ក្រុម​ប្រតិបត្តិ​ករ​រួមគ្នា​បំផុស​ចលនា​បរិស្ថាន «​ទេសចរ​ម្នា​ក់ដាំ​ដើមឈើ​មួយ​ដើម​»
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រុម​ប្រតិបត្តិ​ករ​រួមគ្នា​បំផុស​ចលនា​បរិស្ថាន «​ទេសចរ​ម្នា​ក់ដាំ​ដើមឈើ​មួយ​ដើម​»
18, Sep 2019 , 8:29 am        
រូបភាព
​សៀមរាប​៖ ក្រៅពី​ទស្សនា​ប្រាង្គ​ប្រាសាទ​ហើយ ក្នុងនោះ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ខេត្តសៀមរាប​ក៏​អាច​ទិញ​កញ្ចប់​ដើម្បី​ចូលរួម​ដាំ​កូនឈើ​ក្នុងព្រៃ​គ្រញូង​ដែលមាន​ការអភិរក្ស​ថែមទៀត​។ ក្នុង​បំណង​ដើម្បី​បរិស្ថាន ផ្នែក​ពាក់ព័ន្ធ​នានា​បាននិងកំពុង​ជំរុញ​ចលនា​ដាំ​កូនឈើ​ឡើងវិញ ក្នុងនោះ​ក្រុម​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ក៏បាន​រួមគ្នា​បំផុស​ចលនា​នេះដែរ ក្នុងនោះ​ភ្ញៀវទេសចរ​អាច​ទិញ​កញ្ចប់​ដើម្បី​ចូលរួម​ដាំ​កូនឈើ និង​ដើរ​កម្សាន្ត​ក្នុង​ចម្កា​ព្រៃ​គ្រញូង​ដែលមាន​ទំហំ​ជាង​មួយ​ពាន់​ហិកតា​ដែល​ត្រូវបាន​អភិរក្ស​យ៉ាង​យកចិត្តទុកដាក់​។​



​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​៖




​ចលនា​ដាំ​កូនឈើ​បាន​បង្កើត​ឡើងជា​បន្តបន្ទាប់ ក្នុង​គោលដៅ​រួម គឺ​ដើម្បី​បរិស្ថាន​។ ចលនា​នេះ​មាន​ស្ទើរ​គ្រប់​តំបន់ ពិសេស​កន្លែង​ដែល​បាត់បង់​គម្រប​ព្រៃឈើ​តែម្ដង ហើយ​ចលនា​នេះ​មាន​ទាំង​ទ្រង់ទ្រាយ​តូច​និង​ទ្រង់ទ្រាយ​ធំ​។

​ងាក​មក​ខេត្តសៀមរាប​វិញ ចលនា​នេះ​ក៏​ផុសផុល​ដែរ​។ ក្រៅពី​តំបន់​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​ពី​គោលការណ៍​ដាំ​កូនឈើ​លើ​ផ្ទៃដី​បាត់បង់​ក្នុង​មួយឆ្នាំ​ប្រមាណ​២​ម៉ឺន​ដើម​ហើយ​នោះ ចលនា​នៅលើ​ភ្នំ​គូលែន​វិញ​ក៏​មិន​អន់​ដែរ​។ មន្ទីរ​បរិស្ថាន​សហកា​រ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន អង្គការ​អភិវឌ្ឍន៍​ពាក់ព័ន្ធ បាន​បង្កើត​កម្មវិធី​និង​អប់រំ​ប្រជាពលរដ្ឋ​លើ​ភ្នំ​គូលែន បំណង​ដើម្បីឱ្យ​យល់​និង​ឈប់​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​ចម្ការ​បន្តទៀត ព្រោះថា​អាច​ប៉ះពាល់​ដល់​ប្រភពទឹក​លើ​ភ្នំ​នេះ​។​

​ខាង​រដ្ឋបាល​ព្រៃឈើ​នេះ​វិញ ក៏មាន​គោលដៅ​ច្បាស់លាស់​ក្នុង​រឿង​ព្រៃឈើ​នេះដែរ​។ ស្ថាប័ន​នេះ​មាន​ចម្ការ​ព្រៃឈើ​ដ៏​ធំ​មួយ និង​មានការ​អភិរក្ស​ដើមឈើ​កម្រ​នៅ​កម្ពុជា ដូចជា​ប្រភេទ​ឈើ​គ្រញូង​ជាដើម​។ ក្នុងនោះ​ក៏បាន​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​រៀបចំ​សួន​ដាំ​ដើមឈើ​ទេសចរណ៍ ក្នុង​គោលដៅ​បំផុស​ចលនា​ទេសចរ​ម្នាក់​ដាំ​ដើមឈើ​មួយ​ដើម ឬ​មនុស្សម្នា​ក់ដាំ​ដើមឈើ​មួយ​ដើម​។​



​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប លោក ង៉ូ​វ សេង​កាក់ ក្នុង​ពិធី​ដាំ​កូនឈើ​នៅ​ថ្ងៃទី​១៥ កញ្ញា បាន​លើកឡើងថា មន្ទីរ​ទេសចរណ៍ បាន​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ បង្កើតឱ្យមាន​សួន​ទេសចរណ៍​នៅ​ឆ្នាំ​២០១៥ និង​បាន​ដាំ​កូនឈើ​ជាង​មួយ​ពាន់​ដើម​នៅ​ថ្ងៃទី​២៧ កញ្ញា ឆ្នាំ​២០១៥ ដើម្បី​អបអរ​ទិវា​ទេសចរណ៍​ពិភពលោក​នៅពេលនោះ​។ ក្រៅពី​រីករាយ​ចំពោះ​ការលូតលាស់​បានល្អ​នៃ​ដើមឈើ​អនុស្សាវរីយ៍​ដែល​ចូលរួម​ដាំ​ពី​តាម​បណ្ដា​សណ្ឋាគារ ប្រតិបត្តិ​ករ​ទេសចរ​នៅពេលនោះ​ហើយ លោក សេង​កាក់ ចាត់ទុក​សួន​នេះ​ជា​គោលដៅ​ថ្មី​របស់​ភ្ញៀវទេសចរ ដែល​ពួកគេ​អាច​ចូលរួម​ដាំ​និង​គយគន់​ចម្ការ​គ្រញូង ទស្សនា​វាលស្រែ​ចម្ការ ក៏ដូចជា​ផ្កែ​ព្រៃ​មួយចំនួន​ផង​។

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បន្ថែម​៖« តំបន់​នេះ​មាន​ភាព​ទាក់ទាញ ដោយសារ​ជា​គោលដៅ​ទេសចរណ៍​បែប​លក្ខណៈ​ផ្សងព្រេង មាន​វាលស្រែ ផ្កា​ចាហួយ​នា​រដូវវស្សា ដោយ​អាចបង្កើត​កម្មវិធី​ជិះឡាន ជិះ​កង់ ទស្សនា​វាលស្រែ​ផ្កា​ចាហួយ​...​ចំពោះ​ការរៀបចំ​សួន​ទេសចរណ៍​នេះ​ក្រសួងទេសចរណ៍​បានចេញ​លិខិតបទដ្ឋាន​ផ្សេងៗ​ពាក់ព័ន្ធ​ឱ្យមាន​ការបង្កើត​គ្រប់​ខេត្ត​ក្រុង​ត្រូវតែមាន​សួន​ទេសចរណ៍​យ៉ាងហោច​១​ឬ​២ ដូច្នេះ​ទីតាំង​នេះ​វា​ស័ក្ដិសម​សម្រាប់​ទេសចរ​ច​ង់​មក​សៀមរាប​ហើយ​ចូលរួម​ដាំ​កូនឈើ ហើយ​លើក​ក្រោយ​គាត់​អាចមក​មើល​កូនឈើ​គាត់​ដាំ​បាន​»​។​



​ក្នុង​ពិធី​ដាំ​កូនឈើ​នៅ​លើក​នេះដែរ ក៏មាន​ការចូលរួម​ពី​ក្រុម​ប្រតិបត្តិ​ករ​ជាង​មួយ​ពាន់​នាក់​ដូច​លើក​មុន​ដែរ ក្នុង​បំណង​បំផុស​សារ​ទៅដល់​ពលរដ្ឋ​ខ្មែរ​ឱ្យ​យល់ដឹង​ពី​ការចូលរួម​លើកកម្ពស់​បញ្ហា​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា​។ សម្រាប់​លោក សេង​កាក់ ពិធី​នេះ​ក៏​ជា​ផ្នែក​មួយ​ដើម្បី​ចូលរួម​អបអរ​ទិវា​ទេសចរណ៍​ពិភពលោក ២៧ កញ្ញា ដែល​ប្រធានបទ​នៅ​ឆ្នាំនេះ​គឺ ទេសចរ​និង​ការងារ ក្រោម​ពាក្យស្លោក អនាគត​កាន់តែ​ប្រសើរ​សម្រាប់​ទាំងអស់គ្នា​។ ជាមួយគ្នា​នោះ ប្រធាន​មន្ទីរ​ទេសចរណ៍​ក៏បាន​បង្ហាញ​ការគាំទ្រ​ការបង្កើត​គោលដៅ​ទេសចរណ៍​ថ្មីៗ​បន្ថែម ក្នុងទិសដៅ​ដើម្បី​បំពេញតម្រូវការ​ភ្ញៀវទេសចរ​ពេល​មក​កម្សាន្ត​ខេត្តសៀមរាប​ឱ្យមាន​គោលដៅ​ទេសចរណ៍​សម្បូរបែប ពិសេស​គឺ​ការបង្កើត​កញ្ចប់​ទេសច​រណ៍​ដាំ​កូនឈើ​និង​រក្សា​ដើមឈើ​ទាំងនោះ​សម្រាប់​អនុស្សាវរីយ៍​ដល់​ភ្ញៀវទេសចរ​នៅពេល​អនាគត​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​លោក ម៉ុង ប៊ុន​លីម ដែលជា​អ្នក​ញែក​ផ្លូវ​ឱ្យមាន​សួន​ទេសចរណ៍​ក្នុងភូមិ​សាស្ដ្រ​ភូមិ​ត្រពាំងថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ក្បែរ​ចម្ការ​គ្រញូង​អភិរក្ស​បានឱ្យដឹងថា ការបង្កើត​ព្រឹត្តិការណ៍​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់​ក្នុងការ​រួមចំណែក​លើក​កម្ពស់​បញ្ហា​បរិស្ថាន និង​ជា​សារ​ពញាក់​អារម្មណ៍​ដល់​ពលរដ្ឋ​ខ្មែរ​ឱ្យ​ស្រឡាញ់​ព្រៃឈើ​និង​ត្រូវ​ចូលរួម​ទាំងអស់គ្នា កុំឱ្យ​យល់ថា​ការងារ​នេះ​ជា​កិច្ចការ​ផ្ដាច់មុខ​របស់​ស្ថាប័ន​ណាមួយ​។



​ក្នុង​បុព្វហេតុ​ការស្ដារ​គម្រប​ព្រៃឈើ​ឡើងវិញ​នេះដែរ លោក ម៉ុង ប៊ុន​លីម ពន្យល់ថា​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​របស់លោក​បានធ្វើកា​រងារ​ជាច្រើន​ក្នុងនោះ​ទាំង​ការដាំ​ខ្លួនឯង និង​ការចែក​ពូជឈើ​ដល់​ប្រជាពលរដ្ឋ​យកទៅ​ដាំ​នៅ​កន្លែង​ផ្សេងៗ ក៏ដូចជា​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ដី​ទំនេរ​និង​ចង់​រៀបចំ​ជា​ចម្ការ​ដាំ​កូនឈើ​ឡើងវិញ​ជាដើម​។ ក្នុងនោះដែរ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មាន​ចម្ការ​ឈើប្រណិត​ដែល​កំពុង​អភិរក្ស​ជាង​មួយ​ពាន់​ហិកតា ដែល​ពេលនេះ​បានផ្តល់​ផល​ជា​វិជ្ជមាន​ច្រើន​ដូចជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ថ្មី​និង​ដើម​មេ​ធំៗ​សម្រាប់​ផ្តល់​ពូជ​ច្រើន​ដើម​។ ទៅ​អនាគត នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រូបនេះ ចង់​អភិវឌ្ឍន៍​តំបន់​នេះ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ក្នុង​ខេត្តសៀមរាប និង​ជា​កន្លែង​សម្រាប់​ដាំ​កូនឈើ​ក៏ដូចជា​សម្រាប់​លំហែកាយ​ថ្មី​របស់​ភ្ញៀវទេសចរ​។​

​សម្រាប់​ភ្ញៀវទេសចរ​មានបំណង​ចង់​ចូលរួម​ដាំ​កូនឈើ​នេះ ពួកគេ​អាច​ទិញ​កញ្ចប់​ទាំងនេះ​តាមរយៈ​ក្រុមហ៊ុន​ទេសចរណ៍​នានា ដោយ​ក្នុងនោះ​ត្រូវ​បង់​វិភាគទាន​១៥​ដុល្លារ​សម្រាប់​ដើមឈើ​មួយ​ដើម​។ ត្រង់ចំណុច​នេះ លោក ម៉ុង ប៊ុន​លីម ពន្យល់ថា មិនមែនជា​ការទិញ​ល​ក់​អ្វី​នោះទេ តែ​ថវិកា​ទាំងនោះ​សម្រាប់​ថែទាំ​កូនឈើ ឬ​ជា​ថ្លៃ​សម្រាប់​ជួល​កម្មករ​ថែរក្សា​ដូចជា​កាត់​ស្មៅ ដាក់​ជី និង​ស្រោច​ទឹកជា​ដើម ដើម្បី​ធានាថា​ដើមឈើ​ទាំងនោះ​មានជីវិត​គង់វង្ស​។​



​អ្នកគ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ សុខា​ល័យ លោក ឆាយ សិលា ក្នុង​ពិធី​ដាំ​កូនឈើ​នៅពេលនោះ បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ដែល​មកពី​បណ្ដា​សមាគម​និង​ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​ប្រមាណ​២៥​ស្ថាប័ន​ក្នុង​ក្រុង​សៀមរាប ដោយ​រីករាយ​និង​មាន​មោកភាព​សម្រាប់​ការរៀបចំ​ពិធី​នេះ​។ លោក​ពន្យល់ថា គោលដៅ​នៃ​ពិធី​នេះ គឺ​ចង់បង្ហាញ​ពី​ការចូលរួម ការចែករំលែក និង​ការលះបង់​ធនធាន​ផ្ទាល់ខ្លួន​សម្រាប់​ការងារ​សង្គម និង​បរិស្ថាន​។

​សិល្បករ​អ្នកនាង យុគ ចិន្ដា ក៏បាន​ចូលរួម​ក្នុង​ពិធី​ដាំ​កូនឈើ​បំផុស​ចលនា​ទេសចរ​ម្នាក់​ដាំ​ដើមឈើ​មួយ​ដើម​ដែរ​។ អ្នកនាង​យល់ថា​កម្មវិធី​នេះ​ល្អ និង​គួររៀបចំ​ធ្វើជា​រៀងរាល់ឆ្នាំ ដើម្បី​រួមចំណែក​លើ​កិច្ចការ​បរិស្ថាន​នៅ​កម្ពុជា​។​

​បុគ្គលិក​ក្រុមហ៊ុន​សណ្ឋាគារ Golden Temple ដែល​បាន​ចូលរួម​ជាមួយ​ក្រុមការងា​រ​នៅពេល​នោះដែរ បានចាត់ទុក​ការចូលរួម​របស់ខ្លួន ថា​បានរួម​ចំណែក​ជួយ​សង្គម​ដ្បិត​វា​មិនធំ​ក៏ដោយ​។ កញ្ញា សុខលី ចង់ឱ្យ​ការងារ​នេះ ជ្រោក​ជ្រាប​ដល់​ស្មារតី​យុវជន​ខ្មែរ​ឱ្យ​យល់ដឹង​និង​ចូលរួម​គិតគូរ ព្រោះថា​បញ្ហា​បរិស្ថាន​និង​ការលើកកម្ពស់​បរិស្ថាន​ត្រូវការ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់រូប​៕








Tag:
 ប្រតិ​ប​ត្ដិករ​ទេសចរណ៍​សៀមរាប​
  ដាំ​ដើមឈើ​
  គ្រញូង​
  បរិស្ថាន​
  រដ្ឋបាល​ព្រៃឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com