ជាតិ
រៀនត្រឹមថ្នាក់ទី៩ តែលោកស្រី កែវ មុំ ក្លាយជាស្ត្រីឆ្នើមម្នាក់ ដែលនាំផលិតផលខ្មែរទៅទីផ្សារក្រៅស្រុក
× ភ្នំពេញ៖ លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុនលីលី ផលិតនំស្រួយ បានរៀនសូត្រត្រឹមថ្នាក់ទី៩ប៉ុណ្ណោះ តែស្ត្រីខ្មែររូបនេះ បែរជាអាចដឹកនាំក្រុមហ៊ុនដ៏ធំមួយ ដោយទទួលបានភាពជោគជ័យជាបន្តបន្ទាប់។ ផ្តើមចេញពីសហគ្រាសតូចមួយនៅឆ្នាំ២០០២ បច្ចុប្បន្នក្រុមហ៊ុនរបស់លោកស្រីបានពង្រីករោងចក្រធំៗចំនួន៣ ហើយម៉ាកយីហោនំស្រួយលីលី ក៏បានឈរជើងយ៉ាងរឹងមាំទាំងទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស។ តើហេតុអ្វីបានលោកស្រីអាចដឹកនាំក្រុមហ៊ុនមានភាពរីកចម្រើនអស់រយៈពេលជិតពីរទសវត្សរ៍យ៉ាងដូច្នេះ?
លោកស្រី កែវ មុំ បានកសាងម៉ាកយីហោនំស្រួយលីលីឲ្យមានភាពល្បីល្បាញទាំងក្នុងស្រុក និងក្រៅប្រទេសអស់ជិត២ទសវត្សរ៍មកហើយ ទាំងដែលលោកស្រីមិនមានការសិក្សាខ្ពស់ខ្ពង់នោះទេ។
ជាកូនទី៣ក្នុងចំណោមបងប្អូន៧នាក់លោកស្រី កែវ មុំ បានរម្លឹកយ៉ាងដូច្នេះថា៖ «ខ្ញុំបានសិក្សាត្រឹមតែឌីប្លូម ដោយសារ ជំនាន់នោះ ប៉ាម៉ាក់ មានសុខភាពមិនសូវល្អ។ ដូច្នេះ យើងជាកូនស្រីក្នុងគ្រួសារ បញ្ហា គឺរឿងជួយអាជីវកម្មរបស់គាត់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ អាជីវកម្មយើងមមាញឹកច្រើន រវល់ច្រើន ពេលវេលាសិក្សារៀន ក៏រៀនមិនសូវបានល្អប៉ុន្មានដែរ។ អ៊ីចឹងក៏សម្រេចចិត្តឈប់រៀនត្រឹមឌីប្លូមទៅ ហើយចាប់បន្តអាជីវកម្មប៉ាម៉ាក់»។
លោកស្រី កែវ មុំ ដែលកើតក្នុងគ្រួសារអាជីវកលក់ចាប់ហួយ បានរៀនត្រឹមថ្នាក់ទី៩ ប៉ុន្តែ គេមិននឹកស្មានថា ស្ត្រីខ្មែររូបនេះ បែរជាអាចដឹកនាំសហគ្រាសមួយ ដែលចាប់ផ្តើមពីសហគ្រាសតូចមួយមានបុគ្គលិកចំនួនជាង២០នាក់រហូតពង្រីកបានរោងចក្រធំៗចំនួន៣ និងបុគ្គលិករហូតដល់ជាង២៥០នាក់ ព្រមទាំងបានឈរជើងក្នុងទីផ្សារយ៉ាងរឹងមាំទាំងក្នុងស្រុក និងធ្វើការនាំចេញទៅកាន់ប្រទេសជាច្រើននៅជុំវិញពិភពលោក។
តាមពិតទៅ ដ្បិតតែមិនមានសញ្ញាបត្រសិក្សាថ្នាក់ខ្ពង់ខ្ពស់ក៏ដោយ តែលោកស្រី កែវ មុំ បានស្វះស្វែងរៀនសូត្រពីអ្នកដទៃ តាមរយៈការធ្វើការងារជាមួយក្រុមហ៊ុនជនជាតិសិង្ហបុរីមួយ ដើម្បីសន្សំបទពិសោធន៍ និងដើមទុន សម្រាប់បើកសហគ្រាសផលិតនំស្រួយលីលី ដោយចាប់ផ្តើមពីដើមទុន១០ម៉ឺនដុល្លារអាមេរិក ដែលជាទុនបានមកពីការលក់ផ្ទះ។
វ័យ៤៤ឆ្នាំ ស្ត្រីកូន៣រូបនេះ បានបរិយាយយ៉ាងដូច្នេះថា៖ «ពីមុនមក យើងធ្វើអាជីវកម្មខ្នាតតូចនៅផ្ទះ លក់ដូរទិញលក់ ទិញលក់តែប៉ុណ្ណឹង តែពេលយើងរៀបអាពាហ៍ពិពាហ៍ហើយ យើងបានសម្រេចចិត្តធ្វើការងារឲ្យក្រុមហ៊ុនជនជាតិសិង្ហបុរី ដើម្បីរៀនយកបទពិសោធន៍មួយចំនួន ថាតើ ការគ្រប់គ្រងអាជីវកម្មមួយ ដែលទទួលបានជោគជ័យជាក្រុមហ៊ុនមួយធំ តើគេធ្វើយ៉ាងម៉េច? ជនជាតិសិង្ហបុរី គាត់ថា បើយើងចង់ធ្វើជាអ្នកមាន លុះត្រាតែរកផលិតផលណាដែលផ្តាច់មុខដោយខ្លួនឯងបាន។ ដូច្នេះ យើងក៏បានសម្រចចិត្តធ្វើការងារជាមួយគាត់ ដើម្បីរៀនពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងស្តុក ការធ្វើទីផ្សារ ជាពិសេស ការគ្រប់គ្រងបុគ្គលិកកម្មករ គេធ្វើរបៀបម៉េច?»។
ស្ត្រីកូន៣រូបនេះ បានចូលធ្វើការនៅក្រុមហ៊ុនជនជាតិសិង្ហបុរី ដែលនាំចូលភេសជ្ជៈ និងនំពីសិង្ហបុរី និងម៉ាឡេស៊ីមកលក់កម្ពុជា បានរយៈពេល២ឆ្នាំ ដោយចាប់ផ្តើមការងារដំបូងជាអ្នកកាន់ស្តុក បន្ទាប់មកធ្វើការងារនៅផ្នែកគណនេយ្យ និងក្រោយមកទៀតធ្វើការងារផ្នែកទីផ្សារ និយាយឲ្យចំ ថៅកែប្រើឲ្យធ្វើអ្វី លោកស្រីធ្វើការងារនោះ។
ហេតុអ្វីលោកស្រី កែវ មុំ ចាប់ផ្តើមអាជីវកម្មក្នុងវិស័យកែច្នៃអាហារ?
តាមរយៈបទពិសោធន៍ការងារផ្នែកលក់នៅក្រុមហ៊ុនសិង្ហបុរីកាលពីទសវត្សរ៍៩០ លោកស្រី កែវ មុំ ដែលចូលចិត្តញ៉ាំនំកញ្ចប់តាំងពីតូច បានសង្កេតឃើញថា កាលនោះ ខ្មែរមិនសូវមានការកែច្នៃនំក្នុងស្រុកនោះឡើយ។ កាលនោះ ផលិតផលភាគច្រើនដែលដាក់លក់ក្នុងទីផ្សារកម្ពុជា ស្ទើរតែទាំងស្រុងជាផលិតផលនាំចូលពីបរទេស។ ហេតុនេះហើយ ទើបលោកស្រីផ្តើមស្វែងរកដៃគូអាជីវកម្ម និងលក់ផ្ទះធ្វើជាដើមទុន ដើម្បីបង្កើតសហគ្រាសផលិតនំស្រួយលីលីនៅឆ្នាំ២០០២។
លោកស្រី កែវ មុំ ដែលមានសម្បុរស មាឌដំបង និងសក់ខ្មៅរលោង បានរម្លឹកថា ការបង្កើតសហគ្រាសផលិតនំស្រួយនេះ គឺជាការងារថ្មីសន្លាងសម្រាប់លោកស្រី ដ្បិតលោកស្រីមិនមានជំនាញធ្វើនំ ពោល គឺអ្នកស្រីចេះតែលក់នំតែម្យ៉ាងប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោកស្រីបានស្វែងរកដៃគូដើម្បីបង្កើតវាឡើងឲ្យបានជោគជ័យ បើទោះស្ថិតក្នុងកាលៈទេស ដែលពលរដ្ឋកម្ពុជាមិនសូវទុកចិត្តផលិតផលក្នុងស្រុកក៏ដោយ។
អង្គុយលើកៅអីក្បែរតុឈើប្រណិតក្នុងការិយាល័យរបស់រោងចក្រនំស្រួយលីលីក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ លោកស្រី កែវ មុំ បញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសគេ គេផលិតច្រើន ថ្លៃដើមវាទាប តែរបស់យើង យើងផលិតបានតិច ថ្លៃដើមវាខ្ពស់។ ហើយទីផ្សាររបស់គេ លក់ក្នុងស្រុកខ្មែរយើង គេចែកចាយទូទាំងប្រទេស សាយភាពពេញទៅហើយ។ យើងវិញជាអ្នកថ្មី ដែលគេពុំទាន់ស្គាល់ ហើយផលិតក្នុងស្រុកទៀត អ៊ីចឹង ប្រជាពលរដ្ឋ គឺគេមិនទាន់ទទួលស្គាល់ ហើយយើងផលិតបានតិចទៀត។ ដូច្នេះ ពិបាកប្រកួតប្រជែងជាមួយគេខ្លាំង»។
បើតាម លោកស្រី កែវ មុំ មូលហេតុដែលលោកស្រីចាប់ផ្តើមអាជីវកម្មក្នុងវិស័យកែច្នៃអាហារនេះ គឺដោយសារតែកម្ពុជាសម្បូរប្រភពវត្ថុធាតុដើមល្អ ដូចជា ពោត និងស្រូវជាដើម។ ក្រៅពីមានវត្ថុធាតុដើមក្នុងការផលិត ការបង្កើតសិប្បកម្មកែច្នៃអាហារនេះ លោកស្រីក៏ចង់ជួយទិញកសិផលខ្មែរ និងផ្តល់ការងារដល់ពលរដ្ឋខ្មែរផងដែរ។
បច្ចុប្បន្ន ក្រុមហ៊ុនលីលីផលិតនំស្រួយមានរោងចក្រចំនួន៣ ដោយរោងចក្រទីមួយ គឺជារោងចក្រផ្ទាល់ខ្លួន ដែលមានសមត្ថភាពផលិតនំបាន១០តោនក្នុងមួយថ្ងៃ។ រោងចក្រទី២ គឺជារោងចក្រដែលចាប់ដៃគូជាមួយវិនិយោគិនជប៉ុន ដែលអាចផលិតបាន១០តោននៅក្នុងមួយថ្ងៃ និងរោងចក្រទី៣ គឺជារោងចក្រកែច្នៃបន្លែផ្លែឈើក្រៀមដែលកំពុងសាងសង់ ដោយទុន៣០ភាគរយជាជំនួយឥតសំណង់ពីនិធិការបង្កើតថ្មីសម្រាប់ការកាត់បន្ថយភាពក្រីក្រ(AIP) និង៧០ភាគរយទៀតជាទុនរបស់លោកស្រីផ្ទាល់។ បើគិតទាំង៣រោចក្រនេះ អ្នកស្រីបានផ្តល់ការងារដល់បុគ្គលិកជាង២៥០នាក់ និងកសិកររាប់ពាន់គ្រួសារ។ ជារៀងរាល់ឆ្នាំ ក្រៅពីទីផ្សារក្នុងស្រុក យីហោនំស្រួយលីលី បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសជាច្រើន រួមមាន៖ សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា កូរ៉េខាងជើង កូរ៉េខាងត្បូង វៀតណាម ចិន ថៃ ភូមា ឥណ្ឌូនេស៊ី និងបែកអាហ្វ្រិកជាដើម។
លោកស្រី កែវ មុំ៖«ធ្វើអ្វីក៏ដោយ ត្រូវដាក់ចិត្តដាក់កាយធ្វើវា កុំធ្វើលំៗ ទើបជោគជ័យ »
បើតាមសហគ្រិនជើងចាស់ ដែលមានបទពិសោធន៍ក្នុងវិស័យធុរកិច្ចជិត២ទសវត្សរ៍រូបនេះ ការបង្កើតអាជីវកម្មមួយ មានភាពងាយស្រួល ប៉ុន្តែ ការធ្វើឲ្យអាជីវកម្មរីកចម្រើន មិនមែនជាការងារស្រួលទេ ពោល គឺប្រឈមនឹងការខាតបង់ និងដួលរលំគ្រប់ពេលវេលា។ លោកស្រីពន្យល់ថា មានតែការរៀនសូត្រពីអ្នកដទៃ ការតស៊ូ ដាក់ចិត្តធ្វើវាដោយម៉ត់ចត់ ទើបធ្វើឲ្យអាជីវកម្មមួយរីកច្រើនទៅបាន។
លោកស្រី កែវ មុំ ដែលជាអតីតប្រធានសមាគមន៍សហគ្រិនស្ត្រីកម្ពុជា មានសមាជិកជាង៥០០ក្រុមហ៊ុន បានចែករំលែកគន្លឹះក្នុងការធ្វើអាជីវកម្មយ៉ាងដូច្នេះថា៖ «ចាប់ផ្តើមដំបូង តែងតែមានបញ្ហាប្រឈមហើយ ដូចកូនក្មេងរៀនដើរអ៊ីចឹង។ កូនក្មេងដើរដួលៗ បើសិនកូនក្មេងលះបង់ឈប់ដើរ គាត់នឹងមិនចេះដើរមួយជីវិត។ ដូច្នេះ កូនក្មេង គាត់មិនបោះបង់ការរៀនដើររបស់គាត់នោះទេ បើទោះបីត្រូវដួលក្រឡិតជង្គង់ ចេញឈាមយ៉ាងណា ក៏គាត់នៅតែងើបដើរ។ អ៊ីចឹង អាជីវកម្ម ក៏ដូចគ្នាដែរ។ សូម្បីនាងខ្ញុំសព្វថ្ងៃ ក៏យើងធ្លាប់បរាជ័យអាជីវកម្មពីរបីដែរ ទើបយើងចាប់បានអាជីវកម្មមួយច្បាស់លាស់ យើងដាក់ចិត្តដាក់កាយក្នុងការធ្វើទើបជោគជ័យ បើយើងធ្វើលំៗ អត់ជោគជ័យទេ ព្រោះ Startupនេះ បង្កើតស្រួល តែពិបាកក្នុងការថែទាំ ពង្រឹង និងពង្រីក។ បង្កើតហើយ ត្រូវតែពង្រឹង ទើបទៅពង្រីកបាន ព្រោះបើមិនទាន់ពង្រឹងផង ស្រាប់តែទៅពង្រីក ដូចយើងធ្វើផ្ទះ អត់មានគ្រឹះរឹងមាំ កុំឲ្យអាងតែមានលុយចេះតែពង្រីក អាចនឹងដួលរលំបាន»។
បើតាមលោកស្រី កែវ មុំ នៅថ្ងៃអនាគត លោកស្រីនឹងពង្រីកការកែច្នៃកសិផលរបស់ខ្មែរឲ្យបានកាន់តែច្រើន ដើម្បីជួយកសិករខ្មែរ និងលើកមុខមាត់ផលិតផលនៅលើទីផ្សារអន្តរជាតិ។ លោកស្រីសង្កត់ធ្ងន់ថា បរទេសយកផលិតរបស់គេមកលក់នៅស្រុកយើង ដើម្បីនាំលុយចេញពីស្រុកយើងទៅស្រុកគេ ប៉ុន្តែ លោកស្រីចង់យកផលិតផលរបស់ខ្មែរទៅលក់នៅស្រុកគេ ដើម្បីនាំលុយស្រុកគេចូលមកកម្ពុជាវិញ៕
Tag:
កែវ មុំ
សហគ្រិនស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com