សង្គមអន្តរជាតិ​
អន្តរជាតិ
តាម​បានសម្រេច​! គ្រួសារ​មួយ​នៅ​ស្កុ​តឡែ​ន​កើត​បាន​កូនស្រី ក្រោយ​មានកូន​ប្រុស​១០​នាក់​
30, Sep 2019 , 9:59 pm        
រូបភាព
ដោយ: ធីតា
​អ្នកស្រី Alexis និង​លោក David Brett ទើប​ក្លាយជា​ឪពុកម្តាយ​នៃ​កូន​ទី​១១​។ វា​ជា​ក្តី​សុបិន​ដែល​បានសម្រេច​សម្រាប់​ប្តី​ប្រពន្ធ​ជនជាតិ​ស្កុ​តឡែ​ន​មួយគូ​នេះ ដោយ​ពួកគាត់​កើត​បាន​កូនស្រី​លើកដំបូង ក្រោយ​មានកូន​ប្រុស​បន្តបន្ទាប់​រហូតដល់​ទៅ​១០​នាក់​។​



​គ្រួសារ​ត្រកូល Brett កូនប្រុស​រហូតដល់​ទៅ​១០​នាក់ ដែល​ក្នុងនោះ​មាន Campbell, Harrison, Corey, Lachlan, Brodie, Brahn, Hunter, Mack, Blacke និង Rothagaidh​។ David អាយុ​៤៤​ឆ្នាំ និង Alexis ដែល​ភរិយា វ័យ​៣៩​ឆ្នាំ ចង់បាន​កូនស្រី​យ៉ាងខ្លាំង ហើយ​ទីបំផុត ទារិកា Cameron ត្រូវបាន​ប្រសូត ដោយ​ផ្តល់​ភាព​រីករាយ​យ៉ាងខ្លាំង​ដល់​គ្រួសារ​ទាំងមូល​។ នេះ​បើតាម​ការផ្សាយ​របស់ Daily Record​។​



Alexis ដែលមាន​ទន្លាប់​ទៅហើយ​ក្នុងការ​ផ្តល់កំណើត​ដល់​កូនប្រុស​។ ក្រោយ​ពិនិត្យ​ផ្ទៃពោះ គាត់​មិន​ហ៊ាន​មើលសំបុត្រ​ពេទ្យ​ដោយ​ខ្លួនឯង ពីព្រោះ​គាត់​ស្មុ​គ្រ​ស្មាញ​ក្នុង​អារម្មណ៍​យ៉ាងខ្លាំង​។ ពេល​ដឹងថា បានកូន​ស្រី Alexis អរ​រំភើប​រក​ថ្លែង​មិន​ចេញ​។​

«​ទោះបីជា​លទ្ធផល ៥០-៥០ ក៏​ពួកយើង​រំភើប​ផងដែរ មិនចាំបាច់​ថា ស្រី​១០០​ភាគរយ​នោះឡើយ​»​។ នេះ​ជាការ​អះអាង​របស់​អ្នកស្រី Alexis ដែល​បាន​ផ្តល់កំណើត​កូនប្រុស​ទី​១ កាលពី​១៧​ឆ្នាំមុន​។



​ទោះបីជា​យ៉ាងណា គ្រួសារ Brett ដែល​រស់នៅ​ក្រុង Dingwall តំបន់ Scottish Highlands ក៏​មិន​សោកស្តាយ​នោះដែរ ប្រសិនបើ​ពួកគេ​បានកូន​ប្រុស​ទី​១១ ថ្វីត្បិតតែ​ពួកគាត់​ប៉ង​បាន​កូនស្រី​ក៏ដោយ​។ ពួកគាត់​លើកឡើងថា អ្វីៗ​ទាំងអស់​សុទ្ធតែជា​រឿង​ល្អ​ក្នុង​គ្រួសារ​។​

​តើ Cameron គឺជា​កូនចុង​ក្រោយ​មែន​ទេ​? អ្នកស្រី Alexis ឆ្លើយ​ទាំង​ញញឹម​ថា​៖ «​ជា​អាទិភាព ពួកយើង​ឈប់​ត្រឹម​នេះហើយ​»​។ លោក David ដែលមាន​អាជីព​ជា​អ្នកបើក​រថភ្លើង យល់ស្រប​នឹង​ការលើកឡើង​របស់​ភរិយា ដោយ​ជឿជាក់ថា Cameron នឹង​ក្លាយជា​ប្អូន​ជាទី​ស្រឡាញ់រ​បស់បងៗ​៕



​ប្រភព​រូបថត​៖ Les Wilson


Tag:
 ​ស្កុ​តឡែ​ន​
  គ្រួសារ​
© រក្សាសិទ្ធិដោយ thmeythmey.com