អន្តរជាតិ
ផ្សែងភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ីហុយដល់ម៉ាឡេស៊ី បង្កឲ្យមានភាពចម្រូងចម្រាស រូបភាព (AFP)
× រដ្ឋមន្ត្រីបរិស្ថានម៉ាឡេស៊ី លោកស្រី Yeo Bee Yin ច្រានចោលនូវការលើកឡើងរបស់ឥណ្ឌូណេស៊ីថា ម៉ាឡេស៊ី បានលាក់បាំងការពិតអំពីស្ថានភាពផ្សែងពុល ខណៈពេលនាយករដ្ឋមន្ត្រីមហាធៀ មហាម៉ាត់ បានកោះប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីដោះស្រាយបញ្ហាផ្សែងពុលនៅក្នុងតំបន់។
នៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី ១១ ខែកញ្ញា លោកស្រី Yeo បាននិយាយថា ទិន្នន័យបានចង្អុលបង្ហាញយ៉ាងច្បាស់ថា ផ្សែងពុលដែលមាននៅម៉ាឡេស៊ី គឺហ៊ុយមកពីឥណ្ឌូណេស៊ី។ លោកស្រីរដ្ឋមន្ត្រីបានបន្ថែមទៀតថា៖ «ទុកឲ្យទិន្នន័យបង្ហាញខ្លួនឯងចុះ»។
ការសរសេរនៅលើបណ្តាញសង្គមបែបនេះ គឺក្រោយពេលរដ្ឋមន្ត្រីព្រៃឈើ និងកិច្ចការបរិស្ថាន លោកស្រី Siti Nurbaya Bakar បានចោទម៉ាឡេស៊ីថា មិនបានបង្ហាញរូបភាពច្បាសលាស់អំពីបញ្ហាផ្សែងពុល។ ជាពិសេសលោកស្រី បានលើកឡើងទៀងថា ផ្សែងពុលនេះអាចបណ្តាលមកពីភ្លើងឆេះព្រៃនៅក្នុងប្រទេសម៉ាឡេស៊ីក៏ថាបាន។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីព្រៃឈើ និងកិច្ចការបរិស្ថាន ក៏បដិសេធពីអះអាងមួយចំនួនថា ផ្សែងពុលនៅខេត្ត Riau ឥណ្ឌូណេស៊ី បានហ៊ុយដល់ប្រទេសសិង្ហបុរីផងដែរ។
ការស្រាវជ្រាវចរន្តខ្យល់បក់របស់មជ្ឈមណ្ឌលជំនាញអាកាសធាតុអាស៊ាន, រូបភាព(ASMC)
ដើម្បីការពារនូវអ្វីដែលរដ្ឋមន្ត្រីឥណ្ឌូណេស៊ីបានចោទប្រកាន់ លោកស្រី Yeo បានចែករំលែក ឬ Share ជាសាធារណៈនូវព័ត៌មាន ដែលបានចុះផ្សាយដោយមជ្ឈមណ្ឌលជំនាញអាកាសធាតុអាស៊ាន មានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានបង្ហាញថា មានភ្លើងឆេះព្រៃ ៤៧៤កន្លែងនៅលើកោះកាលីម៉ាន់តាន់ និង៣៨៧កន្លែងទៀតនៅលើកោះស៊ូម៉ាត្រានាថ្ងៃទី ១០ ខែកញ្ញា។ ចំណែកនៅក្នុងប្រទេសម៉ាឡេស៊ីវិញ មានករណីភ្លើងឆេះព្រៃតែ ៧កន្លែងប៉ុណ្ណោះ។
ការស្រាវជ្រាវចរន្តខ្យល់បក់របស់មជ្ឈមណ្ឌលជំនាញអាកាសធាតុអាស៊ាន។ រូបភាព ASMC
ដោយមានភ្ជាប់មកជាមួយរូបភាពចរន្តខ្យល់បក់ រដ្ឋមន្ត្រីបរិស្ថានម៉ាឡេស៊ីបានបញ្ជាក់ថា ការអះអាងលោកស្រី Siti គឺមិនអាចទៅរួចទេ ដែលខ្យល់បានបក់មកពីខេត្តSarawak ម៉ាឡេស៊ី ហើយលោកស្រីក៏មិនអាចបដិសេធបានដែរ។
ចំណែកលោកនាយករដ្ឋមន្ត្រីមហាធៀ បានគូសបញ្ជាក់ថា គណៈរដ្ឋមន្ត្រីនៅថ្ងៃទី ១១ ខែកញ្ញា បានពិភាក្សាស្វែងរកដំណោះស្រាយ ក្នុងការគ្រប់គ្រងស្ថានភាពផ្សែងពុលនៅក្នុងប្រទេស។ បន្ថែមពីលើនេះ លោក មហាធៀ ក៏បាននិយាយពាក់ព័ន្ធនឹងការបញ្ជេញមតិរបស់លោកស្រីរដ្ឋមន្ត្រីឥណ្ឌូណេស៊ីផងដែរថា៖ «នោះជាការបញ្ជេញមតិរបស់គាត់ ដូច្នោះយើងមិនអាចនិយាយអ្វីបានទាំងអស់»។
ជាការពិត តាមការត្អូញត្អែររបស់ប្រទេសជិតខាងឥណ្ឌូណេស៊ីអំពីផ្សែងពុល គឺកើតចេញពីការដុតព្រៃ ដើម្បីយកដីទៅដាំដូងប្រេង។ នៅថ្ងៃទី ៦ ខែកញ្ញា រដ្ឋាភិបាលម៉ាឡេស៊ី បានផ្ញើរលិខិតការទូតទៅឥណ្ឌូណេស៊ី ដើម្បីឲ្យធ្វើការចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃជាបន្ទាន់។
សូមបញ្ជាក់ថា ដោយសារតែផ្សែងពុលនៅក្នុងម៉ាឡេស៊ីមានកម្រិតខ្ពស់នៅថ្ងៃទី១២ ខែកញ្ញា រដ្ឋាភិបាលបានចេញបញ្ជាឲ្យបិទសាលារៀនមួយចំនួននៅក្នុងទីក្រុង Klang និងរដ្ឋ Selangor ដើម្បីកុំឲ្យសិស្សសាលាទទួលរងនូវផ្សែងពុលនៅក្នុងខ្យល់។ ជាពិសេសរដ្ឋាភិបាល ហាមឃាត់មិនឲ្យមានការដុតភ្លើងផ្សេងៗ រហូតដល់បញ្ចប់រដូវម៉ូសុង៕
Tag:
ម៉ាឡេស៊ី
ឥណ្ឌូណេស៊ី
បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com