ជាតិ
សង្គមជាតិ
ភ្លៀងខ្លាំងធ្វើឲ្យបាក់ដីភ្នំនៅព្រំដែនកម្ពុជា-ថៃ សង្កត់ពលរដ្ឋខ្មែរពីរនាក់, អាជ្ញាធរ កំពុងរុករក
18, Sep 2019 , 1:39 pm        
រូបភាព
លោក ឈុំ សុជាត (អង្គុយ) និងកម្លាំងយោធា កំពុងមើលតំបន់ក្នុងផែនទី ដែលពលរដ្ឋខ្មែរទាំងពីរនាក់ បាត់ខ្លួន
លោក ឈុំ សុជាត (អង្គុយ) និងកម្លាំងយោធា កំពុងមើលតំបន់ក្នុងផែនទី ដែលពលរដ្ឋខ្មែរទាំងពីរនាក់ បាត់ខ្លួន
ពលរដ្ឋខ្មែរ២នាក់ បានបាត់ខ្លួន នៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង តាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។ លោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ពលរដ្ឋទាំង២នាក់នោះ បានចូលទៅក្នុងព្រៃ ហើយត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារ បណ្តាលឲ្យដីភ្នំបាក់ ហើយសង្កត់លើពួកគេ។



លោក ឈុំ សុជាត អះអាងថា ពលរដ្ឋខ្មែរទាំងអស់ ដែលស្ថិតក្នុងគ្រោះថ្នាក់នេះ មាន៧នាក់ តែ៤នាក់ រត់រួចខ្លួន ហើយម្នាក់ទៀត របួសធ្ងន់។ អ្នកនាំពាក្យការពារជាតិ សរសេរលើទំព័រហ្វេសប៊ុកថា នៅថ្ងៃទី១៨ ខែកញ្ញានេះ មានកម្លាំងចម្រុះ២៥នាក់ និងប្រជាពលរដ្ឋ បានបន្តប្រតិបត្តិការរុករកអ្នកបាត់ខ្លួនទាំង២នាក់នោះ។

លោក បន្តថា ដោយសារតែពួកគេ បាត់ខ្លួននៅក្នុងទឹកដីថៃ ភាគីកម្ពុជា ក៏បានសហការជាមួយភាគីថៃផងដែរ ក្នុងការរុករកនេះ។ លោក បញ្ជាក់លើហ្វេសប៊ុកថា៖«ប្រតិបត្តិការនេះ កំពុងទទួលបានការយកចិត្តទុកដាក់និងបញ្ជាផ្ទាល់ពីឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខណៈដែលក្រុមការងារ កំពុងតែមមាញឹកក្នុងប្រតិបត្តិការរុករក»៕





Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com