អភិបាលខេត្ត​៖ បែប​ឈ្មួញ​គិតថា យកមក​លាក់​នៅ​កំពង់ស្ពឺ អត់​មាន​អ្នក​ចាប់អារម្មណ៍​
ជាតិ
អភិបាលខេត្ត​៖ បែប​ឈ្មួញ​គិតថា យកមក​លាក់​នៅ​កំពង់ស្ពឺ អត់​មាន​អ្នក​ចាប់អារម្មណ៍​
04, Sep 2019 , 5:56 pm        
រូបភាព
រូបពីរដ្ឋបាលខេត្តកំពង់ស្ពឺ
រូបពីរដ្ឋបាលខេត្តកំពង់ស្ពឺ
​ភ្នំពេញ​៖  រដ្ឋបាលខេត្ត​កំពង់ស្ពឺ បាន​រកឃើញ​ឈើ​ហ៊ុ​ប​ចំនួន ១២ កំណាត់​ធំៗ និង​រថយន្ត​ប៉ា​កុង​ចំនួន​៣​គ្រឿង​របស់​ឈ្មួញ​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​៣-៤ ខែកញ្ញា ក្នុងស្រុក​ឱ​រ៉ា​ល់​។​


 
​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ អះអាងថា ឈើ​ហ៊ុ​ប​ធំៗ​ទាំងនេះ គឺ​កាប់​ចេញពី​ខេត្ត​ផ្សេង មក​លាក់ទុក​ក្នុង​ទឹកដី​កំពង់ស្ពឺ​។ លោក​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​កំពង់ស្ពឺ​អត់​មាន​ប្រភេទ​ឈើ​ធំ​អ៊ីចឹង​ទេ ដោយសារ​តំបន់​របស់​យើង​ជា​តំបន់ភ្នំ​មាន​ថ្មរ​ច្រើន មាន​ដុះ​ឈើ​ប្រណីត​បេង ធ្នង់ ដែរ តែ​អត់​មាន​មុខធំ​អ៊ីចឹង​ទេ​»​។ បើតាម​លោក វ៉ី សំណាង ឈើ​ទាំង​១២ កំណាត់​នេះ ជា​ប្រភេទ​ឈើ​គគី និង​ម្រេញ ដែលមាន​មុខកាត់​ជា​មធ្យម ១​ម៉ែត្រ ហើយ​កំណាត់ឈើ​ទាំងនោះ​មាន​ប្រវែង​៤​ម៉ែត្រ ៥​ម៉ែត្រ និង​៧​ម៉ែត្រ ដែល​លោក​សង្ស័យថា​អាច​ដឹក​មកពី​ខេត្តពោធិ៍សាត់​។​
 
​មូលហេតុ​អ្វី​ឈ្មួញ​ដឹកឈើ​យកមក​លាក់​នៅ​កំពង់ស្ពឺ​? លោក វ៉ី សំណាង ឆ្លើយតប​ដូច្នេះ​ថា​៖«​បើតាម​ខ្ញុំ​មើល​ស្ថានភាព គឺ​កំពង់ស្ពឺ​មិនដែល​មាន​ឈើ​ធំៗ អ៊ីចឹង​ពួក​ហ្នឹង​(​ឈ្មួញ​) បែប​គិតថា​យកមក​លាក់​នៅទីនេះ អត់​មានការ​ចាប់អារម្មណ៍ អត់​មាន​អ្នកណា​មករក​ទេ​»​។​
 
​អភិបាលខេត្ត​កំពង់ស្ពឺ​រូបនេះ បញ្ជាក់ថា ឈើ​ទាំងនេះ​នឹងត្រូវ​រក្សាទុក​នៅ​សាលាខេត្ត ហើយ​លោក​បាន​បញ្ជា​ឲ្យ​វែកមុខ​ជន​ពាក់ព័ន្ធ​នឹង​បទល្មើស​ឈើ​ខាងលើនេះ​ដើម្បី​ចាត់ការ​តាមច្បាប់​៕
 
រូបពីរដ្ឋបាលខេត្តកំពង់ស្ពឺ









Tag:
 ឈើ​
  វ៉ី សំណាង​
© រក្សាសិទ្ធិដោយ thmeythmey.com