ជាតិ
កម្មករ​-​កម្មការិនី អាច​ជិះ​រថយន្តក្រុង និង​កាណូត​សាធារណៈ​ឥត​បង់ប្រាក់ បាន​២​ឆ្នាំ​ទៀត​
31, Aug 2019 , 4:13 pm        
រូបភាព
​ភ្នំពេញ​៖ កម្មករ​-​កម្មការិនី អាច​ជិះ​ជិះ​រថយន្តក្រុង និង​កាណូត​សាធារណៈ​ដោយ​ឥតគិតថ្លៃ រយៈពេល​២​ឆ្នាំ​ទៀត គិត​ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ចេញផ្សាយ​ថ្ងៃទី​៣១ ខែសីហា​។​

 
​រយៈពេល​២​ឆ្នាំ​ហើយ ដែល​រាជរដ្ឋាភិបាល មិនបាន​យក​កម្រៃ​ពី​កម្មករ​-​កម្មការិនី ចំពោះ​ការធ្វើដំណើរ​តាម​រថយន្តក្រុង​សាធារណៈ ពោលគឺ​តាំងតែ​ពី​ខែកញ្ញា ឆ្នាំ​២០១៧​មក​។ នៅ​ខែកញ្ញា ឆ្នាំ​២០១៩​នេះ កាលកំណត់​មិន​យក​កម្រៃ​សេវា​រថយន្តក្រុង និង​កាណូត​សាធារណៈ សម្រាប់​កម្មករ​-​កម្មការិនី នឹង​បញ្ចប់ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​បន្ត​សុពលភាព​នេះ​រយៈពេល​២​ឆ្នាំ​ទៀត​។ 


រូបភាពពី​ហ្វេសប៊ុក​ក្រសួង​សាធារណការ

​ក្នុង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ  បាន​សរសេរ​ដូច្នេះ​៖«​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ ក៏ដូចជា​ជួយ​សម្រួល​ដល់​ការចំណាយ​ក្នុងការ​ធ្វើដំណើរ​របស់​បងប្អូន​កម្មករ​-​កម្មការិនី សម្ដេច ហ៊ុន សែន បានអនុញ្ញាត​ជាគោលការណ៍​ឲ្យ រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​មិន​យក​កម្រៃ​សេវា ចំពោះ​បងប្អូន​កម្មករ​-​កម្មការិនី​ដែល​ធ្វើដំណើរ​តាម​រថយន្តក្រុង និង​កាណូត​សាធារណៈ រយៈពេល​២​ឆ្នាំ​បន្តទៀត​»​។​
 
​លោក អ៊ា​ន សុ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង បាន​ឲ្យ​សា​រព័ត៌មាន​ថ្មីៗ​ដឹងថា ក្នុង​មួយថ្ងៃ មាន​កម្មករ​-​កម្មការិនី ប្រមាណ ១​ម៉ឺន​នាក់ បានធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​។ ចំណែកឯ​កាណូត​មាន​អ្នកជិះ រង្វង់​១២០​នាក់​។ នេះ​បើតាម​លោក អ៊ា​ន សុ​ឃីម​។​
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន រថយន្តក្រុង​សាធារណៈ​ដែល​កំពុង​ដឹកជញ្ជូន​ពលរដ្ឋ និង​កម្មករ​-​កម្មការិនី មាន​ចំនួន ២៣៥ គ្រឿង ជា​អំណោយ​របស់​ជប៉ុន​, កូរ៉េ និង​ចិន​។ ក្នុង​មួយ​ថែ្ង​ប្រជាពលរដ្ឋ​ពី ២​ម៉ឺន​៨​ពាន់​នាក់ ទៅ​៣​ម៉ឺន​នាក់ បានធ្វើ​ដំណើរ​តាម​សេវា​ដឹកជញ្ជូន​រថយន្តក្រុង​សាធារណៈ​៕ 
 

Tag:
 សាលា​រាជធានី​ភ្នំពេញ​
  រថយន្តក្រុង​
  កាណូត​
  កម្មករ​
  កម្មការិនី​
© រក្សាសិទ្ធិដោយ thmeythmey.com