អន្តរជាតិ
ប្រមុខដឹកនាំហុងកុង ការី ឡាំ នឹងជួបអ្នកតវ៉ាហុងកុង ដើម្បីបន្ថយសម្ពាធ មេដឹកនាំក្រុងហុងកុង លោកស្រី ការី ឡាំ (AFP)
× មេដឹកនាំហុងកុង នឹងជួបពិភាក្សាជាមួយក្រុមអ្នកតវ៉ាហុងកុង នាសប្តាហ៍ក្រោយ បន្ទាប់ពីបាតុកម្មប្រឆាំងរដ្ឋាភិបាលបានអូសបន្លាយជាច្រើនខែមកនេះ។ គោលដៅនៃកិច្ចសន្ទនានេះ គឺដើម្បីស្វែងរកមធ្យោបាយដោះស្រាយវិបត្តិនយោបាយនៅក្រុងហុងកុង។
ប្រធានប្រតិបត្តិប្រចាំក្រុងហុងកុង លោកស្រី ការី ឡាំ បាននិយាយថា លោកស្រីនឹងជួបជាមួយ ក្រុមបាតុករហុងកុងចន្លោះពី ១០០ ទៅ ២០០នាក់ ដើម្បីចាប់ផ្តើមកិច្ចសន្ទនាផ្លូវការមួយ ក្នុងគោលដៅតភ្ជាប់ឡើងវិញជាមួយសាធារណៈ និងស្វែងរកមធ្យោបាយដោះស្រាយវិបត្តិនយោបាយនេះ។
ថ្លែងនៅមុខជំនួបក្រុមប្រឹក្សាប្រតិបត្តិប្រចាំសប្តាហ៍នៅថ្ងៃទី១៧ ខែកញ្ញា លោកស្រី ឡាំ បញ្ជាក់បែបនេះ៖« នេះគឺជាកិច្ចសន្ទនាបើកចំហមួយ ដែលយើងនឹងអញ្ជើញមនុស្សគ្រប់ទិសទីឲ្យមកបង្ហាញការយល់ឃើញរបស់ពួកគេទៅកាន់យើង»។ លោកស្រី សង្កត់ធ្ងន់ទៀតថា នេះគឺដោយសារតែការឆ្លើយឆ្លងគ្នា គឺល្អប្រសើរជាងការប្រឈមមុខដាក់គ្នា។
តាមការចុះផ្សាយរបស់កាសែត South China Morning Post ប្រមុខដឹកនាំក្រុងហុងកុងរូបនេះ លើកឡើងថា បញ្ហានេះគឺទៅឆ្ងាយហួសពីរឿងសេចក្តីព្រាងច្បាប់ ដូច្នេះវាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលក្នុងការចូលរួម និងស្តាប់កង្វល់របស់សហគមន៍ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីបញ្ហាពួកគេ។
ទន្ទឹមនេះ លោកស្រី អះអាងថា លោកស្រីបានដឹងលឺពីកំហឹងពលរដ្ឋដែលកើតចេញពីបញ្ហាសង្គមមួយចំនួន រួមមាន កង្វះខាតដីធ្លិ និងលំនៅឋាន, កង្វះនៃពិពិធភាព និងបរិយាប័នក្នុងសេដ្ឋកិច្ចហុងកុង។ ការជួបមុខផ្ទាល់ និងដោះដូរគំនិតគ្នាទៅវិញទៅមកបែបនេះ មិនធ្វើឡើងតែម្តងហើយបញ្ចប់ឡើយ ប៉ុន្តែវានឹងបន្តរយៈពេលវែងទៀត។
និយាយដល់កិច្ចសន្ទនានេះ រដ្ឋាភិបាលហុងកុង បានបែងចែកជាបីប្រភេទ។ ទីមួយ ដែលដំណើរការនាសប្តាហ៍ក្រោយ គឺបើកឲ្យមនុស្សគ្រប់គ្នាចុះឈ្មោះ។ ហើយសម្រាប់កិច្ចប្រជុំនីមួយៗ មនុស្សពី១០០ ទៅ ២០០នាក់ដែលបានចុះឈ្មោះជាមុន នឹងត្រូវជ្រើសរើសដើម្បីចូលរួម។ ចំណែក ទម្រង់ទី២ នឹងត្រូវធ្វើឡើងជាតំណាង ដោយប្រជាជនត្រូវជ្រើសរើសដោយចៃដន្យ។
រីឯ ប្រភេទទី៣វិញ នឹងធ្វើឡើងជាក្រុមតូចត្រឹម ២០នាក់ប៉ុណ្ណោះ ប៉ុន្តែផ្តោតលើប្រធានបទស៊ីជម្រៅ។ លោកស្រី ការី ឡាំ និយាយបែបនេះ ដោយបន្ថែមថា រាល់ជំនួបទាំងអស់ នឹងឈរលើគោលការណ៍តម្លាភាព និងបើកចំហ ដោយមានរបៀបវារៈប្រកាសជាសាធារណៈ។
ទោះជាលោកស្រី ការី ឡាំ បានចំណាយច្រើនក្នុងសន្និសីទព៏ត៌មាននិយាយពីរឿងកិច្ចសន្ទនា លោកស្រី ក៏បានបញ្ជាក់ជំហរច្បាស់ថា ការបង្កើតកិច្ចសន្ទនានេះ ពុំមានន័យថា រដ្ឋាភិបាលបញ្ឈប់ចាត់វិធានការចាំបាច់ដើម្បីរក្សាសណ្ដាប់ធ្នាប់នោះឡើយ៕
Tag:
ហុងកុង
ការីឡាំ
បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com