ជាតិ
ពីនេះ ពីនោះ
«​បាតុភូត​, អភូត និង​អព្ភូត​» មានន័យ​ខុសគ្នា​បែបណា​?
30, Aug 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«​បាតុភូត​» មានន័យ​ខុសពី «​អភូត​» ហើយក៏​មានន័យ​ខុសពី «​អព្ភូត​»​ផងដែរ​។ នេះ​បើតាម​យោងតាម​វចនានុក្រម​សម្តេច ជួន ណាត​។


 
«​បាតុភូត​» ជា​ភាសាបាលី ដែល​ផ្សំគ្នា​រវាង​ពាក្យ បា​តុ និង​ភូត ដែល​មានន័យថា ហេតុដែល​កើតមានឡើង​យ៉ាង​ប្រាកដ​ជាក់ស្តែង​។ ហេតុដែល​កើតឡើង​ដោយ​ឯងៗ ដោយ​ធម្មជាតិ ដែលជា​គួរ​ឲ្យ​ត្រិះរិះ​ពិចារណា​មើល ដូច​ជាការ​កក្រើក​ផែនដី​ជាដើម​។ ពាក្យ​«​បាតុភូត​» សំដៅលើ​មនុស្ស សត្វ ឬ​វត្ថុ​ផ្សេងៗ​ដែលមាន​អាការ​មួយ​ចម្លែក​អស្ចារ្យ​ពី​ធម្មតា​។ ឧទាហរណ៍​៖ ផ្កាយដុះកន្ទុយ​ជា​បាតុភូត​មួយ​ក្នុង​សកលលោក​។ 
 
​អ្វីមួយ​ដែល​មិនកើត មិនមាន ដែល​មិន​ពិត មិនមែន ពុំ​ប្រាកដ នោះ​គឺជា​និយមន័យ​ពាក្យ​«​អភូត​»​។ ពាក្យ​អភូត គឺ​មានន័យថា ពាក្យ​មិន​ពិត ខ្មែរ​ប្រើ​ជា​ពាក្យ ភូត មានន័យថា មិន​ពិត​។ ពាក្យ​«​អភូត​» អាច​ប្រើ​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ ដែលមាន​ពាក្យ អភូតការណ៍  គឺ​ហេតុការណ៍​មិន​ពិត​,​អភូតបុព្វ ដែល​មិន​ធ្លាប់មាន​, អភូតវាចា សម្តី​មិន​ពិត​។​
 
​ចំណែក​«​អព្ភូត​»​សរសេរ​ជា​បាលី និង​សំស្ក្រឹត​«​អ​ទ្ភុ​ត​»  ដែល​មានន័យថា ចម្លែក ឬ​អស្ចារ្យ​។ ពាក្យ​នេះ​ប្រើ​ជាមួយ​ពាក្យ​ដទៃ មានដូចជា អព្ភូតហេតុ គឺ​ហេតុ​ចម្លែក​, អព្ភូតភណ្ឌ គឺ​របស់​ចម្លែក​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com