អន្តរជាតិ
ចាប់ពីការវាយប្រហារថ្ងៃ១១ កញ្ញា អាមេរិកចាយ១,៥ទ្រីលានដុល្លារលើសង្គ្រាមនៅបរទេស ប្រភពរូប៖ AFP
× ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ជាខួប ១៨ ឆ្នាំនៃការវាយប្រហារលើអគារពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយក្រុមភេរវជនអាល់កៃដា។ មនុស្សជិត ៣ពាន់នាក់ បានស្លាប់ក្នុងហេតុការណ៍ដ៏រន្ធត់នេះ។ រាប់ចាប់ពីឆ្នាំ ២០០១ មកដល់បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានចំណាយលុយរាប់ទ្រីលានដុល្លារលើសង្គ្រាមប្រឆាំងភេរវកម្ម នៅអាហ្វហ្គានីស្ថាន។
របាយការណ៍ក្រសួងការពារជាតិអាមេរិក បានបង្ហាញថា ក្រុងវ៉ាស៊ីនតោន បានចាយលុយប្រមាណ១,៥ ទ្រីលានដុល្លារ ចាប់ពីការវាយប្រហារថ្ងៃ ១១ កញ្ញា ឆ្នាំ ២០០១ មកនេះដើម្បីធ្វើសង្គ្រាមនៅក្រៅប្រទេស។
យោងតាមសារព័ត៌មាន CNBC របាយការណ៍ក្រសួងខាងលើ បានបញ្ជាក់ថា ប្រតិបត្តិការយោធាធំៗបី នាពេលបច្ចុប្បន្នមានដូចជា ប្រតិបត្តិការនៅអាហ្វហ្គានីស្ថាន, ស៊ីរី និងអ៊ីរ៉ាក់ រួមទាំងប្រតិបត្តិការពង្រឹងសមត្ថភាពសន្តិសុខក្នុងស្រុក (Operation Noble Eagle) ត្រូវចំណាយលុយអស់ ១៨៥,៥ពាន់លានដុល្លារឯណោះ។
របាយការណ៍ដដែលនេះ បានបន្ថែមថា ថវិកាទាំងនោះ ត្រូវបានប្រើប្រាស់លើការបំពាក់បំប៉នសមត្ថភាព សម្ភារយោធា និងជួសជុលអាវុធ រួមទាំងចំណីអាហារ សម្លៀកបំពាក់ សេវាសុខាភិបាល និងប្រាក់បៀវត្សរ៍កងទ័ព។
មែនទែនទៅ ក្រោយការវាយប្រហារលើអគារពាណិជ្ជកម្មពិភពលោក អាមេរិក បានចាប់ផ្តើមប្រកាសង្គ្រាមប្រឆាំងភេរវកម្ម ហើយការចំណាយលើសង្គ្រាមចាប់ផ្តើមពីពេលនោះដែរ។ អាហ្វហ្គានីស្ថានកាលនោះ ក្លាយជាគោលដៅឈ្លានពានរបស់អាមេរិក ដោយសាររដ្ឋាភិបាលក្រុងកាប៊ុល ស្ថិតក្រោមការដឹកនាំរបស់ក្រុងតាលីបង់បដិសេធប្រគល់មេភេរវករអាល់កៃ ដាអូសាម៉ា ប៊ិនឡាដិន ឲ្យអាមេរិកនោះ។
ចាប់ពីពេលនោះមក អាមេរិក បន្តផុងខ្លួនក្នុងសង្គ្រាមនេះរហូតមក។ មកដល់បច្ចុប្បន្ន អាហ្វហ្គានីស្ថាន ជាសង្គ្រាមយូរជាងគេក្នុងប្រវត្តិសាស្ត្រអាមេរិក ដោយវាមានអាយុកាល ១៨ឆ្នាំហើយ។ ទោះមានចេតនាចង់ដកកងទ័ពចេញក៏ដោយ បច្ចុប្បន្នអាមេរិកនៅសល់ទប់ប្រហែល ១៤ពាន់នាក់ដែលពួកគេភាគច្រើនដើរតួជាទីប្រឹក្សាយោធាសម្រាប់ទាហានអាហ្វហ្គានីស្ថាន។ យ៉ាងណាមិញ រដ្ឋបាលលោក ដូណាល់ត្រាំ បានបញ្ជាក់ពីគោលជំហរគាំទ្រការចរចាបង្កើតសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថានជាមួយក្រុមតាលីបង់ដែរដើម្បីបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com