អន្តរជាតិ
ឌឺ​អាមេរិក​? លោក ពូ​ទីន ថា អា​រ៉ា​ប៊ី​សា​អូឌីត​គួរតែ​ទិញ​ខែល​ការពារ​មី​ស៊ី​លពី​រុស្ស៊ី​
17, Sep 2019 , 9:59 pm        
រូបភាព
ប្រធានាធីបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន
ប្រធានាធីបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន​នៅ​ថ្ងៃទី​១៦ ខែកញ្ញា បានផ្តល់​សំណើ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ទិញ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​របស់ខ្លួន ដើម្បី​ការពារ​ហេ​ដ្ឋា​រចនា​សម្ពន្ធ និង​ប្រជាជន​។ ការលើកឡើង​របស់លោក ពូ​ទីន ធ្វើឡើង​បន្ទាប់ពី​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​បាន​វាយប្រហារ​លើ​រោច​ក្រ​ផលិត​ប្រេង​។



​ការលើកឡើង​របស់​ប្រធានាធិបតី​របស់​រុស្សី​បែបនេះ គឺធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​ជាមួយ​លោក​ប្រធានាធិបតី Hassan Rouhani និង​លោក​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan ប៉ុន្មាន​ថ្ងៃក្រោយ​ការវាយប្រហារ​ទៅលើ​រោងចក្រ​ផលិត​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។ ទំនង​ចង់​ឌឺដង​ផ្លែផ្កា​ឲ្យ​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត លោក ពូ​ទីន ប្រាប់​ក្រុង​រី​យ៉ា​ដ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ការពារ​របស់​រុស្ស៊ី​។ 

«​យើង​រួចរាល់​ក្នុង​ការជួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ការពារ​ប្រជាជន​របស់​ពួកគេ​»​។ នេះ​ជាស​ម្តី​របស់លោក ពូ​ទីន​បន្ទាប់ពី​មាន​ជំនួប​ត្រីភាគី​រវាង រុស្ស៊ី អ៊ីរ៉ង់ និង​តួ​ក​គី នៅ​ទីក្រុង​អង់កា​រ៉ា​។ ក្នុងន័យនេះ ប្រធានាធិបតី​រុស្សី​វ័យ ៦៦​ឆ្នាំ បាន​បញ្ជាក់ថា អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវតែ​ឆ្លាត​ដូច​អ៊ីរ៉ង់ ដែល​ទិញ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល S-300 និង​តួ​ក​គី​ដែល​បាន​សម្រេចចិត្ត​ទិញ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល S-400​។ សម្រាប់​មូលហេតុ​ត្រូវ​ទិញ​ប្រព័ន្ធ​ខែល​ការពារ​នេះ ព្រោះ​ពួកវា​មាន​សមត្ថភាព​ការពារ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​គ្រប់​ទាំងអស់​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ពី​ការវាយប្រហារ​ផ្សេងៗ​។ នេះ​បើតាម​សារព័ត៌មាន Politico ។​

​ជា​ការពិត​រុស្ស៊ី ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ នៃ​ប្រទេស​ផលិត​ប្រេង​បន្ទាប់ពី​អាមេរិក និង​អា​រ៉ា​ប៊ី​សា​អូឌីត​។ បានសេចក្តីថា នៅពេល​ផលិតកម្ម​ប្រេង របស់​ទីក្រុង​រី​យ៉ា​ដ​ត្រូវបាន​កាត់បន្ថយ រុស្ស៊ី​ក៏​ទទួល​បា​នូវ​ផលប្រយោជន៍​ទៅតាម​នោះដែរ ទាំង​តម្លៃ​ប្រេង និង​បរិ​មាណនៃ​ការលក់​។

​ក្រៅពី​បញ្ហា​ការវាយប្រហារ​លើ​រោងចក្រ​ប្រេង​ពី​សំណាក់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី លោកពូ​ទីន​ក៏បាន​និយាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​មួយចំនួន​ដូចជា ការគាំទ្រ​កិច្ចព្រមព្រៀង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងបី​ជាដើម​។

​សូមបញ្ជាក់ថា អាមេរិក​បាន​ជំទាស់​ទីក្រុង​តេ​ហេ​រ៉ង់​មិន​ឲ្យ​ទិញ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​លពី​រុស្ស៊ី​ជា​យូរ​មកហើយ​។ ចំណែក​រុស្ស៊ី​វិញ​ក៏​មិន​ព្រម​លក់​ទៅ​ឲ្យ​អ៊ីរ៉ង់​ដែរ ព្រោះ​វា​ស្ថិតនៅក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ ២០០៧ ដែល​ខ្លួន​បាន​ចុះហត្ថលេខា ប៉ុន្តែ​ទើបតែ​ឆ្នាំ​២០១៦​ទេ ដែល​រុស្ស៊ី​បានសម្រេច​លក់​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ឲ្យ​អ៊ីរ៉ង់​។ អាមេរិក​ក៏បាន​ជំទាស់​តួ​ក​គី​មិន​ឲ្យ​ទិញ​ប្រព័ន្ធ​ខែល​មី​ស៊ី​ល S-400 របស់​រុស្ស៊ី​ដែរ តែ​ឲ្យ​តួ​ក​គី​ទិញ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល Patriot របស់ខ្លួន​វិញ​៕


Tag:
 រុស្ស៊ី​
  ពូ​ទីន​
  អារ៉ាប់​ប៊ី​សា​អូឌីត​
© រក្សាសិទ្ធិដោយ thmeythmey.com