អន្តរជាតិ
វិស័យទេសចរណ៍ហុងកុង ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងពេល១៦ឆ្នាំ ដោយសារការបាតុកម្ម
×
ដោយ៖ ឈួន ឈីវអ៊ីង
វិស័យទេសចរណ៍របស់ហុងកុង ទទួលរងផលអាក្រក់យ៉ាងខ្លាំងក្រោយពីភ្ញៀវទេសចរបានធ្លាក់ចុះក្នុងរយៈជាង ១០ឆ្នាំមកនេះ។ ការធ្វើបាតុកម្មតវ៉ានៅតាមដងផ្លូវ ក្នុងខែសីហានេះ បានកាត់បន្ថយចំនួនភ្ញៀវមកលេងតំបន់ដែលពេញនិយម ដូចជា Disneyland និង Ocean Park។
ចំនួនភ្ញៀវទេសចរទៅដល់ហុងកុង បានធ្លាក់ចុះស្ទើរតែ៤០% ក្នុងខែសីហា ដែលជាការធ្លាក់ទាបបំផុតគិតតាំងពីឆ្នាំ២០០៣ ។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុហុងកុង Paul Chan Mo កាលពីថ្ងៃទី៨ ខែកញ្ញា។ កាលពីឆ្នាំ២០០៣ ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានដោយសារពេលមានការផ្ទុះនៃជម្ងឺផ្លូវដង្ហើម (Sars) ។
ប្រធានក្រុមប្រឹក្សាទេសចរណ៍ហុងកុងដែលតំណាងក្រុមអ្នកនាំភ្ញៀវ ជាងបីពាន់នាក់ ក្នុងទីក្រុងហុងកុងបាននិយាយថា ពួកយើងទទួលរងការវាយប្រហារយ៉ាងខ្លាំងពីការធ្វើបាតុកម្ម។ កាលពីឆ្នាំមុនៗ អ្នកនាំភ្ញៀវទេសចរណ៍អាចរកចំណូលបាន ៣៨០០ដុល្លាអាមេរិកក្នុងមួយខែ អំឡុងខែកក្កដា និងសីហា។ ពេលនេះ អ្នកនាំភ្ញៀវមួយចំនួនសម្រេចចិត្តស្នាក់នៅ ចិនដីគោកជាមួយសាច់ញាតិបណ្តោះអាសន្នដើម្បីកាត់បន្ថយការចំណាយ។
លោក Yiu Si Wing ជាសមាជិកសភាតំណាងឲ្យឧស្សាហកម្មទេសចរណ៍ និងជាប្រធានសេវាកម្មទេសចរណ៍ចិននៅហុងកុង បានឲ្យដឹងថា អត្រាជួលបន្ទប់សណ្ឋាគារ ត្រូវបានបន្ទាបស្ទើ៤០% ខុសពីធម្មតា។ បន្ទប់នៃសណ្ឋាគារ Ibis នៅសង្កាត់ Sheung Wan ក្នុងសប្តាហ៍នោះមានតម្លៃ ៥៥០ដុល្លារហុងកុង ដែលតាមច្បាប់ បន្ទប់មួយត្រូវមានតម្លៃយ៉ាងទាបបំផុតក៏ មួយពាន់ដុល្លារហុងកុងដែរ។ នេះបើតាមកាសែតហុងកុង South China Morning Post ។
សមាជិកសភាដដែល បានបន្ថែមទៀតថា បញ្ហាដ៏ធំជាងគេគឺមិនមែនតម្លែ ឬទីផ្សារនោះទេ តែមនុស្សម្នានឹងបាត់បង់ទំនុកចិត្តក្នុងការចូលមកលេងនៅទីក្រុងហុងកុង។ នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ គ្មានភ្ញៀវទេសចរណ៍ទៅកំសាន្តនៅឧទ្យាន Disneyland និង Ocean Park នោះទេ ដែលជាធម្មតាកន្លែងទាំងពីរនេះជាទីពេញចិត្តរបស់ពួកគេ។
ភោជនីយដ្ឋាននានា ក៏កំពុងស្ថិតក្រោមសម្ពាធរបស់អតិថិជនដែរ បើទោះបីជាពួកគេបានកាត់តម្លៃពាក់កណ្តាលរួចទៅហើយក្តី។ អំឡុងពេលបាយថ្ងៃត្រង់ក្នុងថ្ងៃចន្ទ មានហាងតែពាក់កណ្តាលប៉ុណ្ណោះ ដែលបើកលក់ ខណៈហាងជាច្រើនបានបិទទ្វារ។
គួរបញ្ជាក់ផងដែរថា ការតវ៉ាទាមទារលទ្ធិប្រជាធិបតេយ្យរបស់ហុងកុងបានអូសបន្លាយពេលអស់ ១៤សប្តាហ៍មកហើយ ប៉ុន្តែគ្មានសញ្ញានៃការបន្ធូរបន្ថយឡើយ ព្រមទាំងបានធ្វើឲ្យអាកាសយានដ្ឋានត្រូវបិទអស់រយៈពេល២ថ្ងៃទៀតផង ហើយមានការបង្កអគ្គិភ័យនៅតាមដងផ្លូវ និងបិទចោលស្ថានីយ៍រថភ្លើងរាប់សិបកន្លែងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com