អន្តរជាតិ
ជនរងគ្រោះ​ដោយសារ​ការជួញដូរ​ម​នុស្ស​នៅ​នី​ហ្សេ​រី​យ៉ាក​សាង​ជីវិត​ថ្មី​ឡើងវិញ​
05, Sep 2019 , 10:19 pm        
រូបភាព
រូបឯកសារ៖ ជន​រងគ្រោះ​នៃ​អំពើ​ជួញ​ដូរ​ម​នុស្ស​នៅ​ប្រទេស​លីប៊ី កំពុង​ដេរ​សម្លៀក​បំពាក់​នៅ​តំបន់ Benin រដ្ឋ Edo ប្រទេស​នីហ្សេរីយ៉ា កាល​ពី​ឆ្នាំ ២០១៦។
រូបឯកសារ៖ ជន​រងគ្រោះ​នៃ​អំពើ​ជួញ​ដូរ​ម​នុស្ស​នៅ​ប្រទេស​លីប៊ី កំពុង​ដេរ​សម្លៀក​បំពាក់​នៅ​តំបន់ Benin រដ្ឋ Edo ប្រទេស​នីហ្សេរីយ៉ា កាល​ពី​ឆ្នាំ ២០១៦។
ដោយ: VOA
​អា​ប៊ូ​ហ្សា ៖ ទីភ្នាក់ងារ​ប្រឆាំង​ការជួញដូរ​មនុស្ស​រប​ស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​កំពុង​ធ្វើ​មាតុភូមិនិវត្តន៍ និង​ការតាំង​ទីលំនៅ​ឡើងវិញ​ចំពោះ​ស្ត្រី​ដែល​រងគ្រោះ​ដោយសារ​ពលកម្ម​ដោយ​បង្ខំ និង​អំពើ​ពេស្យាចារ ក្រោយពី​ត្រូវបាន​គេ​ជួញដូរ​ទៅកាន់​ទ្វីបអឺរ៉ុប ដោយ​ការសន្យា​បោកប្រាស់​ថា​នឹង​ផ្ដល់​ការងារ​ប្រាក់ខែ​ល្អ​ឲ្យ​ធ្វើ​។​

 
​ស្ត្រី​នី​ហ្សេ​រី​យ៉ា​រាប់ពាន់នាក់​ត្រូវបាន​គេ​ជួញដូរ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ទោះបីជា​អ្នកខ្លះ​មានសំណាង​អាច​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​របស់ខ្លួន​វិញ​ក៏ដោយ​។​
 
​សម្រាប់​នាង Beatrice អាយុ ៣៥ ឆ្នាំ វា​គឺជា​ការផ្ដល់​ឲ្យ​ដ៏​ល្អ​មួយ​ដែល​នាង​មិនអាច​មិន​ទទួលយក​មិនបាន ដែល​នោះ​គឺ​ការធ្វើការ​នៅឯ​កសិដ្ឋាន​ដ៏​ធំ​មួយ​នៅ​ប្រទេស​អ៊ីតាលី ដែល​ពួក​អ្នកជួញដូរ​មនុស្ស​បាន​ប្រាប់​នាង​កាលពី​ឆ្នាំ ២០១៣​។​
 
​នាង​យល់ព្រម​ទទួលយក​ការផ្ដល់​ឲ្យ​ដែលជា​អន្ទាក់​នេះ ដោយ​គិតថា នាង​អាចជួយ​ឪពុកម្ដាយ​របស់​នាង​ឲ្យ​រួច​ផុតពី​ភាពក្រីក្រ​បាន ដោយ​ការធ្វើការ​នៅឯ​បរទេស​។​
 
​ប៉ុន្តែ​ផ្ទុយទៅវិញ បន្ទាប់ពី​ត្រូវបាន​គេ​ជួញដូរ​ទៅដល់​ប្រទេស​អ៊ីតាលី​ក្រោម​ស្ថានភាព​ធ្វើដំណើរ​យ៉ាង​លំបាកលំបិន​មក នាង​ត្រូវបាន​គេ​បង្ខំ​ឲ្យ​ធ្វើជា​ស្ត្រី​រកស៊ី​ផ្លូវភេទ​ដើម្បី​រកប្រាក់​ឲ្យ​ពួក​អ្នក​ដែល​ជួញដូរ​នាង​។​
 
​នាង Beatrice និយាយ​ដូច្នេះ​ថា​៖ «​មិត្ត​ភ័ក្ដិ​របស់ខ្ញុំ​ម្នាក់​បាន​ណែនាំ​ខ្ញុំ​ដោយ​និយាយថា សូម​មើល​កន្លែង​នេះ​ចុះ អ្នកនឹង​ធ្វើការ​នៅឯ​កសិដ្ឋាន​នៅ​ទីនោះ​។ គាត់​មិនបាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​ធ្វើជា​ស្ត្រី​រកស៊ី​ផ្លូវភេទ​នោះទេ​។ ដូច្នេះ ខ្ញុំ​បាន​និយាយថា ខ្ញុំ​ចង់​ធ្វើការ​នៅឯ​កសិដ្ឋាន​នោះ​។ នៅ​ទីបំផុត យើង​បានធ្វើ​ដំណើរ​ឆ្លងកាត់​ប្រទេស​លី​ប៊ី ដោយ​ជិះ​តាម​នាវា​។ មនុស្ស​ជាច្រើន​នាក់​បាន​ស្លា​ប‍់​»​។​
 
​នាង Beatrice នៅ​ទីនោះ​រយៈពេល ៤ ឆ្នាំ​។ នាង​មកពី​រដ្ឋ Edo នៅ​ភាគខាងត្បូង​ប្រទេស​នី​ហ្សេ​រី​យ៉ា​។ រដ្ឋ​នេះ​ត្រូវគេ​ដឹងថា​ជា​រដ្ឋ​ដែលមាន​ស្ត្រី​ជាច្រើន​ត្រូវបាន​គេ​ជួញដូរ​។​
 
​ស្ត្រី​ជាង ១ ម៉ឺន ១ ពាន់​នាក់​នៃ​ក្រុម​ស្ត្រី​ដែល​ត្រូវគេ​ជួញដូរ​នេះ ត្រូវគេ​ប៉ាន់ប្រមាណ​ថា​កំពុងធ្វើការ​ជា​ទាសករ​ផ្លូវភេទ​នៅក្នុង​ប្រទេស​អ៊ីតាលី​។​
 
​នាង Beatrice និយាយថា ការឈឺចាប់​របស់​នាង​គឺ​មិនអាច​ទ្រាំ​បាន​នោះទេ​។​
 
​នាង​បញ្ជាក់​ដូច្នេះ​ថា​៖ «​ប្រសិនបើ​អ្នករក​លុយ​មិន​បានទេ ពួកគេ​នឹង​វាយដំ​អ្នក ឬក៏​ធ្វើបាប​តាម​វិធី​ផ្សេងៗ​។ ពួកគេ​នឹង​ញី​ម្ទេស​ស្រស់ៗ​លើ​ភ្នែក​របស់​អ្នក​។ ពួកគេ​ឲ្យ​យើង​ដាក់​ម្ទេស​នោះ​ចូលក្នុង​ប្រដាប់ភេទ​របស់​យើង​។ ទោះបីជា​អ្នក​មក​រដូវ​ក៏ដោយ ក៏​អ្នក​ត្រូវតែ​ចេញទៅ​ធ្វើជា​អ្នករកស៊ី​ផ្លូវភេទ​ដែ​រ‍​»​។​
 
​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់ថា ស្ត្រី​មាន​ចំនួន​ជាង​ពាក់កណ្ដាល​នៃ​មនុស្ស​រាប់ពាន់នាក់ ដែល​ត្រូវបាន​គេ​ជួញដូរ​ពី​ទ្វីបអាហ្វ្រិក​ទៅកាន់​ទ្វីបអឺរ៉ុប​ជា​រៀងរាល់ឆ្នាំ​។​
 
​ប៉ុន្តែ បុរស​នី​ហ្សេ​រី​យ៉ា​ក៏​ជា​ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ផងដែរ​។​
 
​លោក Chukwuemeka Asiegbu អាយុ ៤៥ ឆ្នាំ បាន​ចំណាយពេល ៦ ឆ្នាំ នៅ​ប្រទេស​លី​ប៊ី និង​បាន​រត់គេច​ប៊ិះ​នឹង​អស់​ជីវិត​។ បន្ទាប់ពី​លោក​បាន​ត្រឡប់​ទៅដល់​ប្រទេស​នី​ហ្សេ​រី​យ៉ា​វិញ លោក​បានចាប់ផ្ដើម​បង្កើត​ក្រុម​តស៊ូ​មតិ​មួយ​ដើម្បី​សិទ្ធិ​របស់​ជនរងគ្រោះ​ដោយសារ​ការជួញដូរ​។​
 
​លោក Chukwuemeka Asiegbu និយាយ​ដូច្នេះ​ថា​៖ «​អ្នកជួញដូរ​មនុស្ស​ធ្វើ​អ្វី​ដើម្បី​បំពេញតម្រូវការ​ខ្លួនឯង​។ តើ​វា​មិន​ប៉ះពាល់​ដល់​អ្នកដទៃ​មែន​ទេ​? តាមពិត យើង​រកឃើញថា ការជួញដូរ​មនុស្ស​គឺ​ប៉ះពាល់​ដល់​អ្នកដទៃ​។ វា​ជា​រោគរាតត្បាត​។ វា​ជា​មហន្តរាយ ដោយសារតែ​អ្នកជួញដូរ​មនុស្ស​បំពេញតម្រូវការ​ខ្លួនឯង ទោះបីជា​ធ្វើ​ឲ្យ​ខូចប្រយោជន៍​ដល់​ជីវិត​រស់នៅ​របស់​អ្នកដទៃ​ក៏​ដោ​យ‍​»​។​
 
​ទីភ្នាក់ងារ​ប្រឆាំង​ការជួញដូរ​មនុស្ស​រប​ស់​ប្រទេស​នី​ហ្សេ​រី​យ៉ា ដែល​ហៅ​កាត់​ថា NAPTIP ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០៣ ដើម្បី​ដោះស្រាយ​បញ្ហា​ជួញដូរ​មនុស្ស​នេះ​។​
 
​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ទីភ្នាក់ងារ​នេះ​សម្រេចបាន​កិច្ចការ​មួយចំនួន​នៅក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍ និង​ការតាំង​ទីលំនៅ​ឡើងវិញ​ដល់​ជនរងគ្រោះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Arinze Orakwe ប្រធាន​ផ្នែក​អប់រំ​សាធារណៈ​នៃ​ទីភ្នាក់ងារ​ប្រឆាំង​ការជួញដូរ​មនុស្ស​រប​ស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​។​
 
​លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​ការជួញដូរ​មនុស្ស​ជា​អំពើ​ឧក្រិដ្ឋ​ដែល​ធ្វើ​ឲ្យ​ប្រទេស​នី​ហ្សេ​រី​យ៉ា​មានកេរ្តិ៍ឈ្មោះ​មិនល្អ​។ វា​ជា​អំពើ​ឧក្រិដ្ឋ​ដែល​ពួកយើង​គ្មាន​មោទនភាព​ជាមួយ​នោះទេ​។ រដ្ឋាភិបាល​គិតថា រឿងរ៉ាវ​នៃ​ការជួញដូរ​មនុស្ស​នេះ​គឺជា​រឿង​សំខាន់ ដែល​យើង​ត្រូវតែ​រក​ដំណោះស្រាយ​ចំពោះ​រឿង​ន‍េះ​»​។​
 
​ដោយមាន​ជំនួយ​ពី​ទីភ្នាក់ងារ​ប្រឆាំង​ការជួញដូរ​មនុស្ស ជនរងគ្រោះ​ដូចជា​នាង Beatrice ជាដើម កំពុង​ចាប់ផ្ដើម​ជីវិត​ជាថ្មី​ឡើងវិញ បន្ទាប់ពី​ទទួលបាន​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ផ្សេងៗ​។ ឥឡូវនេះ នាង Beatrice មាន​ហាង​លក់​ម្ហូបអាហារ​ផ្ទាល់ខ្លួន​នៅឯ​ស្រុកកំណើត​របស់​នាង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com