ជាតិ
​លោក មហា​ធៀ ប្រាប់​ទៅ​យុវជន​ខ្មែរ​ថា ចំណេះដឹង និង​ការអនុគ្រោះ គឺជា​គុណ​តម្លៃ​
02, Sep 2019 , 6:07 pm        
រូបភាព
ដោយ:
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ ផ្តល់យោបល់​ដល់​យុវជន​កម្ពុជា​ថា បើ​ចង់​ជោគជ័យ ពួកគេ ត្រូវ​កសាង​គុណ​តម្លៃ​ល្អ ហើយ​ក្នុងនោះ​ការអនុគ្រោះ​ដល់​អ្នកដទៃ​ជា​រឿង​សំខាន់បំផុត​មួយ​។ បន្ថែម​ពីនេះ លោក​លើកឡើងថា ការ​មានចំណេះដឹង​ខ្ពស់ ក៏​ជា​អ្វីដែល​យុវជន​ត្រូវមាន​ផងដែរ​។


អត្ថបទទាក់ទង




​ថ្លែង​ទៅកាន់​ក្រុមនិស្សិត​កម្ពុជា​ប្រមាណ ៧០០​នាក់ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ថ្ងៃទី​២ ខែកញ្ញា លោក មហា​ធៀ លើកឡើង​បែបនេះ​៖ «​យុវជន​ត្រូវតែ​កសាង​ប្រព័ន្ធ​គុណ​តម្លៃ​ល្អ​។ គុណ​តម្លៃ​ល្អ បញ្ជាក់ថា អ្នកនឹង​ជោគជ័យ ឬក៏​បរាជ័យ​។ ដើម្បី​ទទួលបាន​ជោគជ័យ អ្នក [​យុវជន​] បណ្តុះ​អ្វី​ដែលជា​គុណ​តម្លៃ​ល្អ​។ អ្វីដែល​សំខាន់បំផុត​នោះ គឺ​ការចេះ​អនុគ្រោះ​ដល់​អ្នកដទៃ​»​។ ត្រង់ចំណុច​នេះ លោក សង្កត់ធ្ងន់ថា យុវជន ត្រូវមាន​ការគិតគូរ​ខ្ពស់ ដោយ​មិនត្រូវ​បង្ក​ហិង្សា ឬ​សម្លាប់​អ្នកដទៃ​ដើម្បី​សម្រេច​គោលដៅ​ខ្លួន​ឡើយ​។


​លោក មហាធៀ មហាម៉ាត់ ដឹកនាំការសន្ទនាពិសេសជាមួយក្រុមនិស្សិតខ្មែរ ក្រោម​ការសម្របសម្រួលរបស់​លោក ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ទន្ទឹមនឹង​ការ​មានគុណ​តម្លៃ​ល្អ​ក្នង​ខ្លួន មេដឹកនាំ​វ័យ​៩៤​ឆ្នាំ​រូបនេះ ក៏បាន​បញ្ជាក់ទៀតថា យុវជន​កម្ពុជា ត្រូវ​ដឹងឮ​ពីអ្វី​ដែល​កំពុង​កើតឡើង​ជុំវិញខ្លួន​ពួកគេ និងឈ្វេងយល់​ពី​វា​។ កាលណា​ពួកគេ ឃើញ​រឿង​ជាច្រើន កើតឡើង​មិន​ត្រឹមត្រូវ​ហើយ​នោះ នៅពេល​យុវជន​ទាំងនោះ ធំធាត់​ឡើង ហើយ​កាន់តំណែង​កំពូល​ណាមួយ​សម្រាប់​ប្រទេស​ខ្លួន ពួកគេ​នឹង​បញ្ចៀស​ការបង្កើត​កំហុស​សម្រាប់​ប្រទេស​ពួកគេ និង​ប្រទេស​ដទៃទៀត​។ ដើម្បី​អាចឈ្វេងយល់​រឿង​ទាំងនេះ​បាន លោក មហា​ធៀ គូសបញ្ជាក់ថា យុវជន​កម្ពុជា ត្រូវមាន​ចំណេះដឹង​ខ្ពស់ និង​ជំនាញ​ខាង​វិភាគ​។



សូមបញ្ជាក់ថា ការលើកឡើង​របស់លោក​បែបនេះ ធ្វើឡើង ក្នុង​កិច្ចសន្ទនា​ពិសេស​ស្តីពី «​ការរក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​នៅក្នុង​បរិបទ​អាស៊ាន​» (Balancing Relations with the Superpowers in the context of ASEAN)» ដែល​រៀបចំ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២ ខែកញ្ញា​៕


Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ​
 
© រក្សាសិទ្ធិដោយ thmeythmey.com