កីឡាអន្តរជាតិ
អន្តរជាតិ
ការវាយតម្លៃ​បែប​វិទ្យាសាស្ត្រ​បង្ហាញថា Messi ល្អ​ជាង Ronaldo ដល់​ទៅ​ពីរដង​
29, Aug 2019 , 9:59 pm        
រូបភាព
​យោងតាម​ក្បួន​ដោះស្រាយ​តាមបែប​វិទ្យាសាស្ត្រ​ដោយ​ប្រើ​កុំព្យូទ័រ បាន​បង្ហាញថា Lionel Messi ជា​កីឡាករ​បាល់ទាត់​ល្អ​ជាង Cristiano Ronaldo ដល់​ទៅ​ពីរដង​ឯង​ណោះ​នាពេល​បច្ចុប្បន្ននេះ​។​


 
SuperComputer បាន​បង្កើតឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅឯ​សាកលវិទ្យាល័យ Leuven នា​ប្រទេស​បែលហ្ស៊ិក​។ ឧបករណ៍​នេះ​មាន​សមត្ថភាព​កត់ត្រា​រាល់​សកម្មភាព​របស់​តារាង​បាល់ទាត់​ទាំងពីរ​អំឡុង​ការប្រកួត​ក្នុង​លី​គ La Liga ចន្លោះ​ពី​រដូវ​កាល ២០១៣-១៤ ដល់ ២០១៧-១៨ មានន័យថា មុនពេល Ronaldo ចេញពី Real Madrid ទៅ Juventus​។​
 
​សកម្មភាព​ដែល​កុំ​ព្យួ​ទ័​រ​នេះ​បាន​កត់ត្រា រួមមាន ការបញ្ជូន​បាល់ ការទា​ត់បាល់​ស្កាត់​ចូល​តំបន់​គ្រោះថ្នាក់ ការដណ្តើម​បាល់​ពី​គូប្រជែង និង​សកម្មភាព​ផ្សេងៗ​ទៀត​។ សកម្មភាព​នីមួយៗ​ត្រូវបាន​ផ្តល់​ពិន្ទុ​ដោយ​ផ្អែកលើ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ពី​ការបង្កើត​ឱកាស​របស់​ម្ចាស់​ពាន Ballon d'Or ៥​សម័យ​ទាំង​ពីររូប សម្រាប់​ការប្រកួត​នីមួយៗ​។​

 
 
​ចំនួន​ពិន្ទុសរុប​ដែល​វាយតម្លៃ​តាម VAEP (​សកម្មភាព​វាយតម្លៃ​ដោយ​ប្រូ​បាប​ប៉ាន់ស្មាន​) នៅក្នុង SuperComputer ចំនួន​៥​រដូវ​កាល បង្ហាញ​លទ្ធផល​ចុងក្រោយ​ថា Messi ខ្សែប្រយុទ្ធ​អន្តរជាតិ​អា​ហ្ស​ង់​ទីន និង​ក្រុម Barcelona ទទួលបាន ១,២១​ពិន្ទុ ខណៈ Ronaldo ខ្សែប្រយុទ្ធ​ក្រុម Juventus និង​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​បានត្រឹមតែ ០,៦១​ពិន្ទុ​ប៉ុណ្ណោះ ពោលគឺ​ខុសគ្នា​ទ្វេដង​។​
 
​នា​រយៈពេល​៥​រដូវ​កាល​ចុងក្រោយ​នៅ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga (​មិន​គិតពី​ពាន​ផ្សេង​) Messi អា​ចរក​គ្រាប់​បាល់​ឲ្យ Barca ចំនួន ១៦៧​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី ៦៦​ដង ព្រមទាំង​ជួយ​ក្រុម​ឈ្នះ​ពាន​៣​លើក​។​
 
​ដោយឡែក Ronaldo ក្នុង​រយៈពេល​ដូចគ្នា អាច​ស៊ុត​បាន ១៦៥​គ្រាប់ និង​បញ្ជូន​បាល់ ៤៧​លើក ខណៈ Real ឈ្នះ La Liga តែម្តង​ប៉ុណ្ណោះ នៅ​រដូវ​កាល ២០១៦-២០១៧៕

Tag:
 Cristiano Ronaldo
  Lionel Messi
  SuperComputer
© រក្សាសិទ្ធិដោយ thmeythmey.com