កីឡាជាតិ
ជាតិ
សិក្ខាកាម៥០ភាគរយជាប់និទ្ទេសមធ្យម ៣០ភាគរយល្អ និង២០ភាគរយបង្គួរក្នុងវគ្គគ្រូបង្វឹកបាល់ទះ លោក Shameen Al Mamun គ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទះមកពីបង់ក្លាដែស, រូបភាពពី PP SEA Games 2023
× វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីបច្ចេកទេសគ្រូបង្វឹកបាល់ទះកម្រិតមូលដ្ឋាន ដែលមានសិក្ខាកាម៣២រូបចូលរួមបានបញ្ចប់ជាស្ថាពរ។ ក្រោយទទួលបានការបណ្តុះបណ្តាលទាំងទ្រឹស្តី និងអនុវត្តជាក់ស្តែងពីអ្នកជំនាញមកពីប្រទេសបង់ក្លាដែស សិក្ខាកាមទទួលបានការវាយតម្លៃខ្ពស់ ចំពោះការយល់ដឹង។
ក្រោយឆ្លងកាត់ការបណ្តុះបណ្តាលទាំងទ្រឹស្តីនិងអនុវត្តរយៈពេល៥ថ្ងៃ លោក Shameen Al Mamun គ្រូឧទ្ទេសមកពីបង់ក្លាដែសប្រចាំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទះកម្រិតមូលដ្ឋាន បានវាយតម្លៃខ្ពស់ចំពោះការយល់ដឹងរបស់សិក្ខាកាមទាំង៣២រូបដែលចូលរួមវគ្គបណ្តុះបណ្តាលនេះ។ សិក្ខាកាម៩រូបស្មើ៣០ភាគរយទទួលបាននិទ្ទេសល្អ ៧រូបស្មើ២០ភាគរយបាននិទ្ទេសល្អបង្គួរ និង១៦រូបស្មើ៥០ភាគរយទទួលបាននិទ្ទេសមធ្យម។
នាយកគ្រូបង្វឹកប្រចាំសហព័ន្ធកីឡាបាល់ទះអន្តរជាតិរូបនេះ រំពឹងថា សិក្ខាកាមទាំងអស់នឹងយកចំណេះដឹង ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅបណ្តុះបណ្តាលនិងចែលរំលែកដល់គ្រូបង្វឹក និងកីឡាករនៅតាមមូលដ្ឋាន ដើម្បីបង្កើនធនធានកីឡាករឲ្យកាន់តែច្រើនសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។
វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីបច្ចេកទេសគ្រូបង្វឹកបាល់ទះកម្រិតមូលដ្ឋានមានសិក្ខាកាម៣២រូបមកពី២០ក្លិបសមាគមទូទាំង២៥រាជធានីខេត្តចូលរួម។ តាំងពីឆ្នាំ១៩៩៦ នេះជាលើកទី៦ហើយ ដែលសហព័ន្ធកីឡាបាល់ទះកម្ពុជាក្រោមគម្រោងវគ្គសិក្សាសាមគ្គីអូឡាំពិក រៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ដោយបានបណ្តុះបណ្តាលសិក្ខាកាមសរុបចំនួន១៣៨នាក់(ស្រី៦នាក់)៕
Tag:
បាល់ទះ
Shameen Al Mamun
© រក្សាសិទ្ធិដោយ thmeythmey.com