ជាតិ
ក្រៅពីមេគង្គស្ទឹងត្រែង និងក្រចេះ ទឹកទន្លេបាសាក់-កោះខែល ឡើងដល់កម្រិតប្រុងប្រយ័ត្នហើយ ស្ថានីយរំដោះទឹករបស់តេជោសែនទី៥១ ចាប់ផ្តើមបូមទឹកចេញពីក្រុងក្រចេះ កាលពីថ្ងៃទី៦ ខែធ្នូ។ រូបថត ក្រសួងធនធានទឹក
× ទឹកទន្លេបាសាក់-កោះខែលក្នុងខេត្តកណ្តាល បានហក់ឡើងដល់កម្រិតប្រុងប្រយ័ត្ន នាថ្ងៃទី៧កញ្ញានេះក្នុងកម្ពស់៧.៤០ម៉ែត្រ។ ជាមួយគ្នានេះ ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះនៅតែបន្តហក់ឡើង លើសពីកម្រិតប្រុងប្រយ័ត្នដដែល ដែលមានកម្ពស់រហូតដល់២២.៥៦ម៉ែត្រ។ កម្ពស់ទឹកនេះ បើធៀបទៅនឹងម្សិលមិញ គឺកើនឡើងក្នុងកម្រិត០.៣៦ម៉ែត្រ។ ដោយឡែកទឹកទន្លមេគង្គក្នុងខេត្តស្ទឹងត្រែង បានស្រកចុះបន្តិចវិញ ប៉ុន្តែស្ថិតនៅក្នុងកម្រិតលើសពីការប្រុងប្រយ័ត្នដដែល ដោយមានកម្ពស់១១.៩៤ម៉ែត្រ។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម។
ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកនេះ បានបញ្ជាក់ថា ទន្លេមេគង្គ-ស្ទឹងត្រែង មានកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្នត្រឹម១០.៧០ម៉ែត្រ។ រីឯទន្លេមេគង្គ-ក្រចេះមានកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្នត្រឹម២០ម៉ែត្រ។
បើតាមការព្យាករណ៍កម្ពស់ទឹកតាមស្ថានីយជលផលរបស់ក្រសួងធនធានទឹក នៅថ្ងៃទី៨-១០កញ្ញា ឆ្នាំ២០១៩ ទន្លេមេគង្គ-ស្ទឹងត្រែង និងក្រចេះ នឹងចុះស្រកវិញជាបន្តបន្ទាប់។ រីឯទន្លេបាសាក់-កោះខែល នឹងមានកម្ពស់ទឹកឡើងជាបន្តបន្ទាប់វិញ៕
Tag:
ទន្លេមេគង្គ
ស្ទឹងត្រែង
ក្រចេះ
កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com