ស្ដ្រី​ម្នាក់​សម្រាលកូន​តាមផ្លូវ ពេលធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ​
ជាតិ
ស្ដ្រី​ម្នាក់​សម្រាលកូន​តាមផ្លូវ ពេលធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ​
09, Sep 2019 , 6:19 pm        
រូបភាព
​សៀមរាប​៖ ស្ដ្រី​ម្នាក់​រស់នៅ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​សម្រាលកូន​នៅតាម​ផ្លូវ ពេល​កំពុងធ្វើដំណើរ​ទៅ​មន្ទីរពេទ្យ​។ តាម​អាជ្ញាធរ​មូលដ្ឋាន ស្ដ្រី​រូបនោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​សម្រាល​បាន​ដោយ​សុវត្ថិភាព ហើយ​បច្ចុប្បន្នកំពុង​សម្រាក​នៅ​មណ្ឌល​សុខភាព​ឃុំ​បាគង និង​មាន​សុវត្ថិភាព​ទាំង​ម្ដាយ​និង​កូន​។



​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃទី​៩ កញ្ញា លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បានឱ្យដឹងថា ស្ដ្រី​ខាងលើ​មានឈ្មោះ ជូ ហាក់ អាយុ​៣៦​ឆ្នាំ ប្ដី​ឈ្មោះ ដាន់ បុញ អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សូ​ភី ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប សម្រាល​បានកូន​ស្រី​ទម្ងន់ ៣,២​គីឡូក្រាម​។ លោក បន្តថា ប្ដី​ប្រពន្ធ​នេះ​បានធ្វើ​ដំណើរ​តាម​ម៉ូតូ​ក្នុង​គោលដៅ​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា តែដោយសារ​ឈឺពោះ​ខ្លាំង​ក៏​សម្រាល​លើផ្លូវ​ជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​ស្ពាន​ក្អែក​ចំងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ពី​ទី​រួម នៅវេលា​ម៉ោង ៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៩ កញ្ញា​។

​តាម​ការអះអាង​របស់​លោក​អភិបាលស្រុក​ប្រាសាទបាគង មកដល់​បច្ចុប្បន្ននេះ ស្ដ្រី​ជា​ម្ដាយ​និង​កូន​មាន​សុវត្ថិភាព​ហើយ ក្រោយពី​អាជ្ញាធរ​មូលដ្ឋាន​យក​រថយន្ត​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​បាគង និង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​អាជ្ញាធរ​មូលដ្ឋាន ដោយបាន​ផ្តល់​ជា​ថវិកា​និង​សម្ភារ​មួយចំនួន​ផងដែរ​។

​គួរ​បញ្ជាក់ថា ស្រី្ដ​ខាងលើ​បាន​សម្រាលកូន​ទី​៥​ដោយ​សុវត្ថិភាព​។ នេះ​ជា​កូនស្រី​ដំបូង​របស់​ប្ដី​ប្រពន្ធ​ខាងលើ ខណៈដែល​កូន​បងៗ​ទាំង​៤​សុទ្ធតែ​ប្រុស​៕

Tag:
 សម្រាលកូន​
  សូរ ប្លា​តុង​
  បាគង​
© រក្សាសិទ្ធិដោយ thmeythmey.com