ជាតិ
បុណ្យភ្ជុំបិណ្ឌ
វីដេអូ
មានតែខ្មែរទេ ដែលមានបុណ្យភ្ជុំបិណ្ឌ
× បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យធំមួយ ក្នុងចំណោមបុណ្យប្រពៃណីខ្មែរដទៃៗទៀត។ បុណ្យនេះ គឺជាប្រភេទបុណ្យប្រពៃណីខ្មែរ មិនមែនជាបុណ្យព្រះពុទ្ធសាសនាឡើយ។ ហេតុដូច្នេះហើយ ទើបបុណ្យភ្ជុំបិណ្ឌ ប្រារព្ធឡើងតែនៅក្នុងប្រទេសកម្ពុជាយើង។
បុណ្យភ្ជុំបិណ្ឌ មិនមាននៅប្រទេសដទៃទេ ព្រោះបុណ្យនេះ ជាបុណ្យបែបប្រពៃណីខែ្មរ។ បុណ្យប្រពៃណី គឺជាកម្មពិធីបុណ្យទាំងឡាយណា ដែលត្រូវបានប្រារព្ធឡើងតាមទំនៀមទម្លាប់ បែបផែនវប្បធម៌របស់ប្រទេសនីមួយៗ តាំងពីបុរាណសម័យរៀងមក។ ជាងនេះទៀត បុណ្យប្រពៃណី តែងតែឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃវប្បធម៌ ទំនៀមទម្លាប់ អត្តសញ្ញាណ ជំនឿ របស់ប្រទេសណាមួយ ដែលបុព្វបុរសរបស់ពូកគេតាក់តែងឡើង និងសន្សល់ទុកមកសម្រាប់កូនចៅជំនាន់ក្រោយ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
ចំណែក បុណ្យសាសនា គឺជាពិធីបុណ្យ ដែលធ្វើឡើយតាមបែបបទ ឬបទបញ្ញត្តិរបស់សាសនា ដែលចែងក្នុងគម្ពីររបស់សាសនានោះ មានដូចជាសាសនាព្រះពុទ្ធ និងសាសនាយេស៊ូគ្រិស្ត ជាដើម។
ពិធីបុណ្យព្រះពុទ្ធសាសនាមួយចំនួន ត្រូវបានគេប្រារព្ធឡើងនៅទូទាំងពិភលោក តាមបណ្ដាប្រទេសនានា ដែលកាន់ព្រះពុទ្ធសាសនា ដូចជាបុណ្យវិសាខបូជា ជាដើម។ បុណ្យវិសាខបូជា គឺជាបុណ្យព្រះពុទ្ធសាសនា ដែលមានចែងក្នុងគម្ពីរព្រះត្រៃបិដក។ ដូច្នេះឲ្យតែប្រទេសណាដែលកាន់ព្រះពុទ្ធសានា ប្រទេសនោះនឹងប្រារព្ធពិធីបុណ្យវិសាខបូជានេះ ដូចកម្ពុជាយើងដែរ។
ប៉ុន្តែ បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យប្រពៃណីខ្មែរ មិនមែនជាបុណ្យដែលចែង ឬបញ្ញត្តក្នុងគម្ពីរព្រះត្រៃបិដក ដូចជាបុណ្យវិសាខបូជាឡើយ។ អ៊ីចឹងហើយ បានជានៅប្រទេសមួយចំនួន មានដូចជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌា ស្រីលង្កា ។ល។ មិនមានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ បើទោះបីជាប្រទេសទាំងនេះកាន់ព្រះពុទ្ធសាសនាដូចកម្ពុជាក៏ដោយ។
ទោះបីជាបុណ្យប្រពៃណីខ្មែរ និងបុណ្យព្រះពុទ្ធសាសនា គឺជាបុណ្យពីរផ្សេងគ្នាក៏ពិតមែន តែគ្រប់បុណ្យប្រពៃណីខ្មែរទាំងអស់ សុទ្ធតែធ្វើឡើងតាមលំនាំឬបែបបទព្រះពុទ្ធសាសនា។ ចំណែកឯ បុណ្យព្រះពុទ្ធសាសនាទាំងឡាយណាដែលបានបញ្ញត្តទុកមក ក៏ប្រារព្ធឡើងតាមរបៀបប្រពៃណីខ្មែរដែរ។
គ្រប់បុណ្យប្រពៃណីខ្មែរ និងបុណ្យព្រះពុទ្ធសាសនា តែងតែប្រារព្ធឡើង ដោយមានការលាយឡំបញ្ចូលគ្នាជានិច្ច មិនអាចដាច់ចេញពីគ្នាបានឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com