កីឡាជាតិ
ជាតិ
សឿ​យ វិសាល​៖ អ្នកគាំទ្រ​ច្រើន​មិនមែនជា​សម្ពាធ​ទេ តែ​ជា​ចលករ​ជំរុញ​ឆន្ទៈ​កីឡាករ​
09, Sep 2019 , 10:19 pm        
រូបភាព
កីឡាករ សឿយ វិសាល ពេលប្រកួតជាមួយហុងកុង
កីឡាករ សឿយ វិសាល ពេលប្រកួតជាមួយហុងកុង
ដោយ:
​កីឡាករ សឿ​យ វិសាល ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា ចាត់ទុក​អ្នកគាំទ្រ ជា​កត្តារួម​ចំណែក​ដ៏​សំខាន់ ក្នុង​ការជួយ​ជំរុញ​និង​លើកទឹកចិត្ត​កីឡាករ​ឲ្យ​មាន​កម្លាំងចិត្ត និង​ឆន្ទៈ​កាន់តែខ្លាំង​ក្នុងការ​ប្រកួត​។ សម្រាប់ វិសាល វត្តមាន​យ៉ាងច្រើន​កុះករ​ពី​សំណាក់​អ្នកគាំទ្រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ វា​មិន​បានដាក់​សម្ពាធ​នោះទេ តែ​វា​ធ្វើ​ឲ្យ​ពួកគេ​រំភើប​និង​មាន​កម្លាំងចិត្ត​ទៅវិញ​។ លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ចាត់ទុក​អ្នកគាំទ្រ​ជា​កីឡា​ករទី​១២ និង​ជា​ប្រភព​ថាមពល​សម្រាប់​កីឡាករ​។



​នា​សន្និសីទ​សារព័ត៌មាន​មុន​ជំនួប​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​បា​រ៉ែ​ន កីឡាករ សឿ​យ វិសាល ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា​ស្នើ​ឲ្យ​អ្នកគាំទ្រ មក​ទស្សនាការ​ប្រកួត​ផ្ទាល់​ឲ្យ​បាន​ច្រើន​កុះករ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ។ នោះ​ក៏​ព្រោះតែ វិសាល យល់ឃើញថា អ្នកគាំទ្រ​ជា​ប្រភព​ផ្តល់​ថាមពល និង​ជា​ចលករ​ជួយ​ជំរុញ​ទឹកចិត្ត​កីឡាករ​ឲ្យ​មាន​ឆន្ទៈ​ប្រកួត​កាន់តែខ្លាំង បន្ថែម​លើ​បច្ចេកទេស​របស់​ពួកគេ​។

«​សម្រាប់​ខ្ញុំ​អ្នកគាំទ្រ​មក​ទស្សនា​ច្រើន វា​ជា​ទឹកចិត្ត​មួយ​ដ៏​សំខាន់​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា ព្រោះ​ពេល​ពួកយើង​ឃើញ​ពួកគាត់​មក​ទស្សនា​ច្រើន ធ្វើ​ឲ្យ​ទឹកចិត្ត និង​ឆន្ទៈ​របស់​ពួកយើង​ក៏​ខ្លាំង​តាម​នឹង​ដែរ​។ វា​មិនមែនជា​សម្ពាធ​នោះទេ ពេល​ឃើញ​វត្តមាន​អ្នកគាំទ្រ​មក​ទស្សនា​ច្រើន ផ្ទុយទៅវិញ វា​ធ្វើ​ឲ្យ​ពួកយើង​រំភើប និង​មាន​កម្លាំងចិត្ត​កាន់តែខ្លាំង​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាករ សឿ​យ វិសាល ដែល​ចង់ឃើញ​វត្តមាន​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​មក​ទស្សនា​ការប្រកួត​ផ្ទាល់​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។


កីឡាករ សឿយ វិសាល (រូបក្នុងរង្វង់)ពេលប្រកួតជាមួយហុងកុង

​ក្រៅពី​ផ្តល់​កម្លាំងចិត្ត និង​ថាមពល​បន្ថែម​ដល់​កីឡាករ អ្នកគាំទ្រ ក៏​ជា​ផ្នែក​មួយ​ចូលរួមចំណែក​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ធ្វើ​បានល្អ​នៅលើ​ទីលាន និង​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ផងដែរ​។ លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា អ្នកគាំទ្រ​ជា​កីឡា​ករទី​១២ ដែល​នៅក្រៅ​ទីលាន បន្ថែម​លើ​កីឡាករ​ទាំង​១១​រូប ដែល​កំពុង​លេង​នៅលើ​ទីលាន​។

​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​បន្ថែមថា​៖«​ជាការ​ពិតណាស់​ពេល​មាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​មក​គាំទ្រ​ការប្រកួត វា​ជា​ចំណុច​មួយ​ដ៏​សំខាន់ ហើយ​ខ្ញុំ​គិតថា​កីឡាករ ក៏​យល់​ដូច​ខ្ញុំ​ដែរ​។ នៅពេល​យើង​លេង​អស់កម្លាំង​នៅ​ចុង​តង់ ខ្ញុំ​មាន​អារម្មណ៍​ថា អ្នកគាំទ្រ​ជា​ប្រភព​ថាមពល ដែល​ជួយ​ជំរុញ​ឲ្យ​ពួកគេ​លេង​ឲ្យ​អស់ពី​សមត្ថភាព​រហូត​ចប់​ការប្រកួត​»​។

​ទាំង​គ្រូបង្វឹក និង​កីឡាករ សឿ​យ វិសាល សុទ្ធតែ​រំពឹងថា ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​បា​រ៉ែ​ន សម្រាប់​វគ្គ​ជម្រុះ World Cup 2022 ជុំ​ទី​២ នៅ​ថ្ងៃទី​១០ កញ្ញា នឹងមាន​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​មក​ទស្សនា​ការប្រកួត​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្រាប់​ជំនួប​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​ហុងកុង ដែល​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ កាលពី​ថ្ងៃទី​៥ កញ្ញា មាន​អ្នកគាំទ្រ​មក​ទស្សនា​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ចំនួន​៤៥,៥០០​នាក់​។ ចំនួន​នេះ​ជួយ​ឲ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុងនាម​ប្រទេស​ម្ចាស់ផ្ទះ ដែលមាន​អ្នកគាំទ្រ​មក​ទស្សនាការ​ប្រកួត​បាល់ទាត់​ច្រើនជាងគេ ខណៈ​ឥណ្ឌូណេស៊ី​ឈរ​ចំណាត់ថ្នាក់​លេខ​១៕

Tag:
 World Cup
  សឿ​យ វិសាល
© រក្សាសិទ្ធិដោយ thmeythmey.com