ជាតិ
បាក់ឌុប
អ្នកនាំពាក្យ៖ ក្រសួងអប់រំ គ្មានគោលការណ៍បើកចំហសម្រាប់បេក្ខជនដូចឆ្នាំ២០១៨ទេ
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា គ្មានគោលការណ៍បើកចំហ សម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា (បាក់ឌុប) ឆ្នាំ២០១៩នេះ ដូចកាលឆ្នាំ២០១៨ឡើយ។ ការបកស្រាយរបស់ក្រសួងអប់រំ ដើម្បីឆ្លើយតបនឹងបេក្ខជនប្រឡងបាក់ឌុប ដែលនាំគ្នាតវ៉ា ចំពោះលទ្ធផលប្រឡងរបស់ពួកគេ នៅព្រឹកថ្ងៃទី១១ កញ្ញានេះ។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បាននិយាយថាយន្តការរបស់ក្រសួង នៅឆ្នាំ២០១៩នេះ គឺឆ្លើយតបតាមអ្វីដែលជាភាពចាំបាច់ ស្របតាមគោលការណ៍ច្បាប់ប៉ុណ្ណោះ ពោលគឺមិនបើកទំលំទូលាយដូចឆ្នាំមុនឡើយ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ឆ្លើយតបករណីសិស្សនាំគ្នាតវ៉ា នៅមុខក្រសួងអប់រំ ដោយសារមិនពេញចិត្តលទ្ធផលប្រឡងខ្លួននេះ លោក រស់ សុវាចា ដែលកំពុងប្រជុំនៅប្រទេសសិង្ហបុរីនោះ បានបកស្រាយតាមបណ្ដេញសង្គមតេឡេក្រាម យ៉ាងដូច្នេះថា៖«ក្រសួងអប់រំ យុវជន និងកីឡាមិនមានគោលការណ៍បើកចំហជូនបេក្ខជនដូចឆ្នាំ២០១៨ទេ។ ក្រសួងយល់ពីមនោសញ្ចេតនារបស់បេក្ខជន និងក្រុមគ្រួសារ ក្រោយពីទទួលលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនីមួយៗ។ ជាទូទៅ ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍មតិរិះគន់ ស្ថាបនា និងឆ្លើយតបតាមភាពចាំបាច់ និងតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន»។
នៅព្រឹកថ្ងៃទី១១ កញ្ញានេះ មានយុវជនប្រមាណ៥០នាក់ បាននាំគ្នាតវ៉ាចំពោះលទ្ធផលប្រឡងរបស់ពួកគេ នៅមុខក្រសួងអប់រំ។ យុវសិស្ស លឹម ឈុនអេង ដែលជាសិស្សរៀននៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក និងប្រឡងនៅវិទ្យាល័យពោធិ៍ចិនតុង បានកើតទុក្ខមិនសុខចិត្ត លើលទ្ធផលរបស់ខ្លួន។ នាងមកតវ៉ាលើមុខវិជ្ជាទាំងអស់ លើកលែងតែមុខវិជ្ជាភាសាខ្មែរតែប៉ុណ្ណោះ។ យុវសិស្សរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា នាងខ្ញុំជឿជាក់លើធ្វើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា និងភាសាអង់គ្លេស ថានឹងធ្វើបានល្អ តែផ្ទុយមកវិញបែរជាទទួលបានលទ្ធផលធ្លាក់ទៅវិញ ទើបធ្វើឲ្យនាងមិនសុខចិត្ត និងមកតវ៉ាទាមទារឲ្យក្រសួងធ្វើកំណែឡើងវិញ។
ស្រដៀងគ្នានេះដែរ យុវតី ច្រឹង ចាន់ពេញបូរមី ដែលប្រឡងបាននិទ្ទេសD ក៏មកទាមទារឲ្យក្រសួងធ្វើកំណែលើសន្លឹកវិញ្ញាសា របស់នាងផងដែរ។ បើតាមការបញ្ជាក់ពីយុវតីរូបនេះ មុខវិជ្ជា ដែលនាងចង់ឲ្យក្រសួងសើរើឡើងវិញ គឺមុខវិជ្ជាគណិតវិទ្យា។ យុវតី ច្រឹង ចាន់ពេញបូរមី បានបញ្ជាក់ថា៖«ខ្ញុំប្រឹងរកមុខវិជ្ជាគណិតវិទ្យាមែនទែន ហើយខ្ញុំបានផ្ទៀងផ្ទាត់លើអត្រាកំណែគណិតវិទ្យារួចហើយ ហើយក៏ធ្វើត្រូវទៀត ប៉ុន្តែលទ្ធផលចេញមកគឺធ្លាក់ទៅវិញ»។
តែយ៉ាងណា បេក្ខជនឡើងមកតវ៉ានៅក្រសួងអប់រំនេះ បានត្រឡប់ទៅផ្ទះវិញ ក្រោយពីពួកគេបានសរសេរលិខិតរៀបរាប់ពីលទ្ធផលមុខវិជ្ជានីមួយៗ ដែលពួកគេមិនពេញចិត្តនោះ ដាក់ស្នើឲ្យក្រសួង។
ដ្បិតមិនឆ្លើយតបឱ្យចំនូវអ្វីដែលសិស្សតវ៉ាក្តី ប៉ុន្តែលោក រស់ សុវាចា បាននិយាយក្នុងន័យនេះថា ក្រសួងស្រង់ពិន្ទុ និងពិនិត្យផ្ទៀងផ្ទាត់ ដោយភាពសុក្រឹត មុននឹងចេញលទ្ធផលផងដែរ។ «សុក្រឹតភាព និងប្រសិទ្ធភាពនៃគ្រប់ដំណាក់កាលប្រឡងឆ្នាំនេះ បានមកពីកិច្ចសហការណ៍របស់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុមការងារកំណែក្រដាសកិច្ចការបេក្ខជន ក្រុមការងារស្រង់ បូកពិន្ទុដោយកំព្យូទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុ។ ដូច៥ឆ្នាំកន្លងមក ក្រសួងក៏បានទទួលកិច្ចសហការ ពីអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួងស្ថាប័ននានា»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំ។
កាលពីឆ្នាំ២០១៨ លទ្ធផលបាក់ឌុបត្រូវបានប្រកាសរហូតដល់ទៅពីរលើក ដោយសារមានការតវ៉ាពីក្រុមសិស្សក្នុងរាជធានីភ្នំពេញ និងខេត្តកំពតដែលច្បាស់លាស់នឹងសំណេររបស់ខ្លួន។ ក្រោយការតវ៉ា គណៈកម្មការជំនាញ បានរកឃើញថា ដំណើរការបូកស្រង់ពិន្ទុ តាមប្រព័ន្ធកុំព្យូទ័រ មានបញ្ហាបច្ចេកទេសទាក់ទងនឹងពិន្ទុមុខវិជ្ជាគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ។
បន្ទាប់ពីដោះស្រាយបញ្ហាបច្ចេកទេស ក្រសួងអប់រំ បានប្រកាសថា អ្នកជាប់បាក់ឌុបឆ្នាំ២០១៨ មាន ៧៦ ០៣៤នាក់ ត្រូវជា ៦៧.០៧ភាគរយ ក្នុងនោះ និទ្ទេស A មានចំនួន៤០៨នាក់ និទ្ទេស B ចំនួន ២ ២២២នាក់ និទ្ទេស C ចំនួន ៦ ០៤១នាក់ និទ្ទេស D ចំនួន១៥ ១៨០នាក់ និងនិទ្ទេស E ចំនួន ៥២ ១៨៣នាក់។
គួរបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ នេះ មានសិស្សដែលប្រឡងជាប់មានចំនួន ៧៩ ០៥២នាក់ ត្រូវជា ៦៨.៦២ភាគរយ។ ក្នុងនោះបេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤៤៣នាក់ និទ្ទេស B មានចំនួន ២ ៤៣០នាក់ និទ្ទេស C មានចំនួន ៥ ៨៤៧នាក់។ ចំណែកឯនិទ្ទេស D មានចំនួន ១៤ ១០០នាក់ និងនិទ្ទេស E មានចំនួន ៥៦ ២៣២ នាក់៕
Tag:
លទ្ធផលប្រឡង
សិស្ស
ក្រសួងអប់រំ
បាក់ឌុប
BacII2019
© រក្សាសិទ្ធិដោយ thmeythmey.com