ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របប​អាហារ​ដែល​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​បាន​
13, Sep 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ជំងឺ​ទឹកនោមផ្អែម​គឺជា​ជំងឺ​បណ្តាលមកពី​ការរំលាយ​អាហារ​មិនបាន​ល្អ ឬ​ហៅថា Metabolic Disease ដែល​ភាគច្រើន​បង្កឡើង​ដោយ​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​។ ជំងឺ​នេះដែរ ក៏​កើត​លើ​មនុស្ស​ប្រុស​ស្រី​ច្រើនណាស់​នៅ​ប្រទេស​កម្ពុជា​យើង ជាពិសេស​អ្នក​ដែល​ញ៉ាំ​ច្រើន តែ​មិនសូវ​ធ្វើ​សកម្មភាព​រាងកាយ​តែម្តង​។



​យ៉ាងណាមិញ យើង​ក៏​ជួប​ជំងឺ​នេះ​ច្រើន​បំផុត​លើ​មនុស្ស​ដែល​ធាត់​ជ្រុល​។ សំណាង​ដែរ យើង​មាន​វិធីសាស្ត្រ​រៀបចំ​របប​អាហារ​មួយចំនួន​ដែល​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​បាន​។

​មិនត្រូវ​តម​អាហារ​

​បើសិនជា​អ្នកមាន​គម្រោង​តម​អាហារ​ពេលព្រឹក ឬ​មិន​ញ៉ាំ​អាហារ​ដើម្បី​បញ្ចុះ​កាឡូរី​នោះ វា​ពិតជា​មិនល្អ​ឡើយ ព្រោះ​អ្នកនឹង​ឃ្លាន​កាន់តែខ្លាំង​នៅពេល​ញ៉ាំ​អាហារ​ថ្ងៃត្រង់​វិញ​។ ដូច្នេះ អ្នក​គួរតែ​រក្សា​ទម្លាប់​ញ៉ាំ​អាហារ​ឲ្យ​បានល្អ​ធម្មតា​វិញ​ទៅ​។ ករណី​មិនសូវ​ឃ្លាន​អាហារ​ពេលយប់ អ្នក​ក៏​អាច​ញ៉ាំ​អាហារ​តិចៗ ឬ​ញ៉ាំ​ផ្លែឈើ​ដើម្បី​កុំ​ឲ្យ​ឃ្លាន​អាហារ​ពេលយប់​បានដែរ​។ ចូរ​ចាំ​ថា ការ​តម​អាហារ​មិន​ត្រឹមតែ​នាំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ទេ តែ​ក៏​បណ្តាល​ឲ្យ​មិន​ស្រួល​ក្នុង​ខ្លួន​ធ្ងន់ធ្ងរ​ដែរ​ដូចជា វិលមុខ បេះដូង​ដើរ​ញ៉ាប់ និង​បែកញើស​ត្រជាក់​ខ្លួន​។

​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ច្រើន​នៅពេល​ថ្ងៃ​

​ការចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយនឹង​អាហារ​ជាតិ​សរសៃ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ឆាប់​ឆ្អែត​ទេ តែ​ក៏​មិន​ងាយ​ធ្វើ​ឲ្យ​អ្នក​ឃ្លាន​អី​ច្រើន​ដែរ​។ អាហារ​ពេលព្រឹក​សម្បូរ​ជាតិ​សរសៃ អ្នក​អាច​ជ្រើសរើស​ការ​ញ៉ាំ​នំ​បុ័ង ផ្លែឈើ និង​បន្លែ ព្រោះ​វា​អាចជួយ​រក្សា​ភាព​ធម្មតា​របស់​ជាតិ​ស្ករ​ក្នុង​ឈាម​ទៀត​។

​ចៀសវាង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ច្រើន​

​គន្លឹះ​ដ៏​សំខាន់​ដែល​អ្នក​ត្រូវ​ចាំ​នោះ​គឺ​កាត់បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម ឬ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​តែម្តង​នៅពេល​ស្រេកទឹក​។ ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ខ្ពស់​អាច​បណ្តាល​ឲ្យ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម ដែលជា​ហេតុ​នាំ​ឲ្យ​ស្រេកទឹក​កាន់តែខ្លាំង និង​នោម​ញឹក​។ យក​ល្អ​គួរតែ​ញ៉ាំ​ទឹក​ធម្មតា​ឲ្យ​បាន​គ្រប់គ្រាន់​នៅពេល​ថ្ងៃ​វិញ ហើយ​អ្នក​ក៏​អាច​ញ៉ាំ​ទឹកដូង​បានដែរ​។

​ជ្រើសរើស​របស់​ផ្អែម​បែប​ធម្មជាតិ​

​ជាតិ​ផ្អែម​របស់​ផ្លែឈើ និង​ជាតិ​សរសៃ​របស់​វា​ពិតជា​ល្អ​ជាង​ជាតិ​ផ្អែម​បែប​សិប្ប​និមិត្ត​ឆ្ងាយ​ណាស់ ព្រោះ​វា​មិនសូវ​ធ្វើ​ឲ្យ​ឃ្លាន​ខ្លាំង ព្រោះ​វា​មានការ​បឺត​ស្រូប​ចូលទៅក្នុង​ឈាម​រយៈពេល​យូរ ដូច្នេះ​ជាតិ​ស្ករ​ក៏​នៅ​នឹងនរ​បានយូរ​ដែរ​។ លើសពីនេះទៅទៀត អាហារ​ទាំងនេះ​ត្រូវបាន​រំលាយ​យឺតៗ​ទើប​ចូលទៅក្នុង​ចរន្តឈាម​។

​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​

​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​អាច​បន្ថយ​សកម្មភាព​ងាយ​ទទួលយក​របស់​អាំង​ស៊ុយ​លីន​ក្នុង​ខ្លួន ដូច្នេះ​វា​នឹងធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ទៀងទាត់​អាច​ប្រឈម​ខ្លាំង​នឹង​ការឡើង​ទម្ងន់ ដូច្នេះ​ជំងឺ​ទឹកនោមផ្អែម​ពិតជា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ជាមិនខាន​។ ដូច្នេះ​អ្នក​ត្រូវតែ​ធ្វើយ៉ាងណា កុំ​ញ៉ាំ​គ្រឿង​ស្រវឹង​លើសពី ៣០​មី​លី​លីត្រ​ក្នុង​មួយថ្ងៃ​ឲ្យ​សោះ​។

​មិន​ហាត់ប្រាណ​

​បើសិនជា​អ្នក​មិនអាច​ហាត់ប្រាណ​ដោយ​ការ​លើស​ទម្ងន់​បានទេ អ្នក​គួរតែ​ជ្រើសរើស​របៀប​ហាត់​បែប​ធម្មតា​វិញ​ដូចជា ការ​ថែ​សួន ការឡើង​ជណ្តើរ ឬ​ដើរ​រយៈពេល ២០​នាទី​វិញ ព្រោះ​វា​ក៏​ជួយ​បង្កើន​ការរំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​បានដែរ​។ ក្នុង​ពិធីបុណ្យ​ច្រើន​តែមាន​ការលេង​ហ្គេម​កម្សាន្ត ស្តាប់​ចម្រៀង និង​រាំ​សប្បាយ ដូច្នេះ​អ្នក​គួរតែ​ចូលរួម​កម្មវិធី​ទាំង​នេះដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com