ជាតិ
សង្គមជាតិ
ហេតុអ្វី​បានជា​រាជបណ្ឌិត្យសភា​ចិញ្ចឹម​គោ​?
03, Sep 2019 , 10:59 am        
រូបភាព
​លោក គី សេរី​វឌ្ឍន៍ សមាជិក​នៃ​គម្រោង​ចិញ្ចឹម​គោ​របស់​រាជបណ្ឌិត្យសភា​កម្ពុជា បាន​និយាយថា គម្រោង​ច​ញ្ចឹ​ម​គោ​របស់​រាជបណ្ឌិត្យសភា​កម្ពុជា គឺជា​ការធ្វើកំណែទម្រង់​ថ្មី ពោលគឺ​រាជបណ្ឌិត្យសភា​ឈប់​អង្គុយ​សរសេ​របាយការណ៍ ដោយ​ផ្អែកទៅលើ​តែ​ទ្រឹស្តី​ដូច​មុន​ទៀតហើយ​។ ក្នុងន័យនេះ​លោក​បាន​បញ្ជាក់ថា ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់លោក​បណ្ឌិត សុខ ទូច «​ទ្រឹស្តី​ផ្សារភ្ជាប់​ជាមួយ​ការអនុវត្ត​» ចាប់ពីពេលនេះ​តទៅ គ្រប់​របាយការណ៍​ទាំងអស់​ដែល​ចងក្រង​ឡើង​ដោយ​រាជបណ្ឌិត្យសភា គឺ​ត្រូវ​ឆ្លងកាត់​លើ​ការសិក្សារ​ស្រាវជ្រាវ និង​ការដកពិសោធន៍​ដោយផ្ទាល់ ដើម្បី​សរសេរ​របាយការណ៍​មួយ​ប្រកបដោយ​គុណភាព សម្រាប់​កសិករ​កម្ពុជា​ក្នុង​ការយកទៅ​ប្រើប្រាស់​។

 
​លោក សេរី​វឌ្ឍន៍ បាន​បន្ថែមថា គម្រោង​ចិញ្ចឹម​គោ​សាកល្បង​ជា​លើកដំបូង​នេះ បានទទួល​ជោគជ័យ​ជា​បណ្ដើៗ​ហើយ ដែល​ចំនួន​គោ​បាន​កើន​ដល់​ចំនួន ១០០​ក្បាល ហើយ​អាច​ផលិត​ទឹកដោះ​បាន​ជាង ៣០០​លីត្រ និង​ជួយផ្តល់​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​ជាង​២០​នាក់​។ បច្ចុប្បន្ននេះ កសិដ្ឋាន​ចិ​ញ្ជឹ​ម​គោ​ខាងលើ​ចំណាយ​ថវិកា​អស់​ជាង ១​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំក្រោយ​រាជបណ្ឌិត្យសភា គ្រោង​ពង្រីក​បន្ថែម ដោយ​ទិញ​គោ​ចំនួន ៣០០​ក្បាល​បន្ថែមទៀត ដើម្បី​ពង្រឹង​ការសិក្សា​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ពង្រីក​ការផ្គត់ផ្គង់​ទឹកដោះគោ​លើ​ទីផ្សារ​ផងដែរ​។ ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​នេះ រាជបណ្ឌិត្យសភា​បាន​រៀនសូត្រ​ច្រើន​ពី​គម្រោង​ចិញ្ចឹម​គោ​យក​ទឹកដោះ​នេះ ការមើល​ថែ​គោ​, ការដាំ​ស្មៅ​, ការយក​ទឹកដោះ​ប្រកបដោយ​សុវត្ថិភាព និង​របៀប​វេច​ខ្ចប់​ជាដើម​។ 

​ដើម្បី​ជ្រាប​ច្បាស់​សូម​ស្តាប់​បទ​សម្ភាស រវាង​លោក ភួង វ៉ាន់​ថា អ្នកសារព័ត៌មាន​ថ្មីៗ និង លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ សមាជិក​នៃ​គម្រោង​ចិញ្ចឹម​គោ​របស់​រាជបណ្ឌិត្យសភា​កម្ពុជា ដូចតទៅ​៖



 
​កសិដ្ឋាន​ចិញ្ចឹម​គោ​របស់​រាជបណ្ឌិត្យសភា​នេះ​គឺ​ស្ថិតនៅ​ឃុំ​ឆែប ២ ស្រុក​ឆែប ខេត្តព្រះវិហារ ក្នុង​តំបន់​ឧទ្យាន​ជាតិ​រាជបណ្ឌិត្យសភាកម្ពុជា​តេ​ជោ​ឫស្សី​ត្រឹប លើ​ផ្ទៃដី​សរុប​ចំនួន ៧០ ហិកតា​។ 
 
​លោក បណ្ឌិត គី សេរី​វឌ្ឍន៍ សង្ឃឹមថា គម្រោង​ច​ញ្ចឹ​ម​គោ​ខាងលើ​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​វិស័យ​កសិកម្ម​ក្នុងប្រទេស​កម្ពុជា តាមរយៈ​ការបោះពុម្ពផ្សាយ​ឯកសារ​ស្រាវជ្រាវ​ខាងលើ និង​ជាពិសេស​ផ្តល់​ផលប្រយោជន៍​ដោយផ្ទាល់​ដល់​ប្រជា​សហគមន៍​ដែល​រស់នៅ​តំបន់​នោះ​ផងដែរ​។ ក្រោយ​បញ្ចប់​គម្រោង​ចិញ្ចឹម​គោ​នេះ រាជបណ្ឌិត្យសភា​នឹង​គ្រោង​សិក្សា​លើ​គម្រោង​ដាំ​ផ្កា និង​ការដាំ​បន្លែ​ផងដែរ​៕  


រូបភាពពីឧទ្យាន ឫស្សីត្រឹប


© រក្សាសិទ្ធិដោយ thmeythmey.com