រថយន្ត
អន្តរជាតិ
Eurostat៖ នៅបារាំង ក្នុងចំណោមមនុស្ស១០០០នាក់ មានអ្នកប្រើរថយន្ត៤៧៨គ្រឿង
× ខណៈកំណើននៃការប្រើប្រាស់រថយន្តនៅបណ្តាប្រទេសជាច្រើនក្នុងទ្វីបអឺរ៉ុប មានកើនឡើងនារយៈពេល២០ឆ្នាំចុងក្រោយ ប៉ុន្តែសម្រាប់ប្រទេសបារាំង ចំនួនបានធ្លាក់ចុះបើគិតចាប់តាំងពីឆ្នាំ២០១៣មក។ តាមរបាយការណ៍ Eurostat ក្នុងចំណោមពលរដ្ឋបារាំង១០០០នាក់ មានរថយន្ត៤៧៨គ្រឿង។
រថយន្ត៤៧៨គ្រឿងសម្រាប់ពលរដ្ឋបារាំង១០០០នាក់ បានធ្វើឲ្យប្រទេសនេះ ឈរក្នុងចំណោមថ្នាក់លេខ១១ ប្រើប្រៀបធៀបទៅនឹងបណ្តាប្រទេសអឺរ៉ុបផ្សេងៗ ស្តីពីការប្រើប្រាស់រថយន្ត។ របាយការណ៍ដែលសិក្សាដោយភ្នាក់ងារស្ថិតិសហភាពអឺរ៉ុប Eurostat ត្រូវបានចេញផ្សាយតាំងពីឆ្នាំ២០១៧មក ប៉ុន្តែមិនមានលក្ខណៈខុសប្លែកច្រើនពីបច្ចុប្បន្នភាពនោះឡើយ។
តាមតួតលេខដោយគិតក្នុងចំណោមមនុស្ស១០០០នាក់ បារាំងស្ថិតក្នុងចំណាត់ថ្នាក់លេខ១១ (៤៧៨គ្រឿង) ដោយឈរលើចក្រភពអង់គ្លេស (៤៧១គ្រឿង), ប៊ុលហ្គារី (៣៩៣គ្រឿង), ហុងគ្រី (៣៥៥គ្រឿង) និងរូម៉ានី (២៦១គ្រឿង)។
លុចសំបួរ ជារដ្ឋដែលមានអ្នកប្រើប្រាស់រថយន្តច្រើនជាងគេ ពោលគឺ៦៧០គ្រឿងក្នុងចំណោមមនុស្ស១០០០នាក់។ អ៊ីតាលី, ប៉ូឡូញ, អាល្លឺម៉ង់, ស្វីស, បែលហ្ស៊ិក និងអេស្ប៉ាញ ស្ថិតក្នុងចន្លោះពី៦២៥គ្រឿង ចុះមក ៥០៤គ្រឿង ខណៈ ព័រទុយហ្គាល់, ហូឡង់ និងស៊ុយអែត មានចំនួនប្រហាក់ប្រហែលបារាំង។
តាមពិតទៅ បើផ្អែកលើតួលេខរួម បារាំងមានរថយន្តប្រមាណ៣២លានគ្រឿងដែលចរាចរណ៍នៅលើផ្លូវ ដោយស្ថិតនៅលំដាប់លេខ២ បន្ទាប់ពីអាល្លឺម៉ង់ ដែលមានចំនួនប្រមាណ៤៦លានគ្រឿង។
ពលរដ្ឋបារាំងកាន់តែច្រើន បានបោះបង់ការប្រើប្រាស់រថយន្តរបស់ពួកគេ។ លោក Flavien Neuvy អ្នកជំនាញផ្នែករថយន្តម្នាក់នៅបារាំង បានអះអាងថា ការសម្រេចចិត្តរបស់ពលរដ្ឋបារាំង ភាគច្រើន គឺផ្តោតទៅលើកិច្ចគាំពារបរិស្ថាន រួមទាំងអាយុកាលនៃការប្រើប្រាស់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com