ជាតិ
សង្គមជាតិ
កម្ពុជា ជា​ប្រទេស​ទី​៤​នៅ​អាស៊ី ដែល​ប្តេជ្ញា​បញ្ចប់​អំពើហិង្សា​លើ​កុមារ
13, Sep 2019 , 9:41 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​បានក្លាយ​ជា​ប្រទេស​ទី​៤​ក្នុង​តំបន់​អាស៊ី​ដែល​ប្តេជ្ញា​បញ្ចប់​អំពើហិង្សា​គ្រប់​រូបភាព​លើ​កុមារ បន្ទាប់ពី​ប្រទេស​ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ម៉ុង​ហ្គោ​លី​។ ជាមួយគ្នានេះ កម្ពុជា​ក៏​ក្លាយជា​សមាជិក​ទី​២៦​នៃ​ប្រទេស​ជា​ដៃគូ​សកល​ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ​។​



​យោងតាម​សេចក្តីប្រកាស​រួម​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សហការ​ជាមួយ​មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ​(​យូ​នី​សេ​ហ្វ​) និង​ភាពជា​ដៃគូ​សកល​ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ (GPEVAC) នា​ថ្ងៃទី​១២​កញ្ញា ការប្ដេជ្ញាចិត្ត​នេះ​ធ្វើឡើង​ខណៈដែល​កម្ពុជា​កំពុង​ព​ន្លឿ​ន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការសម្រេច​ចក្ខុវិស័យ ប្រែក្លាយ​ពី​ប្រទេស​ចំណូល​ទាប​ទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច បាន​និយាយថា ក្នុងទិសដៅ​ឆ្លើយតប​នឹង​អំពើហិង្សា​លើ​កុមារ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការលើកកម្ពស់​អនុវត្ត​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ និង​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​នានា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កុមារ និង​កិច្ចការពារ​ជាពិសេស​សម្រាប់​កុមារ​។ លើសពីនេះ ដើម្បី​អាចឱ្យ​កុមារ​រស់នៅក្នុង​សេរីភាព សន្តិភាព និង​ការអភិវឌ្ឍ តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ជាច្រើន​រួមមាន ការរៀបចំ​ច្បាប់ គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​លិខិតបទដ្ឋាន​ជាច្រើន​ដើម្បី​ធានា​ដល់​កិច្ចការពារ​កុមារ​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​លោក​បាន​បន្តថា កម្ពុជា​បានក្លាយ​ជា​ប្រទេស​ឈានមុខ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន ដែល​បាន​អង្កេត​សិក្សា​ស្រាវជ្រាវ​ពី​ស្ថានភាព អំពើហិង្សា​លើ​កុមារ ដែលមាន​លក្ខណៈ​វិទ្យាសាស្ត្រ​ក្នុងការ​កំណត់​ពី​ទំហំ វិសាលភាព ការផ្តល់​ភ័ស្តុតាង​ជាក់លាក់​នៃ​អំពើហិង្សា​លើ​កុមា​រទាំង​ផ្លូវភេទ ផ្លូវកាយ និង​ផ្លូវចិត្ត​ដែល​កុមារ​បាន​ជួបប្រទះ និង​កំពុង​ជួប​បញ្ហា​ប្រឈម​។ ផ្អែកលើ​លទ្ធផល​នៃ​ការអង្កេត​នេះ ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់​និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ ២០១៧-២០២១ ត្រូវបាន​រៀបចំឡើង ក្នុងទិសដៅ​ធានា​ដល់​ការដោះស្រាយ និង​មាន​វិធានការ​ទាន់ពេលវេលា​លើ​បញ្ហា​អំពើហិង្សា​លើ​កុមារ​គ្រប់​រូបភាព ក៏ដូចជា ដើម្បី​លើកកម្ពស់​ការការពារ និង​ការអភិវឌ្ឍ​សិទ្ធិ​កុមារ​ប្រកបដោយ​ចីរភាព​។​

​ជាមួយគ្នានេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់​រដ្ឋសភា​-​ព្រឹទ្ធសភា បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​បន្ថែម និង​កិច្ចព្រមព្រៀង​អន្តរជាតិ​នានា ដើម្បី​ការពារ​ប្រយោជន៍​របស់​កុមារ ដោយ​ដាក់បញ្ចូល​បញ្ហា​កុមារ​ជា​អាទិភាព​ក្នុង​កម្មវិធី​នយោបាយ​។ ជាពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ទាំង​៤​ដំណាក់កាល ក្នុង​យុទ្ធសាស្ត្រ​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​២០១៦-២០៣០ ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ២០១៩-២០២៣​។​

​លោកស្រី បាន​បញ្ជាក់ថា ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​កុមារ​គឺ​តម្រូវឱ្យមាន​ទំនួល​ខុសត្រូវ​រួមគ្នា និង​ការ​កៀរគរ​អ្នកពាក់ព័ន្ធ​ទាំងអស់ និង​សង្គម​ទាំងមូល​។ ចាំបាច់​បំផុត​ស្របទៅតាម​បទដ្ឋាន​ជាតិ​ដែល​កំពុង​ដាក់ឱ្យអនុវត្ត​ជា​ធរមាន​រួមទាំង​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​កុមារ​ឱ្យមាន​ប្រសិទ្ធភាព​កាន់តែ​ប្រសើរ​នោះ ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ក្រសួង ស្ថាប័ន អង្គការ​ជាតិ អន្តរជាតិ និង អ្នកពាក់ព័ន្ធ​ទាំងអស់​។​

​តាម​ការសិក្សា​អង្កេត​ថ្នាក់ជាតិ​ស្ដីពី​អំពើហិង្សា​លើ​កុមារ​នៅ​កម្ពុជា កាល​ឆ្នាំ​២០១៣ បាន​បង្ហាញថា ក្នុងចំណោម​កុមារ​ចំនួន​២​នាក់ មាន​ម្នាក់​បានទទួល​រង​យ៉ាងហោចណាស់​មួយ​ទម្រង់​នៃ​អំពើហិង្សា មុនពេល​ពួកគេ​ឈានដល់​វ័យ​១៨​ឆ្នាំ​។ អំពើហិង្សា​លើ​កុមារ គឺជា​បញ្ហា​សកល​ដែល​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ស្ទើរ​ពេញ​មួយជីវិត​ដល់​សង្គមជាតិ​។ អំពើហិង្សា​លើ​កុមារ​បានធ្វើឱ្យ​កុមារ និង​គ្រួសារ​ទទួលរង​នូវ​ការឈឺចាប់ និង​អាច​បង្ក​ផលវិបាក​រយៈពេល​វែង​ដូចជា ការអភិវឌ្ឍ​រូបរាងកាយ​យឺត បញ្ហា​ឥរិយាបថ បញ្ហា​សុខភាព​ផ្លូវកាយ និង​បញ្ហា​សុខភាព​ផ្លូវចិត្ត​ជាដើម​៕


Tag:
 កុមារ​
  ហិង្សា​
© រក្សាសិទ្ធិដោយ thmeythmey.com