លោក Antonio Conte បានបង្ហាញអារម្មណ៍រំភើបសម្រាប់ការចាប់ផ្តើមប្រកួតប្រជែងក្នុងក្របខណ្ឌ UEFA Champions League ដ៏ស្វិតស្វាញ បន្ទាប់ពីក្រុមរបស់លោក គឺ Inter Milan ចាប់ឆ្នោតរើសពូលជួបសុទ្ធតែក្រុមខ្លាំងៗ។
នាពិធីចាប់ឆ្នោតដើម្បីរើសពូល (Group stage) សម្រាប់ក្រុមទាំង៣២ ដែលប្រព្រឹត្តទៅនៅយប់ថ្ងៃទី២៩ ខែសីហា ក្នុងប្រទេសម៉ូណាកូ ក្រុមពីអ៊ីតាលី Inter Milan ស្ថិតនៅពូល F ដោយត្រូវជួប Barcelona, Borussia Dortmund និង Slavia Prague។
ក្រោយការចាប់ឆ្នោត លោក Conte អតីតអ្នកចាត់ការ Chelsea ដែលទើបឡើងជាអ្នកចាត់ការថ្មីរបស់ Inter រដូវកាលនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារក្រុមលោកត្រូវតតាំងសុទ្ធសឹងជាក្រុមខ្លាំងក្នុងយុទ្ធនាការអឺរ៉ុបនេះ។
«សម្រាប់ពួកយើង ដែលប៉ះក្រុមខ្លាំងៗពិតជាកិត្តិយស និងគួរឲ្យរំភើបណាស់។ សម្រាប់គូប្រជែងរបស់យើងក៏ដូចគ្នា ពួកគេត្រូវជួបយើងដែលជាក្រុមមិនធម្មតាដែរ»។ នេះជាការអះអាងរបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលី វ័យ៥០ឆ្នាំ។
ក្រុមពីលីគកំពូលអ៊ីតាលីមួយនេះ ទើបតែចំណាយប្រាក់យ៉ាងច្រើនដើម្បីទិញចូលកីឡាករថ្មីបន្ថែម ដូចជាខ្សែប្រយុទ្ធ Romelu Lukaku ពី Man Utd ក្នុងតម្លៃ៩១លានដុល្លារ ព្រមទាំងខ្ចីជើងខ្សែបម្រើ Alexis Sanchez ផងដើម្បីពង្រឹងក្រុមក្រោមការដឹកនាំដំបូងរបស់លោក Conte។
Inter នឹងចាប់ផ្តើមយុទ្ធនាការការប្រកួតវគ្គសន្សំពិន្ទុពូល F ដោយត្រូវធ្វើដំណើរទៅផ្ទះរបស់ក្រុម Slavia Prague នៃលីគកំពូលឆែក សម្រាប់ជំនួបបើកឆាក នៅថ្ងៃទី១៧ ខែកញ្ញា មុនទទួលភ្ញៀវ Barcelona នៅឯកីឡដ្ឋាន San Siro។
ខាងក្រោមនេះ ជាលទ្ធផលចាប់ពូលទាំង៨ ពី A ដល់ H សម្រាប់ក្រុមទាំង៣២ រដូវកាល ២០១៩-២០៖
ពូល A៖ Paris St-Germain, Real Madrid, Club Bruges, Galatasaray
ពូល B៖ Bayern Munich, Tottenham, Olympiakos, Red Star Belgrade
ពូល C៖ Manchester City, Shakhtar Donetsk, Dinamo Zagreb, Atalanta
ពូល D៖ Juventus, Atletico Madrid, Bayer Leverkusen, Lokomotiv Moscow
ពូល E៖ Liverpool, Napoli, Salzburg, Genk
ពូល F៖ Barcelona, Borussia Dortmund, Inter Milan, Slavia Prague
ពូល G៖ Zenit St Petersburg, Benfica, Lyon, RB Leipzig
ពូល H៖ Chelsea, Ajax, Valencia, Lille