លោក Keisuke Honda មាន​កំណត់ត្រា​ផ្ទាល់ខ្លួន​ពិសេស​ជាមួយ​ជម្រើសជាតិ​បា​រ៉ែ​ន​
FIFA
កីឡាជាតិ
ជាតិ
លោក Keisuke Honda មាន​កំណត់ត្រា​ផ្ទាល់ខ្លួន​ពិសេស​ជាមួយ​ជម្រើសជាតិ​បា​រ៉ែ​ន​
09, Sep 2019 , 9:29 am        
រូបភាព
Keisuke ពេលស៊ុតចូលទីលើបារ៉ែន កាលពីឆ្នាំ​២០១០ និងរូបពេលដឹកនាំក្រុមជម្រើសជាតិកម្ពុជានាជំនួបជាមួយហុងកុង។ រូបថត AFP
Keisuke ពេលស៊ុតចូលទីលើបារ៉ែន កាលពីឆ្នាំ​២០១០ និងរូបពេលដឹកនាំក្រុមជម្រើសជាតិកម្ពុជានាជំនួបជាមួយហុងកុង។ រូបថត AFP
​មុន​ជំនួប​ក្នុង​ពូ​ល C នៃ​វគ្គ​ជម្រុះ World Cup ជុំ​ទី​ពីរ នា​ថ្ងៃ​អង្គារ​ទី​១០ ខែកញ្ញា​នេះ ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា មិន​ដែលមាន​ប្រវត្តិ​ជួប​ជាមួយ​បា​រ៉ែ​ន​ឡើយនា​ពេលកន្លងមក ប៉ុន្តែ​សម្រាប់​លោក Keisuke Honda ដែលជា​អ្នកចាត់ការ​ទូទៅ​របស់​កម្ពុជា​វិញ លោក​មាន​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ក្នុងជំនួប​តទល់​ជាមួយ​ក្រុម​ពី​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​មួយ​នេះ កាលពីពេល​លោក​នៅ​ជា​កីឡាករ​ជម្រើសជាតិ​ជប៉ុន​។



​ក្នុង​អាយុ​២២​ឆ្នាំ Keisuke Honda ត្រូវបាន​លោក Takeshi Okada កោះហៅ​ឲ្យ​ចូល​លេង​ក្រុម​ជម្រើសជាតិ​ជប៉ុន ដោយ បា​រ៉ែ​ន​នេះហើយ ជា​ក្រុម​ដំបូង​បំផុត​ដែល​ខ្សែបម្រើ Honda ប្រកួត​តទល់​។ នា​វគ្គ​ជម្រុះ World Cup ជុំ​ទី​បី​នៅ​កីឡដ្ឋាន Saitama កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០០៨ Honda  បាន​ចូល​លេង​នៅ​១០​នាទីចុងក្រោយ​ជំនួស Seiichiro Maki មុន​ពេលដែល​ខ្សែការពារ Atsuto Uchida រកបាន​គ្រាប់​បាល់​ជ័យជម្នះ ១-០ សម្រាប់​ជប៉ុន​នៅ​ជិត​បញ្ចប់​ការប្រកួត​។​

​នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០០៩ Keisuke Honda មានឱកាស​បង្ហាញខ្លួន​ក្នុង​ជម្រើស​ដំបូង នា​ជំនួប​ជាមួយ​បា​រ៉ែ​ន​ម្តងទៀត​។ នា​ការប្រកួត​ជម្រុះ​ជើង​ទីមួយ AFC Asian Cup នៅ​កីឡដ្ឋាន​ជាតិ​បា​រ៉ែ​ន ក្នុង​ក្រុង East Riffa ខ្សែបម្រើ Honda លេង​បាន​៦៣​នាទី មុននឹង​ត្រូវបាន​ជំនួស​ដោយ Shinji Kagawa​។ ប៉ុន្តែ​គ្រាប់​បាល់​បញ្ចូល​ទី​របស់ Salman Ali Isa តាំងពី​ពាក់កណ្តាល​តង់​ទីមួយ បាន​នាំ​ឲ្យ​បា​រ៉ែ​ន ទទួលបាន​ជ័យជម្នះ ១-០​។​

​នៅ​ជើង​ទី​ពីរ ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១០ ជប៉ុន​បាន​យកឈ្នះ​ប៉ា​រែ​ន​វិញ​ក្នុង​លទ្ធផល ២-០​។ Shinji Okazaki បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​តង់​ទីមួយ ហើយ Honda បានតែ​ត​បន្ថែម​គ្រាប់​ទី​ពីរ​នៅ​នាទី​៩០+២ ក្រោយ​ការបញ្ជូន​របស់  Atsuto Uchida ដោយ​ផ្តល់​ភាព​រីករាយ​សម្រាប់​អ្នកទស្សនា​ជាង​៣៨០០០​នាក់​នៅ​កីឡដ្ឋាន Saitama​។​

​ថ្វីត្បិតតែ Honda រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​លើកដំបូង​សម្រាប់​ក្រុម​ជម្រើសជាតិ​ជប៉ុន នា​ជ័យជម្នះ ៤-០ លើ​ស៊ី​លី បន្ទាប់មក​១​គ្រាប់​ទៀត​នា​ជ័យជម្នះ ២-០ លើ​ស្កុ​តឡែ​ន និង​គ្រាប់​ទី​បី​នា​ជ័យជម្នះ ៥-០ លើ​តូ​ហ្គោ ប៉ុន្តែ​ការប្រកួត​ទាំងបី​នៅ​ឆ្នាំ​២០០៩​នោះ សុទ្ធតែ​ជាមួយ​ជំនួប​មិត្តភាព​អន្តរជាតិ​ទាំងអស់​។ នេះ​មានន័យថា គ្រាប់​បាល់​បញ្ចូល​ទី​លើ​បា​រ៉ែ​ន ជា​គ្រាប់​ទី​៤​របស់ Honda សម្រាប់​ក្រុម​ជម្រើសជាតិ ប៉ុន្តែ​ជា​គ្រាប់​បាល់​ដំបូង​ដែល​រកបាន​ក្នុងជំនួប​ប្រកួតប្រជែង​ដណ្តើមពាន AFC Asian Cup​។​



​បន្ទាប់មក Keisuke បានបង្ហាញ​វត្តមាន​ជា​បន្តបន្ទាប់​ក្នុង​ជម្រើស​១១​នាក់​ដំបូង​នៃ​ក្រុម​ជម្រើសជាតិ​ជប៉ុន​សម្រាប់​ព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ​២០១១ រហូត​បាន​ក្លាយជា​ជើងឯក AFC Asian ជា​លើក​ទី​៤ ដោយសារ​គ្រាប់​បាល់​បញ្ចូល​ទី​របស់ Tadanari Lee នៅ​នាទី​១០៩ លើ​អូស្ត្រាលី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ជាមួយគ្នា​នោះ Honda បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ និង​ខ្សែបម្រើ​ល្អ​ក្នុងចំណោម​កីឡាករ​១១​នាក់​នៃ Team of the Tournament ផងដែរ​៕




Tag:
 ជម្រើសជាតិ
  Asian Cup
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com