FIFA
កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ កម្ពុជា និង ហុងកុង បាន​១ពិន្ទុ ក្រោយលទ្ធផលស្មើ ១-១
05, Sep 2019 , 8:23 pm        
រូបភាព
ការប្រកួតនេះ មានអ្នកទៅទស្សនាផ្ទាល់ជាង​៤៩០០០នាក់។ ថតដោយ ប៉ាន់ បូនី
ការប្រកួតនេះ មានអ្នកទៅទស្សនាផ្ទាល់ជាង​៤៩០០០នាក់។ ថតដោយ ប៉ាន់ បូនី
ដោយ: ថ្មីៗ
​កែវ សុខ​ផេង បាន​ស៊ុត​បាល់​បញ្ចូល​ទី​តាម​ស្មើ​ហុងកុង ១-១ បន្ទាប់ពី​ក្រុម​ភ្ញៀវ​ហុងកុង​បាន​នាំមុខ​ដែល​សម្រេច​ដោយ Chun Lok Tan សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​ក្នុង​ពូ​ល C នៃ​ព្រឹត្តិការណ៍ FIFA World Cup 2022 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយមានអ្នកទស្សនាជាង​៤៥០០០នាក់​។ គ្រាប់បាល់បញ្ចូលទីសុទ្ធតែបាន​កើតឡើងនៅតង់ទីមួយ។ ​



​នៅ​នាទី​ដំបូង ហុងកុង បានធ្វើ​ឲ្យ​អ្នកគាំទ្រ​កម្ពុជា​ស្លុត​យ៉ាងខ្លាំង ដោយ Ju Yingzhi មានឱកាស​ទាត់​បាល់​ពិន័យ​ពី​ចម្ងាយ ហើយ Andy Rusell ដែល​រង់ចាំ​នៅ​តំបន់​គ្រោះថ្នាក់ បាន​លោត​តែ​ត​ខុស​គោលដៅ​។ ៥​នាទី​ក្រោយមក  Chun Lok Tan បានធ្វើ​ឲ្យ ហូ​យ ផល្លី​ន ដួល បន្ទាប់មក កែវ សុខ​ផេង បាន​ទាត់​បាល់​ពិន័យ ហើយ​ខ្សែការពារ​ហុងកុង បាន​រារាំង ឆេង ម៉េង សម្រាប់​ការស្វែងរក​ឱកាស​ឲ្យ​កម្ពុជា​។​

Wai Keung Chung និង Chun Lok Tan បានផ្តល់​ការ​មមាញឹក​សម្រាប់​ខ្សែការពារ​កម្ពុជា​។ នៅ​នាទី​១៤ ហូ​យ ផល្លី​ន ទទួលបាន​កាត​លឿង ដោយសារ​បង្កកំហុស​លើ​ខ្សែការពារ Tsui Wang Kit​។

គ្រាប់​បាល់​នាំមុខ​របស់​ក្រុម​ភ្ញៀវ បានកើត​ឡើង​នៅ​នាទី​១៦ ដែល​សម្រេចបាន​ដោយ Chun Lok Tan​។ ខ្សែបម្រើ​វ័យ​២៣​ឆ្នាំ​រូបនេះ មានឱកាស​ឆាប​បាល់ បន្ទាប់ពី​ប្រធាន​ក្រុម សឿ​យ វិសាល បាត់បង់​ជំហរ ដោយសារ​ព្យាយាម​រារាំង Ha James​។​

​គិត​ត្រឹម​នាទី​២៨ ហូ​យ ផល្លី​ន មានឱកាស​ទាត់​ទៅ​តំបន់​គ្រោះថ្នាក់​ដល់​ទៅ​ពីរលើក ប៉ុន្តែ​អ្នកចាំទី​ហុងកុង Yapp Hung Fai បំពេញ​តួនាទី​បាន​យ៉ាង​ល្អ​ក្នុងការ​សង្គ្រោះ​បាល់​។​

​នៅ​នាទី​៣១ កម្ពុជា​បានទទួល​កាត​លឿង​លើក​ទី​ពីរ ដោយសារ សុះ ស៊ូ​ហា​ណា លើកជើង​ខ្ពស់​ជ្រុល ហើយ​ចំ​លើ​ផ្ទៃមុខ​របស់ Huang Yang​។​

​ក្តីរំភើប​បានកើត​ឡើង​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​នៅ​នាទី​៣៣ ដោយ សេត រ៉​ស៊ី​ប បាន​បញ្ជូន​បាល់​យ៉ាង​ល្អ​ទៅ កែវ សុខ​ផេង ដើម្បី​តាម​ក្នុង​លទ្ធផល​ស្មើ ១-១ សម្រាប់​កម្ពុជា​។​




១០​នាទី​ដំបូង​ក្រោយ​សម្រាក​តង់ ក្រុម​ទាំងពីរ បាន​វាយលុក​គ្នា​ទៅវិញទៅមក​។ ឈាន​នាទី​៥៧ សៀង ច​ន្ធា បាន​ចូល​ជំនួស ហូ​យ ផល្លី​ន ក្រោម​សំឡេង​សាទរ​ពេញ​ពហុ​កីឡដ្ឋាន​ជាតិ​។



នៅ​នាទី​៦០ អ៊​ន ចាន់​ប៉ូ​លីន បញ្ជូន​បាល់​ឲ្យ សុះ ស៊ូ​ហា​ណា ប៉ុន្តែ​ហា​ណា អស់​ជំហរ ដែល​ធ្វើ​ឲ្យ​ខ្សែការពារ​ហុងកុង​ទាត់​ចេញទៅ​ក្រៅ​។ គួច សុគ​ម្ភៈ បាន​បញ្ជូនទៅ សេត រ៉​ស៊ី​ប មួយទៀត​ផងដែរ ប៉ុន្តែ​មិនបាន​សម្រេច​ផល​ឡើយ​។​ នៅ​នាទី​៦៨ គួច ដា​នី ចូល​ជំនួស សុះ ស៊ូ​ហា​ណា​។

នៅនាទី​៧៥ គួច សុគម្ភៈ បាន​បញ្ជូនឲ្យ សៀង ចន្ធា។ កីឡាករ​វ័យក្មេង​ជាងគេ បាន​បញ្ជូនបាល់ទៅតំបន់គ្រោះថ្នាក់ ប៉ុន្តែការស៊ុតរបស់គេ នាំឲ្យបាល់ហើទៅប៉ះនឹងរបាទី។ នៅនាទី​៨០ អ៊ុក សុវណ្ណ បានទាត់​​បាល់ចេញពីតំបន់គ្រោះថ្នាក់ ក្រោយការតែតរបស់កីឡាករហុងកុង។

នៅនាទី៨៥ សុគម្ភៈ​ បាន​លើកខ្ពស់ទៅឲ្យ ចន្ធា ប៉ុន្តែខ្សែការពារ​របស់ហុងកុង បាន​រារាំងមិនឲ្យចន្ធា មានឱកាសស៊ុតនោះឡើយ។ បន្ទាប់មកទៀត គួច ដានី ក៏មានឱកាសមួយដែរ ប៉ុន្តែ​ការទាត់ខុសគោលដៅ។

នៅនាទី​៨៨ Ha James មានឱកាសមាសនៅមុខទីកម្ពុជា ប៉ុន្តែសុគម្ភៈ បាន​ទៅរារាំងទាន់ពេល។

ការប្រកួត​បានបញ្ចប់​ក្នុងលទ្ធផលស្មើ ១-១។ សម្រាប់កម្ពុជានេះជាការ​ទទួលបាន​ពិន្ទុ​លើកដំបូងផងដែរ សម្រាប់ការប្រកួតជុំទីពីរក្នុងព្រឹត្តិការណ៍ជម្រុះ World Cup ខណៈការប្រកួតជម្រុះចុងក្រោយ ពួក​គេបាន​ចាញ់ទាំង​៨ប្រកួតនៅ​ក្នុងពូល។



​ជម្រើស​កម្ពុជា​៖ កែវ សុខ​សិលា (​អ្នកចាំទី​), ហូ​យ ផល្លី​ន (សៀង ចន្ធា ៥៧)​, ឆេង ម៉េង​, សុះ ស៊ូ​ហា​ណា​ (គួច ដានី ៦៨), កែវ សុខ​ផេង (រ៉ឹង ប៊ុនហៀង ៨៤)​, គួច សុគ​ម្ភៈ​, អ៊​ន ចាន់​ប៉ូ​លីន​, សេត រ៉​ស៊ី​ប​, សារ៉េត គ្រី​យ៉ា​, ប្រធាន​ក្រុម សឿ​យ វិសាល​,  អ៊ុក សុវណ្ណ​៕




Tag:
 ជម្រើសជាតិកម្ពុជា
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com