អន្តរជាតិ
Angelina Jolie ទម្លាយពីគុណតម្លៃដែលលោកស្រីបង្រៀនកូនៗ លោកស្រី Angelina Jolie និងកូនៗទាំង ៦នាក់
× តារាសម្តែងអាមេរិក លោកស្រី Angelina Jolie បានទម្លាយពីមេរៀនដ៏មានតម្លៃ ដែលលោកស្រី បង្រៀនដល់កូនៗ។ លោកស្រីមានកូន៦នាក់ ដែលក្នុងនោះ Maddox អាយុ ១៨ឆ្នាំ, Pax ១៥ឆ្នាំ, Zahara ១៤ឆ្នាំ, Shiloh ១៣ ចំណែក Vivience និង Knox អាយុ ១១ ឆ្នាំដូចគ្នា។
ឆ្លើយក្នុងបទសម្ភាសផ្តាច់មុខជាមួយទស្សនាវដ្តីបារាំង Hello! នៅថ្ងៃទី៩ កញ្ញា លោកស្រី Angelina និយាយថា គុណតម្លៃដែលលោកស្រីបង្រៀនដល់កូនៗ គឺមានដូចជា ការធ្វើអំពើល្អចំពោះខ្លួនឯង និងអ្នកដទៃ, ការចេះដាក់ខ្លួន, ហើយយល់ដឹងពីសេរីភាពដែលខ្លួនមាននិងពេញចិត្តនឹងវា។ បន្ថែមពីនេះ ពួកគេត្រូវប្រាកដថាចេះជួយយកអាសាអ្នកដទៃ ព្រមទាំងហ៊ានទទួលកំហុសដែលខ្លួនបានប្រព្រឹត្ត ព្រោះថាជាមនុស្សគ្មាននរណាឥតខ្ចោះឡើយ។
ជាមួយគុណតម្លៃទាំងអស់នេះហើយ លោកស្រី Angelina លើកឡើងថា នៅពេលពួកគេធំធាត់ឡើង លោកស្រីមើលឃើញថា កូនៗលោកស្រីជាបុគ្គលរឹងប៉ឹង ប៉ុន្តែព្រមបើកចិត្តទទួលគំនិតអ្នកដទៃ។ លោកស្រី ក៏ប្រឹងប្រែងបង្កើតគំរូល្អៗសម្រាប់ពួកគេ ជាអាទិ៍ មានសណ្ដានចិត្តល្អ និងចេះទន់ភ្លន់ដាក់អ្នកដទៃ ដូចម្តាយលោកស្រី ដែលជាមនុស្សគួរឲ្យស្រឡាញ់ និងមានការអធ្យាស្រ័យខ្ពស់។
បន្ថែមពីនេះ តារាសម្តែងវ័យ៤៤ឆ្នាំរូបនេះ ក៏និយាយពីទង្វើដែលកូនៗលោកស្រីធ្វើដាក់លោកស្រី ជាពិសេស នៅថ្ងៃទិវាម្តាយ «Mother’s Day» ។ លោកស្រី បញ្ជាក់បែបនេះ៖«នៅថ្ងៃ Mother’s Day កូនៗខ្ញុំធ្វើអាហារពេលព្រឹក និងទិញផ្កាជូនខ្ញុំ ដើម្បីឲ្យខ្ញុំមានអារម្មណ៍ថា ជាមនុស្សពិសេសសម្រាប់ពួកគេ»៕
Tag:
Angelina Jolie
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com