អន្តរជាតិ
អសប​៖ មី​យ៉ាន់​ម៉ា​មិនមាន​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ធ្វើ​មាតុភូមិនិវត្តន៍​ទេ​
17, Sep 2019 , 7:59 pm        
រូបភាព
ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ពួន​នៅ​ក្រោម​ឆ័ត្រ​នៅ​ពេល​ភ្លៀង​ធ្លាក់​មួយ​នៅ​ក្នុង​ជំរំ​ភៀស​ខ្លួន​ Kutupalong ក្នុង​ក្រុង Cox
ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ពួន​នៅ​ក្រោម​ឆ័ត្រ​នៅ​ពេល​ភ្លៀង​ធ្លាក់​មួយ​នៅ​ក្នុង​ជំរំ​ភៀស​ខ្លួន​ Kutupalong ក្នុង​ក្រុង Cox's Bazar ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។
ដោយ: VOA
​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ លោកស្រី Yanghee Lee និយាយថា ប្រទេស​មី​យ៉ាន់​ម៉ា បន្ដ​បំពាន​ទៅនឹង​ច្បាប់​អន្តរជាតិ​និង​ប្រើប្រាស់​វិធានការ​សាហាវឃោរឃៅ​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ជនជាតិភាគតិច​នៅក្នុង​រដ្ឋ Rakhine និង​រដ្ឋ Chin ដែល​ស្ថិតនៅ​ភាគខាងត្បូង​។​



​លោកស្រី​និយាយថា ជន​ស៊ីវិល​ជាច្រើន​ត្រូវបាន​សម្លាប់ ហើយ​ជន​ស៊ីវិល​រាប់ម៉ឺន​នាក់​ទៀត​ត្រូវ​ផ្លាស់​លំនៅ​ដោយសារ​ការប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​ជាច្រើន​ប្រភេទ ដោយ​កងកម្លាំង Tatmadaw ដែលជា​ទ័ព​របស់​មី​យ៉ាន់​ម៉ា និង​កងទ័ព Arakan ដែលជា​ក្រុម​ឧទ្ទាម​មួយ​នៅក្នុង​រដ្ឋ Rakhine​។​

​លោកស្រី​និយាយថា មិនអាច​ទៅរួច​ទេ​ដែល​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​អាច​ត្រឡប់​ទៅកាន់​ប្រទេស មី​យ៉ាន់​ម៉ា វិញ​ដោយ​សុវត្ថិភាព​នោះ​។ កាលពី​ខែ សីហា លោកស្រី​បាន​គូសបញ្ជាក់ថា មាន​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ជូន​ជនភៀសខ្លួន​ចំនួន​៣.៤៥០​នាក់​ត្រឡប់​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​។​

​លោកស្រី​និយាយថា មី​យ៉ាន់​ម៉ា​អះអាងថា ខ្លួន​បានធ្វើ​អ្វីដែល​ចាំបាច់​សម្រាប់​ដំណើរការ​មាតុភូមិនិវត្តន៍​នេះ ហើយ​បាន​បន្ទោស​ប្រទេស បង់​ក្លា​ដែ​ស ចំពោះ​ការពន្យារពេល​ប្រតិបត្តិការ​នេះ​។ ក៏ប៉ុន្តែ​លោកស្រី​យល់ឃើញថា ការពិត​គឺ​ផ្ទុយស្រឡះ​។​

​លោកស្រី Lee បាន​ថ្លែងថា​៖ «​មី​យ៉ាន់​ម៉ា​មិន​បានធ្វើ​អ្វី​ទាល់តែសោះ​ដើម្បី​បំបាត់​ប្រព័ន្ធ​ហិង្សា​និង​ការ​ធ្វើទុក្ខបុកម្នេញ ហើយ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​ស្ថិតនៅក្នុង​រដ្ឋ Rakhine ក៏​កំពុងតែ​ស្ថិតក្នុង​ស្ថានភាព​ដូចគ្នា​នេះដែរ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com