ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ទុនវិនិយោគផ្នែកសំណង់នៅកម្ពុជា កើន៥៧ភាគរយ ក្នុងខែសីហា២០១៩ បើធៀបនឹងខែសីហា២០១៨
× ភ្នំពេញ៖ វិស័យសំណង់នៅទូទាំងប្រទេសកម្ពុជា កាលពីខែសីហា មានចំនួន៤១៨គម្រោង ក្នុងទំហំផ្ទៃក្រឡាជាង២,៨លានម៉ែត្រការ៉េ ដែលមានតម្លៃវិនិយោគប៉ាន់ស្មានជាង១,៤៣៨លានដុល្លារ។ តម្លៃវិនិយោគនៃវិស័យសំណង់នេះ បានកើនឡើង៥៧,២០ភាគរយ បើធៀបខែសីហា ឆ្នាំ២០១៨ ដែលមានជាង៩១៥លានដុល្លារ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទើបចេញផ្សាយនៅដើមខែកញ្ញា ឆ្នាំ២០១៩។
របាយការណ៍ដដែល បានបង្ហាញថា ក្នុងចំណោមសំណង់ជាង៤០០គម្រោងខាងលើនេះ មាន៦៤គម្រោង ដែលមានផ្ទៃក្រឡាជាង២លានម៉ែត្រការ៉េ ស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងដែនរៀបចំដែនដីផ្ទាល់។ សំណង់ទាំង៦៤គម្រោងនេះ មានតម្លៃវិនិយោគជាង៨៦៧លានដុល្លារ។ ដោយឡែកសំណង់ចំនួន៣៥៤គម្រោងទៀត មានផ្ទៃដីជិត៤០ម៉ឺនម៉ែត្រការ៉េ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរដ្ឋបាលរាជធានី-ខេត្ត មានតម្លៃវិនិយោគជាង១៥៩លានដុល្លារ។ ប៉ុន្តែតម្លៃវិនិយោគនេះកើនឡើងជាង២៣៥ភាគរយ។
ឆមាសទីមួយ ឆ្នាំ២០១៩ សំណង់នៅកម្ពុជា មានជាង២ពាន់គម្រោង ក្នុងទំហំផ្ទៃក្រឡា ៧លានម៉ែត្រការ៉េ ដែលមានតម្លៃវិនិយោគជាង៣៣៩២លានដុល្លារ។ តម្លៃវិនិយោគនៃវិស័យសំណង់នេះ បានកើនឡើងជិត៥៧,៧៥ភាគរយ បើធៀបនឹងឆមាសទីមួយ ឆ្នាំ២០១៨ ដែលមានជាង ២១៥៣លានដុល្លារ។
ចាប់ពីឆ្នាំ២០០០ ដល់ខែសីហា ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ៤៦ ៥៤៨គម្រោង ដែលមានផ្ទៃសាងសង់ជាង១២៥លានម៉ែត្រក្រឡា ជាមួយនឹងតម្លៃវិនិយោគប៉ាន់ស្មាន ជាង៤៧ពាន់លានដុល្លារ។ ដោយឡែកក្នុងឆ្នាំ ២០១៨ កម្ពុជាបានផ្តល់ការអនុញ្ញាតលើគម្រោងសាងសង់សរុប ២ ៨៦៧ គម្រោង មានតម្លៃប្រមាណ ៥ ២២៨ លានដុល្លារ ធ្លាក់ចុះ ១៨,៦៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ ដែលមាន ៦ ៤២៨ លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com