លោក ច​ន​សុន គំរាម​បោះឆ្នោត​មុន​អាណត្តិ ដើម្បី​អូស​អង់គ្លេស​ចេញពី​អឺរ៉ុប​
អន្តរជាតិ
លោក ច​ន​សុន គំរាម​បោះឆ្នោត​មុន​អាណត្តិ ដើម្បី​អូស​អង់គ្លេស​ចេញពី​អឺរ៉ុប​
04, Sep 2019 , 12:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ។ រូបភាព AFP
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ។ រូបភាព AFP
​ការចាកចេញ​ពី​សហភាព​អឺរ៉ុប (Brexit) បានធ្វើ​ឲ្យ​អង់គ្លេស​ឈានទៅរក​វិបត្តិ​នយោបាយ​ដ៏​គ្រោះថ្នាក់ ខណៈដែល​ស្ថាប័ន​នីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ​ខ្វែងគំនិត​ថា ត្រូវ​ចាកចេញ​ដោយ​របៀប​ណា​។ លោកនាយក​រដ្ឋមន្ត្រី បូរី​ស ច​ន​សុន នៅ​ថ្ងៃទី​៣ ខែកញ្ញា បានលើកឡើង​ពី​លទ្ធភាព​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ បន្ទាប់ពី​បរាជ័យ​ក្នុងការ​ទប់ស្កាត់​សភា​ពី​ការជជែក​លើ​សំណើ​ពន្យារពេល​ចាកចេញ​ជាថ្មី​។ បក្ស​អភិរក្ស​កំពុងកាន់​អំណាច ក៏​រង្គោះរង្គើ​ព​ញ​រោះ​សមាជិក​បក្ស​ខ្លះ មិន​គាំទ្រ​ជំហរ​លោក ច​ន​សុន ។​

 
៦​សប្ដាហ៍​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរី​ស ច​ន​សុន បាន​រង​បរាជ័យ​ដ៏​អាម៉ាស់​មួយ​។ នា​ការបោះឆ្នោត​ថ្ងៃទី​៣ ខែកញ្ញា សមាជិកសភា​៣២៨ បាន​គាំទ្រ​សំណើ​ជជែក​ពី​សេចក្ដីស្នើច្បាប់​មួយ​ដែល​បង្ខំ​រដ្ឋាភិបាល​លោក ច​ន​សុន ឲ្យ​អឺរ៉ុប​ពន្យារពេល​ចាកចេញ​រយៈពេល​បី​ខែ​ទៀត បើ​ភាគី​មិនអាច​រកបាន​កិច្ចព្រមព្រៀង​ថ្មី​នៅ​ពាក់កណ្ដាល​ខែតុលា​ទេនោះ​។ ការបោះឆ្នោត​លើ​សេចក្ដីព្រាងច្បាប់​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៤ ខែកញ្ញា ហើយ​បើ​ត្រូវអនុម័ត គម្រោង​ចាកចេញ​នៅ​ថ្ងៃទី​៣១ ខែតុលា​ដោយ​គ្មាន​កិច្ចព្រមព្រៀង​របស់លោក ច​ន​សុន នឹងត្រូវ​រលាយ​។ 
 
​ជាការ​ពិត លោក ច​ន​សុន ពិតជា​ជួប​ព្យុះ​ដ៏​ធំ​មួយ ព្រោះ​បក្ស​អភិរក្ស​បាន​បាត់បង់​សំឡេង​ភាគច្រើន​ក្នុង​សភា​ទៅហើយ បន្ទាប់ពី​សមាជិកសភា​មួយរូប​បាន​ចូលរួម​ជា​បក្ស​ដែលមាន​និន្នាការ​គាំទ្រ​អឺរ៉ុប​។ កាន់តែ​ធ្ងន់ធ្ងរ​នោះ សមាជិកសភា​បក្ស​អភិរក្ស​ចំនួន​២១​នាក់​ទៀត  ក៏បាន​ចូល​ដៃ​ជាមួយ​បក្សប្រឆាំង​ដើម្បី​រារាំង​គម្រោង​របស់​ប្រធាន​បក្ស​ខ្លួន​ទៅទៀត​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ថ្លែង​ទៅកាន់​កិច្ចប្រជុំសភា​ក្រោយ​រង​បរាជ័យ លោក ច​ន​សុន បាន​ព្រមាន​ថា លោក​គ្មាន​ជម្រើស​អ្វី​នៅសល់​ទៀតឡើយ ក្រៅពី​ការប្រកាស​រៀបចំ​ការបោះ​ឆ្នោត​មុន​កំណត់​ប៉ុណ្ណោះ​។ លោក ចាត់ទុក​សេចក្ដីព្រាង​របស់ «​សមាជិកសភា​ឧទ្ទាម​» ជាការ​ប្រគល់​ដំណើរការ​ចាកចេញ​ទៅ​ឲ្យ​អឺរ៉ុប​ចាត់ចែង ដែល​ការណ៍​នេះ​បង្ក​ឲ្យ​មានការ​យល់ច្រឡំ​កាន់តែច្រើន និង​ការពន្យារពេល​កាន់​យូរ​ទៀត​។ លោក​គំរាមថា បើ​សភា​គាំទ្រ​សេចក្ដីស្នើច្បាប់​នេះ ការបោះឆ្នោត​មុន​អាណត្តិ​ជា​ច្រកចេញ​តែមួយគត់​។​
 
​យ៉ាងណាមិញ ការប្រកាស​រៀបចំ​ការ​បោះឆ្នោត​មុន​អាណត្តិ​ដើម្បី​រៀបចំ​សភា​ថ្មី​នេះ ក៏​មិនមែនជា​រឿង​ងាយស្រួល​ដែរ​។ លោក ច​ន​សុន ត្រូវបាន​សំឡេង​ពីរភាគបី​ពី​សមាជិកសភា​ទាំងអស់​។ បញ្ហា​នោះ គឺ​លោក ច​ន​សុន គ្មាន​សូម្បី​សំឡេង​ភាគច្រើន​ក្នុង​សភា​ដើម្បី​ដំណើរការ​ប្រចាំថ្ងៃ​ផង​។ បក្ស​ពលករ ដែលជា​ប្រឆាំង​ដ៏​ធំ​នោះ ក៏​មិន​គាំទ្រ​គម្រោង​នេះ​។ ប្រធាន​បក្សប្រឆាំង ជេ​រេ​មី ខ​ប៊ី​ន និយាយថា លោក​ចង់បាន​ការបោះឆ្នោត ប៉ុន្តែ​ចង់​អនុវត្ត​គម្រោង​ពន្យារពេល​ចាកចេញ​សិន​។ 
 
​ពាក់ព័ន្ធ​សមាជិកសភា​២១​នាក់​ដែល​ធ្វើ​ឲ្យ​លោក ច​ន​សុន ក្ដៅស្លឹកត្រចៀក​វិញ ពួកគេ​នឹងត្រូវ​បណ្ដេញ​ចេញពី​បក្ស​មិន​ខាន​។ អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ហ្វី​លី​ព ហា​ម៉ុ​ន (Philip Hammond) និង​ចៅប្រុស​បង្កើត​អតីត​នាយករដ្ឋមន្ត្រី វីន​ស្តុ​ន ឆឺ​ឈី​ល និង​សមាជិកសភា​កាន់តំណែង​យូរ​ជាងគេ ស្ថិតក្នុង​ចំណោម​សមាជិក​ឧទ្ទាម​ទាំង​២១​នាក់ និង​កំពុង​ជា​មុខសញ្ញា​បណ្ដេញ​ចេញពី​បក្ស​អភិរក្ស​ដូច​លោក ច​ន​សុន បាន​ព្រមាន​ទុក​តែម្ដង​៕  

Tag:
 Brexit
  Boris Johnson
  អឺរ៉ុប​
© រក្សាសិទ្ធិដោយ thmeythmey.com