អន្តរជាតិ
បោះឆ្នោតអ៊ីស្រាអែល៖ លោក ណេតាន់យ៉ាហ៊ូ ត្រូវការឈ្នះដើម្បីបន្តជីវិតនយោបាយ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (ឆ្វេង) និងគូប្រជែង បេននី ហ្កាន់ ។ (រូបភាព AFP
× ប្រជាជនអ៊ីស្រាអែល នៅថ្ងៃទី១៧ ខែកញ្ញានេះ នាំគ្នាទៅកាន់ការិយាល័យបោះឆ្នោតទូទាំងប្រទេសក្នុងការបោះឆ្នោតជាលើកទីពីរក្នុងរយៈពេល៥ខែ។ ការបោះឆ្នោតនេះ ជាការកំណត់អនាគតលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងការបន្តកាន់តំណែងនាយករដ្ឋមន្ត្រីបន្តទៀត ឬក៏ប្រជាជនអ៊ីស្រាអែលនាំគ្នាបោះឆ្នោតគាំទ្រអតីតឧត្តមសេនីយ៍ បេននី ហ្កាន់ ឲ្យដឹកនាំប្រទេសវិញម្ដង។ លោក ណេតាន់យ៉ាហ៊ូ ត្រូវការជ័យជម្នះខ្លាំង ព្រោះកំពុងចោមរោមដោយរឿងអាស្រូវពុករលួយ។
ការិយាល័យបោះឆ្នោត បានបើកនៅម៉ោង៧ព្រឹក (ម៉ោងអ៊ីស្រាអែល) និងបិទវិញនៅម៉ោង១០យប់ (ម៉ោងអ៊ីស្រាអែល) នៅថ្ងៃទី១៧ ខែកញ្ញា។ ប្រជាជនអ៊ីស្រាអែលចំនួនជាង៦,៤លាននាក់ នឹងបោះឆ្នោតជ្រើសរើសរវាងការបន្តឲ្យលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ធ្វើជានាយករដ្ឋមន្ត្រីទៀត ឬក៏ផ្ដល់ឱកាសឲ្យឧត្តមសេនីយ៍ បេននី ហ្កាន់ ដឹកនាំប្រទេសវិញម្ដង។ នេះជាការបោះឆ្នោតលើកទីពីរក្នុងរយៈពេល៥ខែ។
កាលពីការបោះឆ្នោតខែមេសា គណបក្សលីឃូដ (Likud) របស់លោក ណេតាន់យ៉ាហ៊ូ និងសម្ព័ន្ធមិត្តទទួលសំឡេងច្រើនជាងគេក្នុងសភាដែលមានកៅអី១២០ ប៉ុន្តែមិនអាចបង្កើតរដ្ឋាភិបាលបាន។ លោក ណេតាន់យ៉ាហ៊ូ ក៏សម្រេចចិត្តរៀបចំការបោះឆ្នោតជាលើកទីពីរនៅខែកញ្ញានេះ ជាជាងអនុញ្ញាតឲ្យប្រធានាធិបតីអ៊ីស្រាអែល តែងតាំងបេក្ខជនផ្សេងឲ្យរៀបចំរដ្ឋាភិបាល។ វត្តមានលោក ហ្កាន់ ដែលជាអតីតមេទ័ព ធ្វើឲ្យលោក ណេតាន់យ៉ាហ៊ូ ជួបដៃគូដ៏ខ្លាំងក្លាមួយ។
លទ្ធផលបឋមនៃការបោះឆ្នោត នឹងចេញនៅក្រោយការបិទការិយាល័យ ហើយលទ្ធផលផ្លូវការ នឹងដឹងនៅមួយថ្ងៃបន្ទាប់។ បើតាមការស្ទង់មតិមុនការបោះឆ្នោត ការបោះឆ្នោតថ្ងៃទី១៧ ខែកញ្ញានេះ នឹងក្លាយជាការប្រជែងដ៏ខ្លាំងក្លារវាងបក្សកាន់អំណាច និងសម្ព័ន្ធភាពស-ខៀវរបស់លោក ហ្កាន់ ។ លទ្ធស្ទាបស្ទង់បង្ហាញថា សម្ព័ន្ធភាពកាន់អំណាចទទួល៣២កៅអី ហើយសម្ព័ន្ធភាពរបស់លោក ហ្កាន់ ទទួល៣២កៅអីដូចគ្នា។ អតីតរដ្ឋមន្ត្រីការពារជាតិ Avigdor Lieberman អាចជាកូនជញ្ជីងកំណត់ចាញ់ឈ្នះ។
ការបោះឆ្នោតលើកនេះ ជារឿងសំខាន់សម្រាប់លោក ណេតាន់យ៉ាហ៊ូ ជាបច្ចុប្បន្នជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេរបស់អ៊ីស្រាអែល។ លោកក្លាយជានាយករដ្ឋមន្ត្រីដំបូងនៅឆ្នាំ១៩៩៦ ក្នុងនាមជាប្រមុខរដ្ឋាភិបាលក្មេងជាងគេរបស់អ៊ីស្រាអែលនៅអាយុត្រឹម៤៦ឆ្នាំ តែក៏របូតកៅអីវិញនៅឆ្នាំ១៩៩៩ ។ នៅឆ្នាំ២០០៩ លោក ណេតាន់យ៉ាហ៊ូ ក៏ក្លាយជានាយករដ្ឋមន្ត្រីម្ដងទៀត ហើយកាន់អំណាចទល់សព្វថ្ងៃ។
ប្រសិនទទួលជ័យជម្នះលើកនេះ គេជឿថា ណេតាន់យ៉ាហ៊ូ អាចនឹងស្វែងការការពារដោយអភ័យឯកសិទ្ធិ ខណៈលោកកំពុងប្រឈមមុខសំណុំរឿងពុករលួយ។ រដ្ឋអាជ្ញាអ៊ីស្រាអែល និយាយថា លោកមានបំណងចោទប្រកាន់លោក ណេតាន់យ៉ាហ៊ូ ពីបទកេងបន្លំ ទទួលសំណូក និងបំពានសេចក្ដីទុកចិត្ត។ សវនាការនេះ នឹងធ្វើឡើងក្រោយបោះឆ្នោត មុននឹងការសម្រេចចិត្តចុងក្រោយ៕
Tag:
អ៊ីស្រាអែល
បេនចាមីន ណេតាន់យ៉ាហ៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com