អន្តរជាតិ
នាយករដ្ឋមន្ត្រីកាណាដា៖ ចិនប្រើការចាប់ខ្លួនជនជាតិដទៃ ជាឧបករណ៍នយោបាយ
× នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ នៅថ្ងៃទី៥ ខែកញ្ញា បានចោទទីក្រុងប៉េកាំង ថា យកការចាប់ខ្លួនជនជាតិបរទេសជាឧបករណ៍បម្រើនយោបាយរបស់ខ្លួន។ ការចោទប្រកាន់របស់លោក ទ្រូដូ ទំនងជាធ្វើឲ្យចំណងការទូតរវាងកាណាដា និងចិនកាន់តែស្មុគស្មាញថែមទៀត ខណៈភាគីទាំងពីរទើបបានតែងតាំងអគ្គរដ្ឋទូតប្រចាំប្រទេសគ្នាទៅវិញទៅមក។ បើតាមលោក ទ្រូដូ បស្ចិមប្រទេសខ្លះទៀត ក៏មិនពេញចិត្តនឹងទង្វើបែបនេះដែរ។
ទំនាក់ទំនងរវាងកាណាដា និងចិនបានធ្លាក់ចុះដល់កម្រិតទាបគួរឲ្យកត់សម្គាល់ ក្រោយប៉ូលិសកាណាដាចាប់ខ្លួនមន្ត្រីក្រុមហ៊ុន Huawei តាមសំណើរបស់អាមេរិក។ ៩ថ្ងៃក្រោយ ទីក្រុងប៉េកាំង ក៏ចាប់ខ្លួនជនជាតិកាណាដាពីរនាក់វិញក្រោមបទចោទពាក់ព័ន្ធសន្តិសុខជាតិ ប៉ុន្តែកាណាដាផ្ទាល់ និងប្រទេសជាច្រើនទៀតចាត់ទុកការចាប់ខ្លួននេះ ជាការសងសឹកប៉ុណ្ណោះ។ ក្រុងប៉េកាំងក៏ធ្លាប់និយាយដែរថា ដើមហេតុនៃបញ្ហា គឺការចាប់ខ្លួនមន្ត្រី Huawei Meng Wanzhou ។
ជនជាតិកាណាដាទាំងពីរ ស្ថិតក្នុងចំណោមជនបរទេសមួយចំនួនទៀតដែលត្រូវបានចាប់ខ្លួនក្នុងករណីស្រដៀងគ្នានេះដែរ។ នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ បានរិះគន់ទីក្រុងប៉េកាំង ដែលប្រើប្រាស់ជនបរទេសដើម្បីកេងចំណេញ។ លោក ទ្រូដូ ប្រាប់សារព័ត៌មានកាណាដា Toronto Star ថា ការយកការចាប់ខ្លួនដោយបង្ខំជាឧបករណ៍បម្រើប្រយោជន៍នយោបាយទាំងក្នុងស្រុក ឬអន្តរជាតិ ជាក្ដីបារម្ភមិនមែនសម្រាប់កាណាដាតែឯងឡើយ តែសម្រាប់សម្ព័ន្ធមិត្តដទៃទៀតផងដែរ។
បើតាមលោក ទ្រូដូ សម្ព័ន្ធមិត្តទាំងនោះដែលមានអាមេរិក បារាំង អង់គ្លេស និងអាល្លឺម៉ង់ជាដើម បានហៅទង្វើរបស់ប៉េកាំងជាការទូតចាប់ជំរិត។ ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាលកាណាដារៀបរាប់ថា សម្ព័ន្ធមិត្តរបស់ខ្លួន ចាត់ទុកសកម្មភាពបែបនេះ ជាការមិនអាចទទួលយកបានឡើយក្នុងសហគមន៍អន្តរជាតិទាំងមូល ព្រោះពួកគេបារម្ភថា ចិននឹងប្រើវិធីសាស្ត្រដូចគ្នាដាក់ជនជាតិរបស់ពួកគេដូចដែលធ្វើដាក់លើកាណាដា។
ដោយសារតែគោលនយោបាយ ឬវិធីសាស្ត្រខុសគ្នាបែបនេះ លោក ទ្រូដូ អះអាងថា កាណាដា ត្រូវមានរកផ្លូវដើម្បីជជែក ឬធ្វើការជាមួយចិន ប៉ុន្តែក៏ត្រូវយល់ពីរបៀបធ្វើការរបស់ចិនដែរ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP លោកបន្ថែមថា៖ «ចិនមានក្បួន និងរបៀបរបបធ្វើការមួយដែលខុសគ្នាយ៉ាងខ្លាំងនឹងរបៀបធ្វើការរបស់យើង។»
យ៉ាងណាមិញ ខណៈដែលទំនាក់ទំនងទ្វេភាគីមិនទាន់ត្រឡប់ទៅភាពដើមវិញនោះ ក្រុងប៉េកាំង និងក្រុងអូតាវ៉ា ក៏បានបញ្ចេញបង្ហាញពីការចង់ឲ្យបញ្ហាការទូតធូរស្រាលវិញ។ ក្នុងសប្ដាហ៍នេះ ប្រទេសទាំងពីរ បានតែងតាំងអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសនីមួយៗ។ គេជឿថា បេសកជនថ្មី ទំនងជួយបន្ធូរបន្ថយភាពតានតឹងបាន។ អគ្គរដ្ឋទូតកាណាដាប្រចាំប៉េកាំង ក៏ជាសមាជិកក្រុមប្រឹក្សាសាកលវិទ្យាល័យល្បីឈ្មោះ Tsinghua និងធ្លាប់ជួបថ្នាក់ដឹកនាំចិនញឹកញាប់ ដូចនេះបញ្ហាទាស់ទែងទំនងរកច្រកចេញបាន៕
Tag:
ចិន
កាណាដា
ចាស្ទីន ទ្រូដូ
© រក្សាសិទ្ធិដោយ thmeythmey.com