អន្តរជាតិ
បុរសមានជាងគេប្រចាំហុងកុង ប្រាប់រដ្ឋាភិបាលឲ្យមានក្ដីមេត្តាចំពោះអ្នកតវ៉ា លោក លី កាស៊ីង មហាសេដ្ឋីហុងកុង (Bloomberg)
× លោក លី កាស៊ីង (Li Ka Shing) បុរសមានដាច់គេប្រចាំក្រុងហុងកុង បានទទូចឲ្យរដ្ឋាភិបាលមានការប្រោសប្រណីមេត្តាចំពោះក្រុមយុវជនដែលធ្វើសកម្មភាពតវ៉ា។ ការស្នើសុំជាសាធារណៈនេះ ធ្វើឡើងក្រោយពីសកម្មភាពតវ៉ាឈានដល់សប្តាហ៍ទី១៤។
កាន់កាប់អាណាចក្រជំនួញក្នុងទីក្រុង ហុងកុង លោក លី កាស៊ីង នៅថ្ងៃទី៨ ខែកញ្ញា បានស្នើឲ្យមានការផ្សះផ្សាគ្នារវាងរដ្ឋាភិបាល និងក្រុមបាតុករ ខណៈការតវ៉ាសប្តាហ៍ថ្មីទៀត កាន់តែចរិតហិង្សាខ្លាំងឡើង។ គិតត្រឹមខែ មិថុនា ឆ្នាំ ២០១៩ លោក លី ជាបុគ្គលមានបំផុតលំដាប់ទី៣០លើពិភពលោក ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ២៩,៤ពាន់លានដុល្លារ។
«ប្រសិនបើវានៅតែបន្ត ស្ថានការណ៍នឹងកាន់តែអាក្រក់ខ្លាំងឡើងៗ។ គិតដល់រឿងនេះ ខ្ញុំព្រួយបារម្ភជាខ្លាំង»។ មហាសេដ្ឋីហុងកុងវ័យ ៩១ឆ្នាំរូបនេះ និយាយបែបនេះ អំឡុងកម្មវិធីមួយ វិហារសាសនាព្រះពុទ្ធ Tsz Shan ។ តាមការចុះផ្សាយរបស់ទូរទស្សន៍ Bloomberg លោក លី សង្ឃឹមថា យុវជនជំនាន់ក្រោយ អាចគិតគូរឲ្យស៊ីជម្រៅអំពីអនាគតពួកគេ និងទីក្រុង ហើយរដ្ឋាភិបាល ក៏អាចមានធម៌មេត្តាលើក្រុមតវ៉ាទាំងនោះផងដែរ។
កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រុមបាតុករមួយក្តាប់តូច បានបង្កចលាចលនៅស្ថានីយរថភ្លើងក្នុងទីក្រុងហុងកុង ដោយដុតភ្លើង វាយកម្ទេច និងដាក់របងរារាំងកម្លាំងសមត្ថកិច្ច។ សកម្មភាពហិង្សានេះ កើតឡើងក្រោយពីក្រុមអ្នកតវ៉ារាប់ម៉ឺននាក់ បានប្រមូលផ្តុំនៅមុខស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុងហុងកុង ដោយទាមទារឲ្យមានការអន្តរាគមន៍ពីសំណាក់ក្រុងវ៉ាស៊ីនតោន។
សូមរំលឹកដែរថា លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិការប្រចាំក្រុង ហុងកុង កាលពីសប្តាហ៍មុន បានប្រកាសដកសេចក្តីព្រាងច្បាប់បត្យាប័នជាផ្លូវការ ។ សំណើច្បាប់ ដែលនឹងបើកផ្លូវការធ្វើបត្យាប័នឧក្រិដ្ឋជនពីហុងកុង ទៅចិនដីគោកនេះហើយ ជាដើមចមនៃការផ្ទុះការតវ៉ាប្រឆាំងរដ្ឋាភិបាលលោកស្រី ការី ឡាំ កាលពីដើមខែមិថុនាមក។ ប៉ុន្តែការតវ៉ានេះបានរីកធំឡើង ដោយក្រុមបាតុករទាមទារឲ្យលោកស្រី ការី ចុះចេញពីតំណែង និងពួកគេមានសិទ្ធិជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតដោយសេរី និងសាកលជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com