លោក លឹម ហេង​៖ បន្ថយ​ប្រើ​ក្រដាស​ស្នាម​សម្រាប់​បែបបទ​នាំចេញ​-​ចូល បាន​កាន់តែច្រើន​កាន់តែ​ល្អ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក លឹម ហេង​៖ បន្ថយ​ប្រើ​ក្រដាស​ស្នាម​សម្រាប់​បែបបទ​នាំចេញ​-​ចូល បាន​កាន់តែច្រើន​កាន់តែ​ល្អ​
06, Sep 2019 , 7:19 pm        
រូបភាព
(រូបពីសភាពាណិជ្ជកម្មកម្ពុជា)
(រូបពីសភាពាណិជ្ជកម្មកម្ពុជា)
​ភ្នំពេញ​៖ រដ្ឋាភិបាល​កំពុង​ជំរុញ​នីតិវិធី​នាំចេញ​នាំចូល​ទំនិញ​ឆ្លង​ព្រំដែន  ដោយ​មិន​ប្រើ​លិខិតស្នាម​។ ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្ដីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ដោយ​ពុំ​ប្រើ​ក្រដាស​ស្នាម សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។



​នៅ​ថ្ងៃទី​៥​ខែកញ្ញា​នេះ ក្រសួងពាណិជ្ជកម្ម ដោយ​សហការ​ជាមួយ​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​សង្គម សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​អង្គការសហប្រជាជាតិ​(UNESCAP)  បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​»​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ដោយ​មិន​ប្រើ​ក្រដាស​ស្នាម​នៅ​កម្ពុជា​»​។ ការជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នាំចេញ​នាំចូល ដោយ​ប្រើ​ឯកសារ​ជា​ទម្រង់​អេឡិចត្រូនិក​នេះ ត្រូវបាន​សាទរ​ពី​វិស័យ​ឯកជន​ជាខ្លាំង​។ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម តំណាង​ឲ្យ​វិស័យ​ឯកជន ដែល​បាន​ចូលរួម​ពិគ្រោះ​យោបល់​ក្នុង​សិក្ខាសាលា​នេះ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការកាត់បន្ថយ​លិខិតស្នាម​នេះ គឺ​ស្របគ្នា​នឹង​កំណែទម្រង់សេដ្ឋកិច្ច​ផ្ទៃក្នុង របស់​រដ្ឋាភិបាល​ដែល​ចង់​បង្កើត​ភាពងាយស្រួល​ដល់​អ្នករ​ក​ស៊ី​។

​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ​និង​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដូចតទៅ​នេះ​៖




​កម្ពុជា​ព្យាយាម​សម្រួល​ពាណិជ្ជកម្ម​តាមរយៈ​ការកាត់បន្ថយ​លិខិតស្នាម ដោយ​ចាប់ផ្ដើម​ពី​ក្នុងប្រទេស​។ លោក លឹម ហេង មានប្រសាសន៍​ដូច្នេះ​ថា​៖«​ជំ​ហ៊ាន​ទី​១ គឺ​ការសម្រួល​ពាណិជ្ជកម្ម​ក្នុងប្រទេស​យើង​សិន តែ​យើង​ក៏មាន​ក្នុង​ក្របខណ្ឌ​អាស៊ាន​ដែរ ដែលមាន​ប្រទេស​មួយចំនួន​ដែល​យើង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គឺ​ឧទាហរណ៍​ថា​ទំនិញ​ដែល​យើង​នាំ​ចេញទៅ ឯកសារ​(​អេឡិចត្រូនិក​)​ដែល​គយ​អនុញ្ញាត​គឺ​បញ្ជូន​ទៅដល់​ប្រទេស​ទទួល​ទំនិញ​ទៀត ហើយ​គេ​គ្រាន់តែ​ចុច​មើល​គឺ​ឯកសារ​បានមក​ដល់​ហើយ គេ​អនុញ្ញាត​ឲ្យ​នាំ​ចូលទៅ​។ តែ​ក្របខណ្ឌ​អន្តរជាតិ យើង​នៅមានកម្រិត ខ្ញុំ​ស្នើសុំ​ឲ្យ​វា​ទៅ​ទាំង​អស់ទាំង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ​»​។​



​ក្នុង​បទ​សម្ភាស​នេះ លោក លឹម ហេង អះអាងថា​ការប្រើ​ក្រដាស​ស្នាម ត្រូវតែ​កាត់បន្ថយ​ជា​អតិបរមា​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​ការពិគ្រោះ​យោបល់​នេះ​មាន​ការជួយ UNESCAP ដែល​បាន​ដើរ​ធ្វើ​ប៉ុន្មាន​ប្រទេស​ហើយ​ក្នុង​អាស៊ាន ដើម្បី​សម្រួល​ពាណិជ្ជកម្ម ធ្វើយ៉ាងណា​ឲ្យ​ប្រើ​លិខិតស្នាម​តិច​បំផុត ឬ​បើ​ចៀសវាង​បាន​អត់​ប្រើ​ក្រដាស​ស្នាម ដោយ​ប្រើ​ប្រព័ន្ធ​អេឡិចត្រូនិក​តែម្ដង សម្រាប់​ការនាំចេញ​នាំចូល​»​។​

​លោក លឹម ហេង ឲ្យ​ដឹងថា វិស័យ​ឯកជន​សាទរ​ការជំរុញ​ឲ្យ​ប្រើ​អេឡិចត្រូនិក​សម្រាប់​បែបបទ​នាំចេញ​នាំចូល​នេះ ដោយ​កន្លងមក​វិស័យ​ឯកជន​តែងតែ​ទាមទារ​ឲ្យ​គ្រប់​ស្ថាប័ន​ផ្សេងៗ​ឲ្យ​មាន​ច្រកចេញចូល​តែមួយ និង​ដាក់​តម្លៃ​សេវា​ឲ្យ​បានច្បាស់លាស់​។ លោក​បន្ត​ដូច្នេះ​ទៀតថា​៖«​កាលណា​ឯកសារ​យើង​ងាយស្រួល ការទាក់ទាញ​វិនិយោគ​ក៏​កាន់តែច្រើន​ដែរ ដូច្នេះ​ការជំរុញ​ពាណិជ្ជកម្ម​នាំចេញ​នាំចូល​ងាយស្រួល នោះ​អ្នកវិនិយោគ​ក៏​រត់​មក​ផលិត​កែច្នៃ​ក្នុងស្រុក​យើង​ដើម្បី​នាំចេញ​ផងដែរ​»​។​

​បើតាម​លោក លឹម ហេង ការធ្វើ​បែបបទ​តាម​អន​ឡាញ​នេះ ត្រូវបាន​រដ្ឋាភិបាល​ធ្វើបាន​មួយចំនួន​ហើយ តែ​លោក​ស្នើ​ឲ្យ​ពង្រីក​បន្ថែមទៀត​ដល់​ផ្នែក​ដែល​មិនទាន់​ប្រើ​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​។ ទន្ទឹមនឹងនេះ លោក លឹម ហេង មើលឃើញថា អ្នករកស៊ី ឬ​អ្នក​នាំចេញ​ផលិតផល ដែល​រូបភាព​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​មួយចំនួន នៅមានកម្រិត​ផ្នែក​ឌីជីថល ដែល​ទាម​ទាមទារ​រដ្ឋាភិបាល​ជំរុញ​ទាំង​ការផ្ដល់សេវា​តាម​អេឡិចត្រូនិក​របស់​រដ្ឋ និង​ជួយ​ផ្សព្វផ្សាយ បណ្ដុះបណ្ដាល ដល់​ផ្នែក​ឯកជន​៕


Tag:
 លឹម ហេង​
  កិច្ច​សម្រួល​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com