​លាន​ដុល្លារ​ក្នុង​ទ្វីប​សម្បូរ​ធនធាន​មួយ​នេះ​។​
 
​អាហ្វ្រិក​ដែល​ក្រីក្រ​តែ​សម្បូរ​ធនធាន ក្លាយជា​គោលដៅ​ទាក់ទាញ​មហាអំណាច​ធំៗ​ឲ្យ​ទៅ​បោះទុន​រកស៊ី និង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​។ មហា​យក្ស​ចិន ត្រូវបាន​គេ​មើលឃើញថា បាន​លូកដៃ​ចូល​ជ្រៅ​ក្នុង​កិច្ចការ​អាហ្វ្រិក ដោយបាន​ជះ​លុយរាប់​ពាន់​លាន​ដុល្លារ​ទៅកាន់​ទ្វីប​មួយ​នេះ ពិសេស​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​។ អាហ្វ្រិក​ដែល​មិនសូវមាន​លុយ​នោះ ពិតជា​ត្រូវការ​ធនធាន​របស់​ចិន​ដើម្បី​អភិវឌ្ឍ​ខ្លួន​។ ប៉ុន្តែ​លុយ​របស់​ចិន ធ្វើ​ឲ្យ​ប្រទេសមួយ​ចំនួន​ចោទថា ជា​អន្ទាក់​បំណុល​។  
 
​ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​នៅ​ទីក្រុង​យូ​កូ​ហា​ម៉ា ប្រមុខ​រដ្ឋាភិបាល​ជប៉ុន បាន​រំលេច​ពី​វិធីសាស្ត្រ​របស់​ក្រុង​តូ​ក្យូ​ដែល​ជំរុញ​ការនាំចេញ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព ហើយ​គាំទ្រ​ដោយ​ស្ថាប័ន​ដែលមាន​រដ្ឋាភិបាល​ឧបត្ថម្ភ​ទៀតផង​។ លោក អា​បេ ទំនងជា​ចង់​ប្រាប់​មេដឹកនាំ​អាហ្វ្រិក​ដែល​ចូលក្នុង​សន្និសីទ​ឆ្នាំ​២០១៩ ថា ការវិនិយោគ​របស់​ជ​ប៉ុន គឺមាន​តម្លាភាព ហើយ​មិនមែន​ធ្វើ​អ្វីមួយ​ឲ្យ​រួចពីដៃ​នោះឡើយ​។ 
 
​ពី​រឿង​បំណុល​វិញ លោក អា​បេ បញ្ជាក់ថា បើ​រដ្ឋាភិបាល​មួយ​បន្ត​ឲ្យ​បំណុល​កើនឡើង​ខ្លាំង វា​នឹង​នាំ​ឲ្យ​មានការ​លំបាក​ក្នុងការ​រកស៊ី​របស់​ក្រុមហ៊ុន​នានា ហើយ​សហគ្រិន​ក៏​មិនអាច​បញ្ចេញ​ជំនាញ​របស់​ពួកគេ​បានដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ ក្នុងន័យនេះ មេដឹកនាំ​ជប៉ុន ក៏បាន​ប្រកាស​ពី​គម្រោង​ហិរញ្ញវត្ថុ និង​ធានារ៉ាប់រង​ដែល​នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​ក្នុងការ​រកស៊ី​។ គម្រោង​នេះ​នឹង​អនុវត្ត​ដោយ​ក្រុមហ៊ុន​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន​ផ្ទាល់​។​
 
​ចំពោះមុខ​មេដឹកនាំ​អាហ្វ្រិក​ជាង​៤០​ប្រទេស លោក អា​បេ ក៏​សន្យា​ជំរុញ​ក្រុមហ៊ុន​ជប៉ុន​ឲ្យ​ទៅរក​ស៊ី​នៅ​អាហ្វ្រិក​ឲ្យ​បាន​ច្រើន​ផងដែរ​។ នៅ​ដើម​សប្ដាហ៍​នេះ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ប្រកាស​បង្កើន​ការវិនិយោគ​ឲ្យ​លើស​២០​ពាន់​លាន​ដុល្លារ​ដែល​ហូរ​ចូល​អាហ្វ្រិក​ជាស្រេច​ហើយ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​។ បើតាម​លោក អា​បេ ក្រុង​តូ​ក្យូ​នឹង​ព្យាយាម​គ្រប់បែបយ៉ាង​ដើម្បី​ឲ្យ​ការវិនិយោគ​របស់​ជប៉ុន​នៅ​ទ្វីប​មួយ​កើនឡើង​ថែមទៀត​៕ 

Tag:
 ជប៉ុន​
  អាហ្វ្រិក​
  ស៊ិន​ហ្សូ អា​បេ​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម