ONE Championship
កីឡាជាតិ
ជាតិ
គ្រូបង្វឹក៖ ជំហរដេករបស់ ចាន់ រតនា ត្រូវពង្រឹងក្បាច់គុនជីជិតស៊ូបន្ថែម
×
អត្ថបទ៖ ស៊ីធី
គ្រូបង្វឹកខ្សែក្រវាត់ខ្មៅ ជីជិតស៊ូ ៣ដាន់លោក Fernando Salvador យល់ឃើញថា ក្បាច់គុនជីជិតស៊ូបានដើរតួយ៉ាងសំខាន់ដើម្បីជួយឲ្យ ចាន់ រតនា មានការប្រកួតលើជំហរដេក ឲ្យកាន់តែល្អប្រសើរជាងមុន។
គ្រូបង្វឹកសញ្ជាតិអាមេរិករូបនេះគូសបញ្ជាក់ថា ៖«ដើម្បីកសាងទំនុកចិត្តក្នុងការប្រកួតលើក្ដារេញ ឬ ជំហរដេក ការហាត់ជីជិតស៊ូ ពិតជាសំខាន់ ណាស់សម្រាប់ជើងខ្លាំង ចាន់ រតនា ដែលត្រូវហាត់រាល់ថ្ងៃជាពិសេសនៅពេលព្រឹកដែលមានអារម្មណ៍ល្អ ធ្វើចិត្តឲ្យជ្រះស្រលះចិត្ត និងប្រើវិធីសាស្ត្រផ្សេងៗក្នុងការធ្វើលំហាត់ប្រាណដើម្បីឲ្យរាងកាយសុំាចង្វាក់ប្រកួតបានលឿន និង ប្រើពេលវេលាតិចតួច មានភាពអំណត់។ នេះជាវិធីដែលធ្វើឲ្យ ចាន់ រតនា ល្អប្រសើរឡើងក្នុងការប្រកួតគុនចម្រុះ»។
បែបណាក្ដី រតនា ទទួលបានការហ្វឹកហាត់ក្បាច់ជីជិតស៊ូ ពីគ្រូបង្វឹក ខូវ វិវឌ្ឍនា ជាប្រចាំ បូកនឹងក្បាច់ចំបាប់ និង MMA ផងដែរ។ ប៉ុន្តែអ្វីដែលគេមើលឃើញនោះ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះមិនអាចប្រើក្បាច់វ៉ៃដេក ឬ វ៉ៃក្នុងជំហរដេកដើម្បីផ្ដួលគូប្រកួតនោះឡើយដោយហេតុថា រូបគេពូកែខាងយុទ្ធគុនខម និង គុនខ្មែរប៉ុណ្ណោះ។ ម្ចាស់ក្លិប «សិល្បៈ» ក៏បានសារភាពដែរថា ៖«អ្វីដែលខ្ញុំរៀន គឺ ខ្ញុំរៀនក្បាច់ដោះឃ្លេ ច្រើនជាងព្រោះយើងមិនមែនជំនាញខាងឃ្លេ។ ខ្ញុំមិនពូកែក្បាច់ MMA ដើម្បីឈ្នះគូប្រកួតទេ»។ ជើងខ្លាំង ចាន់ រតនា បានបង្កើតគួរឲ្យកត់សម្គាល់និងអស្ចារ្យលើសង្វៀនគុនចម្រុះដោយឈ្នះ ៧ ដង និង ចាញ់ ៣ លើ។ រឿងជាមោទនភាពមួយទៀត រូបគេក្លាយជាកីឡាករកម្ពុជាទី១ ដែលឈ្នះលើសង្វៀនអន្តរជាតិ ONE រហូតដល់ ៣ លើកជាប់គ្នា ក្រោយវាយ Abrou Fernandes , និង Rudy Agustian ឲ្យចុះចាញ់ត្រឹមទឹកទី២ ហើយបន្ត ឈ្នះ Gustavo Balart កាលខែ សីហា នៅបាងកក។
Fernando Salvador ដែលជាគ្រូបង្ហាត់ក្បាច់គុនចម្រុះដ៏មានបទពិសោធន៍នោះបានថ្លែងទៀត ៖«ចាន់ រតនា ជាកីឡាករមានទេពកោសល្យ និង ការតាំងចិត្តសម្រេចសមិទ្ធផលខ្លួនឯងនិងតំណាងកម្ពុជា។ ការបោះជំរំហ្វឹកហាត់ និង ខំប្រឹងខ្លួនឯង គឺជាកត្តាដែលទទួលជ័យជម្នះបន្តបន្ទាប់។ ខ្ញុំគិតថា រតនា នឹងជួបគូប្រកួតខ្លាំងៗ ដែលត្រូវរៀបចំយុទ្ធសាស្ត្រថ្មីៗ ជាពិសេសក្បាច់គុនចម្រុះ និង ជីជិតស៊ូ។ រតនា ត្រូវរៀបចំការប្រកួតលើក្ដារេញ មានគាបឃ្លេដៃ និង ប្រើជើងឲ្យកាន់តែល្អប្រសើរបូកផ្សំនឹងការប្រកួតឈរដែលមានស្រាប់»។
គួររំលឹកថាលោក លោក Fernando Salvador ជាគ្រូបង្វឹកបង្ហាត់ចំបាប់តាំងពីឆ្នាំ ១៩៨៩ បន្ទាប់មកលោកបន្តទៅបង្ហាត់ ជីជិតស៊ូ (Jiujitsu) និង គុនចម្រុះ(MMA) ដល់បច្ចុប្បន្ន។ គ្រូបង្វឹកសញ្ជាតិអាមេរិករូបនេះបានមកបង្ហាត់គុនចម្រុះនៅកម្ពុជារយៈ ជិត ២ ឆ្នាំមកហើយ។ ជាមួយគ្នានោះ មានកូនសិស្សជាច្រើនធ្លាប់ហាត់ ជាមួយលោក ដូចជា រិន សារ័ត្ន , ស សី , និង ចាន់ សំអាត ជាដើម។
កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។ ONE CENTURY នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA៕
© រក្សាសិទ្ធិដោយ thmeythmey.com