អន្តរជាតិ
អតីត​ប្រមុខ​ការពារជាតិ​អាមេរិក​៖ អាមេរិក​គួរ​ឈរ​ខាង​ក្រុមបាតុករ​ហុងកុង​
10, Sep 2019 , 10:39 pm        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​អតីតរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក ជេ​ម ម៉ា​ធី​ស បាន​និយាយ​នៅ​ថ្ងៃទី​៩ ខែកញ្ញា ថា បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ហុងកុង​មិនមែនជា​កិច្ចផ្ទៃក្នុង​របស់​ចិន​ទេ​។ សម្រាប់​លោក ម៉ា​ធី​ស អាមេរិក​គួរ​ណាស់​ផ្តល់ជំនួយ​តាម​សីលធម៌​ដល់​ក្រុមបាតុករ​ទាំងនោះ​។​



​អតីត​ឧ​ត្ត​ម​សេនីយ៍​ទាហាន​ម៉ា​រី​ន​អាមេរិក ជេ​ម ម៉ា​ធី​ស បាន​និយាយប្រាប់​ទី​ភ្នា​ក់​ព័ត៌មាន Reuters ថា សហរដ្ឋអាមេរិក​គួរតែ​ឈរ​ខាង​ក្រុម​ដែល​បាន​ព្យាយាម​ទាមទារ​សិទ្ធិមនុស្ស​បូករួម​ទាំង​បាតុករ​នៅ​ហុងកុង​ដែរ​។ លោក​មាននិយាយ​ដូច្នេះ​ថា​៖« នៅពេលដែល​មនុស្ស​ក្រោកឈរ​ដើម្បី​សិទ្ធិ ខ្ញុំ​គិតថា​យើង​ត្រូវតែ​ឈរ​ខាង​ពួកគេ បើទោះបីជា​វា​ត្រឹមតែ​សីលធម៌​ក៏ដោយ​»​។

​សម្រាប់​បាតុកម្ម​នៅ​ហុងកុង​ដែល​ឈានដល់​សប្ដាហ៍​ទី​១៤​ហើយ​នោះ លោក ម៉ា​ធី​ស មិនបាន​ចាត់ទុកជា​ប​ញ្ហា​ផ្ទៃក្នុង​របស់​ចិន​ឡើយ​។ សម្ដី​បែបនេះ នឹងធ្វើ​ឲ្យ​ចិន​ខឹង​មិនបាន ព្រោះ​ចិន​ចាត់ទុក​បាតុកម្ម​នេះ​ជា​កិច្ចការ​របស់ខ្លួន ហើយ​ដែល​ប្រទេស​នានា​មិនអាច​លូកដៃ​បានឡើយ​។ កន្លងទៅ ចិន​ថែមទាំង​ចោទ​អាមេរិក និង​អង់គ្លេស​ថា បង្កចលាចល​នៅ​ហុងកុង​។
​ពាក់ព័ន្ធ​សេ​ច្ដី​ព្រាង​ច្បាប់​បត្យាប័ន​ដែល​ទើប​ស្លាប់​ជា​ផ្លូវការ​វិញ អតីតរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​រូបនេះ​បញ្ជាក់ថា ការបញ្ជូន​មនុស្ស​ពី​ហុងកុង​យកទៅ​កាត់ទោស​នៅ​ចិន គឺជា​ការរំលោភ​គោលការណ៍​ប្រទេសមួយ ប្រព័ន្ធ​ពីរ ពេល​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​ចិន​នៅ​ឆ្នាំ​១៩៩៧ វិញ​។

​បើទោះបីជា​សេចក្តីព្រាងច្បាប់​បត្យាប័ន​ត្រូវបាន​ដកចេញ​កាលពី​អាទិត្យ​មុន​ក្តី ក៏​ការ​បាតុកម្ម​នៅ​ហុងកុង​នៅតែ​បន្ត​កើតមាន​ដដែល​។ ក្រុម​អ្នក​បាតុករ​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ខាងក្រៅ​ស្ថាន​កុងស៊ុល​អាមេរិក​ដើម្បី​សុំអោយ​លោក ដូ​ណា​ល់ ត្រាំ ជួយផ្តល់​សេរីភាព​ដល់​ហុងកុង​វិញ​។ យ៉ាងណាមិញ​បាតុកម្ម​នេះ​ត្រូវបាន​រំសាយ​ដោយសារ​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែករ​បស់​ប៉ូលិស​ហុងកុង​។​

​សូម​រំឭក​បន្តិច​ថា លោក ម៉ា​ធី​ស បាន​លាលែង​ពី​តំណែង​កាលពី​ខែធ្នូ ឆ្នាំ​២០១៨ បន្ទាប់ពី​មានការ​មិន​ត្រូវរ៉ូវ​គ្នា​ជាមួយ​ប្រធានាធិបតី ត្រាំ ពី​រឿង​ដកទ័ព​ចេញពី​ស៊ី​រី​៕


© រក្សាសិទ្ធិដោយ thmeythmey.com