អន្តរជាតិ
ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​៖ វិបត្តិ​មនុស្សធម៌​ដែល​កាន់តែ​អាក្រក់​របស់​ប្រទេស​យេ​ម៉ែន អាច​បញ្ចៀស​បាន​
26, Sep 2019 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ហ្សឺ​ណែវ ៖ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ដែលមាន​ឈ្មោះថា The Group of Eminent Experts on Yemen បាន​ស្តីបន្ទោស​ភាគី​ក្នុង​សង្គ្រាម​ទាំងអស់​លើ​វិបត្តិ​មនុស្សធម៌​ដ៏​មហន្តរាយ ដែល​បាន​បង្ក​ឱ្យ​ជន​ស៊ីវិល​រាប់លាន​នាក់​រងទុក្ខវេទនា​ឥត​ប៉ាន់ប្រមាណ​បាន​ក្នុង​រយៈពេល​ជាង​៤​ឆ្នាំ​នៃ​សង្គ្រាមស៊ីវិល​។ ក្រុម​អ្នកជំនាញ​ទាំងនេះ​បានធ្វើ​បទ​បង្ហាញ​លើ​របាយការណ៍​ចុងក្រោយ​របស់ខ្លួន​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​។​


​ក្រុម​អ្នកជំនាញ​ដដែល​នេះ និយាយថា គ្មាន​ភាគី​ណាមួយ​ល្អ​ទេ​ក្នុង​សង្គ្រាម​នេះ​។ ភាគី​ទាំងអស់​សុទ្ធតែ​អាក្រក់​។ ក្រុម​អ្នកជំនាញ បន្តថា រដ្ឋាភិបាល​យេ​ម៉ែន​ក្តី និង​សម្ព័ន្ធមិត្ត​ខ្លួន​ក្តី រួមមាន ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ក៏ដូចជា​ក្រុម​ឧទ្ទាម Houthi ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ និង​ក្រុម​ប្រដាប់អាវុធ​ដែលជា​ប់​ពាក់ព័ន្ធ​ភាគី​ទាំងនោះ​ក្តី សុទ្ធតែជា​អ្នកទទួលខុសត្រូវ​លើ​សោកនាដកម្ម និង​គ្រោះមហន្តរាយ​ដែល​បន្ត​រីក​រាល ដាល​ក្នុងប្រទេស​នេះ​។​
 
​ប្រធាន​ក្រុម​អ្នកជំនាញ​នេះ លោក Kamel Jendoubi បាន​និយាយថា វិបត្តិ​មនុស្សធម៌​ក្នុងប្រទេស​យេ​ម៉ែន​ដែល​បង្កឡើង​ដោយ​ការបាត់​បង់ជីវិត​មនុស្ស​ស្លូតត្រង់​ជា​រៀងរាល់​ថ្ងៃនេះ អាច​បញ្ចៀស​បាន​ទាំងស្រុង​។ លោក​បានដាក់​ការស្តីបន្ទោស​ទាំងស្រុង​លើ​ភាគី​ទាំងអស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​នេះ​។ នេះ​បើ​យោងតាម​ខ្លឹមសារ​តាមរយៈ​អ្នកបកប្រែ​។​
 
​លោក Jendoubi បាន​និយាយថា​៖«​គ្មាន​ហេតុផល​ណា​ដែល​បណ្តោយឱ្យ​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ​យេ​ម៉ែន​បន្ត​បែប​នេះឡើយ​។ ខ្ញុំ​ទទូច​ឱ្យ​សហគមន៍​អន្តរជាតិ​ប្រកាន់​ជំហរ​ជួយ​ប្រជាពលរដ្ឋ​យេ​ម៉ែន​។ ពួកគេ​មិន​សម​នឹង​រស់នៅក្នុង​ពិភពលោក​មួយ​ដែល​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ត្រូវបាន​គេ​រំលោភបំពាន​ជាប្រចាំ​បែបនេះ​ឡើយ​។ គ្មាន​លេស​ណា​ដែល​បណ្តោយឱ្យ​ការកាប់សម្លាប់​ការ​ធ្វើទុក្ខបុកម្នេញ និង​ការរំលោភបំពាន​បន្តទៀត​ឡើយ​។ ហើយក៏​គ្មាន​ហេតុផល​ណា​ទៅ​ដកហូត​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ប្រើប្រាស់​សេរីភាព​នៃ​ជំនឿ​សាសនា និង​ការបញ្ចេញមតិ​ដោយ​គ្មាន​ការគាបសង្កត់ និង​តាមឃ្លាំមើល​ឡើយ​»​។​
 
​កម្រង​ឯកសារ​របាយការណ៍​ដ៏​តក់ស្លុត​និង​ក្តុកក្តួល​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស បាន​រៀបរាប់​លម្អិត​ពី​ការវាយប្រហារ​តាម​អាកាស និង​តាម​ផ្លូវគោក​ទៅលើ​មន្ទីរពេទ្យ សាលារៀន និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​នានា​ជាច្រើន​។ របាយការណ៍​ដដែល ក៏បាន​បញ្ជាក់​ពី​ការបាត់​បង់ជីវិត និង​ការរង​គ្រោះ​នានា​ផងដែរ និង​រៀបរាប់​ពី​ការរំលោភ​សិទ្ធិមនុស្ស​គ្រប់​ទីកន្លែង ការរំលោភបំពាន ការចាប់​ឃុំឃាំង​មនុស្ស​តាម​អំពើ​ចិត្ត និង​ការ​បង្អត់អាហារ​ជន​ស៊ីវិល ដើម្បី​ធ្វើជា​អាវុធ​យុទ្ធសាស្ត្រ​សម្រាប់ធ្វើ​សង្គ្រាម​។ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ដដែល​នេះ បាន​រាយការណ៍​ថា សកម្មភាព​បែបនេះ នឹង​អាច​រាប់​ចាត់ទុកជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​បាន​។ ក្រុម​អ្នកជំនាញ​នេះ បាន​និយាយទៀតថា ជនល្មើស​ទាំងនោះ​ត្រូវតែ​ផ្តន្ទាទោស និង​យកមក​កាត់ក្តី​នៅ​តុលាការ​។​
 
​លោកស្រី Michelle Bachelet ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ក៏​យល់ស្រប​នឹង​ការវាយតម្លៃ​នេះដែរ​។​
 
​លោកស្រី បាន​និយាយថា​៖
«​ប្រជាពលរដ្ឋ​យេ​ម៉ែន កំពុង​រស់នៅក្នុង​វិបត្តិ​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​។ គ្រប់​ស្ថានភាព​ទុក្ខវេទនា និង​ការឈឺចាប់​ដែល​នឹកស្មាន​មិន​ដល់ កើតមាន​ក្នុង​ជម្លោះ​នេះ តួយ៉ាង សង្គ្រាម ជំងឺ គ្រោះ​ទុរ្ភិក្ស ការដួលរលំ​សេដ្ឋកិច្ច ភេរវកម្ម​អន្តរជាតិ ការរំលោភ​សិទ្ធិមនុស្ស​ពេញ​ផ្ទៃ​ប្រទេស និង​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នានា​»​។​
 
​លោកស្រី Bachelet បាន​និយាយថា ចំនួន​ជន​ស៊ីវិល​ដែល​បាត់បង់​ជីវិត​នៅ​បន្ត​កើនឡើង​។ លោកស្រី បាន​បន្តថា ប្រជាពលរដ្ឋ​ភាគច្រើន​ស្លាប់​ដោយសារ​ការវាយប្រហារ​តាម​អាកាស​ពី​ក្រុម​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​។ របាយការណ៍​ចុងក្រោយ​បំផុត បញ្ជាក់ថា​ចាប់ពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៥​មក ចំនួន​ជន​ស៊ីវិល​បាត់បង់​ជីវិត​មាន​ជាង​៧.៥០០​នាក់​។ ក្នុងនោះ ជនរងគ្រោះ​ជា​កុមារ​ស្មើនឹង​ជាង​មួយ​ភាគ​បួន​នៃ​ចំនួន​អ្នក​បាត់​បង់ជីវិត​។​
 
​ក្នុង​ប្រយោគ​ខ្លីៗ និង​ច្បាស់ៗ អ្នក​តំណាងឱ្យ​រដ្ឋាភិបាល​យេ​ម៉ែន​ទាត់ចោល​របាយការណ៍រ​បស់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស និង​បាន​ចាត់ទុកថា​របាយការណ៍​នេះ​មាន​លក្ខណៈ​នយោបាយ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com