អន្តរជាតិ
រដ្ឋមន្ត្រីក្រសួង​រតនា​គារ​អាមេរិក​ថា មិនមាន​ការធ្លាក់ចុះ​សេដ្ឋកិច្ច​នៅពេល​ខាងមុខ​ទេ​
10, Sep 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួង​រតនា​គារ​សហរដ្ឋអាមេរិក បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក មិនឃើញ​មានការ​មិន​រីកចម្រើន​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ទេ ទោះបី​មានការ​ចង្អុលបង្ហាញ​ជាច្រើន​បង្ហាញ​ពីស​ញ្ញា​ថា សហរដ្ឋអាមេរិក​ដែលមាន​សេដ្ឋកិច្ច​ដ៏​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក កំពុងមាន​សេដ្ឋកិច្ច​រីកចម្រើន​យឺត​ក៏ដោយ​។

 
​ការរីកលូតលាស់​ការ​ងារ​ក្នុង​សហរដ្ឋអាមេរិក មានការ​យឺតយ៉ាវ​មក​នៅត្រឹម​១​សែន​៣​ម៉ឺន​កាលពី​ខែសីហា ដែល​ស្ថិតនៅក្រោម​ចំនួន​មធ្យម​ប្រចាំខែ​២​សែន​២​ម៉ឺន​៣​ពាន់​ការងារ​នៅ​ឆ្នាំ​២០១៨​។ សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ស្ថិតនៅ​អត្រា​ប្រចាំឆ្នាំ​២​ភាគរយ កាលពី​ខែមេសា​ដល់​ខែមិថុនា ដែល​ធ្លាក់ចុះ​ពី​៣,១​ភាគរយ​នៅក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំនេះ​។​
 
​តាម​ទិន្នន័យ រួមជាមួយ​ការធ្លាក់ចុះ​នៃ​ការវិនិយោគទុន​និង​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត​មាន​ឡើងជា​មួយ​ចិន​និង​អឺរ៉ុប បានធ្វើ​ឲ្យ​ការជជែក​គ្នាច្រើន​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​។​ក៏ប៉ុន្តែ លោក Mnuchin រដ្ឋមន្ត្រី​រតនាគារ​ស​ហ​រដ្ឋ​អាមេរិក បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ Fox News ថា «​ខ្ញុំ​មិនឃើញ​សេដ្ឋកិច្ច​ធ្លាក់ចុះ​នោះទេ​»​។​
 
​លោក បាន​និយាយទៀតថា «​មិនមាន​សំណួរ​ថា មានការ​រីកចម្រើន​សេដ្ឋកិច្ច​យឺតៗ​ក្នុង​ពិភពលោក​ទាំង​ក្នុងប្រទេស​ចិន​និង​អឺរ៉ុប​ទេ​។ ក៏ប៉ុន្តែ នៅពេលដែល​លោក​អ្នកមើល​សហរដ្ឋអាមេរិក យើង​បាន​បន្ត​ឃើញ​មានការ​រីកចម្រើន​។ យើង​មិន​បានឃើញ​ផលប៉ះពាល់​ណាមួយ​លើ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ទេ​»​។​
 
​ខណៈដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង បាន​ទាក់ទិន​ក្នុង​សង្គ្រាម​ពន្ធគយ​ទៅវិញទៅមក​លើ​ការនាំចេញ​ទំនិញ​ដែលមាន​តម្លៃ​ជា​ប្រាក់​រាប់រយ​ពាន់​លាន​ដុល្លារ​នោះ លោក Mnuchin សង្ឃឹមថា នឹងមាន​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅពេលដែល​ប្រទេស​ទាំង​២ បន្ត​ការចរចា​ពាណិជ្ជកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​ទៀត​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com