អន្តរជាតិ
Google យល់ព្រមបង់ប្រាក់១ពាន់លានដុល្លារឲ្យបារាំងដើម្បីបញ្ចប់សំណុំរឿងពន្ធ
×
ដោយ៖ ងួន សុភាវត្តី
ក្រុមហ៊ុនអ៊ីនធឺណិតយក្សរបស់អាមេរិក Google បានយល់ព្រមបង់ប្រាក់ចំនួន៩៤៥លានអឺរ៉ូ ស្មើនឹង១ពាន់លានដុល្លារ ដើម្បីបញ្ចប់ជម្លោះពន្ធជាមួយបារាំង។ នេះបើតាមសេចក្តីប្រកាសរបស់តុលាការបារាំងនៅថ្ងៃទី១២ ខែកញ្ញា។
ក្នុងសេចក្ដីប្រកាសរបស់តុលាការ ក្រុមហ៊ុន Google នឹងបង់ប្រាក់ពិន័យចំនួន៥០០ លានអឺរ៉ូសម្រាប់ដោះស្រាយករណីគេចពន្ធ និងចំនួន ៤៦៥ លានអឺរ៉ុបទៀតដើម្បីដោះស្រាយបញ្ហាជាមួយអាជ្ញាធរពន្ធនៅបារាំង។ ឯ Google ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បានបញ្ជាក់ពីដំណោះស្រាយនេះ និងបានសាទរនូវអ្វីដែលខ្លួនចាត់ទុកជាការបញ្ចប់បញ្ហាសារពើពន្ធជាមួយបារាំងអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
ដំណោះស្រាយបង់ប្រាក់ពិន័យនេះក្រៅប្រព័ន្ធតុលាការនេះ ស្រដៀងគ្នានឹងកិច្ចព្រមព្រៀងរវាង Google ជាមួយអ៊ីតាលីនិងអង់គ្លេសដែរ តែកិច្ចព្រមព្រៀងជាមួយបារាំងមានទំហំធំទឹកប្រាក់ធំជាង។ ក្រោយដោះស្រាយចប់ Google និយាយថា ខ្លួនចង់ឃើញកំណែទម្រង់រួមមួយសម្រាប់ក្របខ័ណ្ឌពន្ធអាករអន្តរជាតិដ៏ច្បាស់លាស់មួយ។
កាលពីឆ្នាំ ២០១៦ ក្រុមហ៊ុន Google បានចំណាយប្រាក់ចំនួន ១៣០ លានអឺរ៉ូក្នុងការដោះស្រាយជាមួយអាជ្ញាធរអង់គ្លេសហើយនៅឆ្នាំ ២០១៧ បានយល់ព្រមចំណាយលុយ៣០៦លានអឺរ៉ូដើម្បីដោះស្រាយជម្លោះពន្ធនៅអ៊ីតាលីផង។
រដ្ឋមន្ត្រីយុត្តិធម៌បារាំង លោក Nicole Belloubet និងរដ្ឋមន្ត្រីថវិកា លោក Gerald Darmanin បានស្វាគមន៍ចំពោះការដោះស្រាយយ៉ាងម៉ឺងម៉ាត់នៃរាល់បញ្ហាចម្រូងចម្រាសកន្លងមក។ សេចក្តីថ្លែងការណ៍របស់ពួកគេបញ្ជាក់ថា៖ «លទ្ធផលនេះគឺជាដំណឹងល្អសម្រាប់ហិរញ្ញវត្ថុសាធារណៈ និងយុត្តិធម៌សារពើពន្ធនៅបារាំង»។
ការដោះស្រាយបញ្ហាពន្ធរវាងបារាំង និង Google នេះបានកើតឡើងចំពេលបារាំងនិងសម្ព័ន្ធមិត្តអឺរ៉ុបព្យាយាមស្វែងរកមូលដ្ឋានរួមជាមួយអាមេរិកដើម្បីដោះស្រាយបញ្ហាយកពន្ធរបស់ក្រុមហ៊ុនយក្សឌីជីថលលើពិភពលោក។
Google ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំ ៗ ដទៃទៀតដែរ មានការិយាល័យកណ្តាលប្រចាំអឺរ៉ុបនៅអៀរឡង់ដែលទីនោះរដ្ឋាភិបាលបានកំណត់អត្រាពន្ធសាជីវកម្មត្រឹមតែ ១២.៥ ភាគរយដើម្បីគោលបំណងទាក់ទាញក្រុមហ៊ុនធំៗ។ ការណ៍នេះ ធ្វើឲ្យប្រទេសឯទៀតនៅអឺរ៉ុប មិនសុខចិត្តព្រោះក្រុមហ៊ុនទាំងនេះ រកស៊ីបានប្រាក់ចំណូលច្រើន តែបង់ពន្ធតិចតួចទៅវិញ។
សព្វថ្ងៃ បារាំងបានអនុម័តរួចហើយច្បាប់ដែលនឹងយកពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនធំៗទាំងនោះដែលបម្រើសេវាកម្មនៅបារាំង ទោះពួកគេមានទីតាំងនៅអឺរ៉ុបនៅឯណាក្ដី។ អង់គ្លេសកំពុងរៀបចំផែនការស្រដៀងគ្នានេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com