អត្ថបទពាណិជ្ជកម្ម
ក្រុមនិស្សិត​សកលវិទ្យា​ល័យ​ន័​រ​តុ​ន បាន​មេដាយមាស​២ និង​ពានរង្វាន់​ជាច្រើន​ពី​ក្រុង​ឡុង​ដ៍​
04, Sep 2019 , 5:33 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​២៩ ដល់ទី​៣០ ខែសីហា ឆ្នាំ​២០១៩ ក្រុមនិស្សិត​សាកលវិទ្យាល័យ “​ន័​រ​តុ​ន​” បាន​ចូលរួម​ក្នុង​កម្មវិធី​ដាក់​បង្ហាញ និង​ប្រកួត​ស្នាដៃ​បង្កើត​ថ្មី​របស់​និស្សិត​នៅ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស ដោយ​ទទួលបាន​មេដាយមាស​២ និង​ពានរង្វាន់​ជាច្រើន​ទៀត​។​
 
​នា​កម្មវិធី «​ដាក់​បង្ហាញ និង​ប្រកួត​ស្នាដៃ​បង្កើត​ថ្មី​របស់​និស្សិត​នៅ​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស​» តំណាង​គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និង​និស្សិត​ផ្នែក​កុំព្យូទ័រ​នៃ​សាកលវិទ្យាល័យ “​ន័​រ​តុ​ន​” បានបង្ហាញ​វត្តមាន​ក្នុង​អ្នកចូលរួម​ប្រមាណ​១០០០​នាក់​មកពី​៣០​ប្រទេស​។​


 
​អ្នកចូលរួម និង​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​និស្សិត​អន្តរជាតិ​នេះ មកពី​បណ្តា​ប្រទេស​មួយចំនួន ដូចជា អូទ្រីស​, ចិន​, ក្រូ​អាស៊ី​, អេ​ហ្ស៊ី​ប​, បារាំង​, ហ្គា​ណា​,​ឥណ្ឌា​, ឥណ្ឌូណេស៊ី​, អ៊ីរ៉ង់​, អ៊ីរ៉ាក់​, អ៊ីតាលី​, ជប៉ុន​, លី​ទុយ​អា​នី​, ម៉ាឡេស៊ី​, ម៉ា​រ៉ុ​ក​, ហូ​ឡង់​, ហ្វីលីពីន​, ប៉ូឡូញ​, រ៉ូ​ម៉ា​នី​, ស៊ូដង់​, តៃវ៉ាន់​, ថៃ​, ចក្រភព​អង់គ្លេស​, សហរដ្ឋអាមេរិក​, អ៊ូ​ស​បេ​គីស​ស្ថាន​, និង​យេ​ម៉ែន​។ 
 
​ក្រុម​ពី​តំណាង​ប្រទេស​ទាំងអស់​បាន​បង្កើត​នូវ​គម្រោង​ខាង​ផ្នែក​វិទ្យាសាស្ត្រ​ព័ត៌មានវិទ្យា​ស្ដីពី «​ការបង្កើត​ថ្មី និង​ភាព​ច្នៃប្រឌិត​» សរុប​១៥០​គម្រោង ដោយ​ផលិតផល​ទាំងនោះ​បង្កើតឡើង​ដើម្បី​បម្រើ​ជា​ផលប្រយោជន៍​សង្គមជាតិ មនុស្សជាតិ និង​សហគមន៍​ខាង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ទំនើប​ចុងក្រោយ​គេ​បង្អស់​។​


 
​នា​ថ្ងៃ​ចាប់ដំណើរការ​ប្រកួតប្រជែង​គ្នា លោកជំទាវ​បណ្ឌិត សឿង រដ្ឋ​ចា​វី អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​អង់គ្លេស​បាន​អញ្ជើញ​ចូលរួម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត  ព្រមទាំង​លើកទឹកចិត្ត​ដល់​ក្រុម​ដែល​តំណាង​ពី​កម្ពុជា បានទទួល​ជ័យលាភី​។ 
 
​ជាមួយគ្នា​នោះ​ផងដែរ លោកជំទាវ​បណ្ឌិត​អគ្គរាជទូត​បានផ្តល់​សារ​លើកទឹកចិត្ត​ថា​៖  «​គ្មាន​អ្វីដែល​ខ្មែរ​យើង​ធ្វើ​មិនបាន ឬ​ធ្វើ​វា​មិនកើត​នោះឡើយ​។ ខ្មែរ​យើង​មាន​ធនធានមនុស្ស​ជំនាន់​ក្រោយៗ​ពិតជា​ពូកែ និង​ឆ្លាត​វៃ​ណាស់​»​។ សូមឱ្យ​កូន​ខ្មែរ​បន្ត​ខិតខំ​រៀនសូត្រ ឲ្យ​ចេះ​ពិតប្រាកដ ដើម្បី​ចូលរួម​គិត​ទាំងអស់គ្នា​ក្នុងការ​បង្កើត​ថ្មី ខុសប្លែក​ពី​គេ​សម្រាប់​បម្រើ​ការងារ​សង្គម និង​ប្រទេស​កម្ពុជា​របស់​យើង​»​។​
 
​គួររំលឹកថា ផ្នែក​កុំព្យូទ័រ​វិទ្យា​នៃ​សាកលវិទ្យាល័យ ”​ន័​រ​តុ​ន​” បានទទួល​មេដាយ និង​ពានរង្វាន់​ពិសេស​ដូចខាងក្រោម​៖
 
-​មេដាយមាស​ចំនួន​២​ពី​ប្រទេស​អង់គ្លេស​
-​ពានរង្វាន់ Platinum ចំនួន​១​ពី​ប្រទេស​អង់គ្លេស​
-​ពានរង្វាន់ WIIPA Grade Award ចំនួន​១ ពី​ប្រទេស​តៃវ៉ាន់​
-​ពានរង្វាន់​ពិសេស​ចំនួន​៩​ពី​ប្រទេស​បណ្តា​ប្រទេស​ដែល​បាន​ចូលរួម​ផងដែរ​៕



(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com