អន្តរជាតិ
ការទូត​ដុល្លារ​? ប៉េកាំង​ប្រាប់​តៃវ៉ាន់​ថា លុយ​មិនមែន​អាច​ទិញ​អ្វី​គ្រប់យ៉ាង​បានឡើយ​
18, Sep 2019 , 8:39 pm        
រូបភាព
អ្នកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពពីក្រសួងការបរទេសចិន
អ្នកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពពីក្រសួងការបរទេសចិន
​ទីក្រុង​ប៉េកាំង ពិតជា​ពេញចិត្ត​ពេញ​ថ្លើម​នឹង​ការសម្រេចចិត្ត​របស់​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន​ក្នុងការ​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់ និង​ត្រៀមខ្លួន​ភ្ជាប់​ចំណង​ការទូត​ផ្លូវការ​ជាមួយគ្នា​ឲ្យ​បាន​លឿន​។ រឿងនេះ ធ្វើ​ឲ្យ​តៃវ៉ាន់​ក្ដៅស្លឹកត្រចៀក​ខ្លាំង និង​ចោទ​ចិន​ចំៗ​ថា ប្រើ​លុយ​ដើម្បី​ទាក់ទាញ​សណ្ដាន​ចិត្ត​ប្រទេស​ផ្សេង​។ តប​ការចោទប្រកាន់​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ឆ្លើយ​វិញ​ថា លុយ​មិនមែន​សុទ្ធតែ​អាច​ទិញដូរ​អ្វី​បានឡើយ​។​



​លុយ​របស់​ចិន ជា​មូលហេតុ​នាំ​ឲ្យ​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន​ផ្ដាច់ទំនាក់ទំនង​ជា​តៃវ៉ាន់​។ នេះ​ជាការ​លើកឡើង​របស់​មេ​ដឹកនាំ​កំពូលៗ​របស់​តៃវ៉ាន់​រួមទាំង​ប្រធានាធិបតី Tsai Ing-wen និង​រដ្ឋមន្ត្រីការបរទេស Joseph Wu ផងដែរ​។ ការសម្រេចចិត្ត​របស់​កោះ​តំបន់​ប៉ាស៊ីហ្វិក​មួយ​នេះ ធ្វើ​ឲ្យ​មិត្តភក្តិ​តៃវ៉ាន់​នៅលើ​ពិភពលោក​នៅសល់តែ​១៦​ប្រទេស​ទៀត​ប៉ុណ្ណោះ ហើយ​គ្រាន់​ក្នុង​អាណត្តិ​លោកស្រី Tsai ចិន​ទទួលបាន​មិត្ត​ថ្មី​បួន​ប្រាំ​ប្រទេស​ទៅហើយ​។​

​លុយ​ជា​ធ្នាក់​របស់​ចិន​ទាក់ចិត្ត​ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន​? មិនមែន​ទេ​! នេះ​ជា​ចម្លើយ​របស់​អ្នកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ទៅនឹង​ការចោទប្រកាន់​របស់​តៃវ៉ាន់​។ តាងនាម​រដ្ឋាភិបាល​ចិន អ្នកស្រី Hua បង្ហាញ​ក្ដី​រីករាយ​ដែល​សូ​លូ​ម៉ុ​ន ផ្ដាច់ចំណង​ការទូត​ជាមួយ​តៃវ៉ាន់ ទទួលស្គាល់​នយោបាយ​ចិន​តែមួយ និង​ចាត់ទុក​ប៉េកាំង​ជា​តំណាង​ស្របច្បាប់​តែមួយគត់​របស់​ចិន​ទាំងអស់​ដូច​ប្រទេស​ចំនួន​១៧៨​ផ្សេងទៀត​។ 

​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៧ ខែកញ្ញា អ្នកនាំពាក្យ​ដដែល បាន​វាយបក​តៃវ៉ាន់​រឿង​ការប្រើប្រាស់​ពាក្យ​ការទូត​ដុល្លារ​។ ពាក្យ​នេះ ត្រូវបាន​តៃវ៉ាន់​ប្រើ​សំដៅ​ការ​យកលុយ​ដើម្បី​អូសទាញ​ប្រទេស​ដទៃទៀត​ពី​សំណាក់​ចិនដីគោក​។ មន្ត្រី​ក្រសួងការបរទេស​ចិន​បញ្ជាក់ថា ដោយសារ​ការទូត​ដុល្លារ​នេះ តៃវ៉ាន់​មើល​ប្រទេស​ផ្សេង​តាមចិត្ត​នឹកឃើញ​របស់ខ្លួន ហើយ​មិន​យល់​ពី​គោលការណ៍​ខ្លះ​ដែល​មិនអាច​ទិញ​ដោយ​លុយ​បានឡើយ សូម្បីតែ​ការទុកចិត្ត​ក៏ដោយ​។​

​ឆ្លៀត​ពេលនេះ អ្នកស្រី Hua ក៏បាន​បកស្រាយ​ការចោទប្រកាន់​របស់​តៃវ៉ាន់​ពាក់ព័ន្ធ​ការផ្ដល់​ជំនួយ​ដោយ​គ្មាន​ចីរភាព​នៅ​តំបន់​ប៉ាស៊ីហ្វិក​នេះ​។ បើតាម​អ្នកនាំពាក្យ​រូបនេះ ជំនួប​ដែល​ផ្ដល់​ដោយ​ចិន គឺធ្វើឡើង​ដោយ​ម៉ត់ចត់​តាំងពីដើម​ដល់​ដំណាក់កាល​ចុងក្រោយ បន្ទាប់ពី​សិក្សា​លើ​ហានិភ័យ​ទាំងអស់ ហើយ​ជំនួយ​ផ្ដល់​ឲ្យ​តែ​វិស័យ​ចាំបាច់​។ អ្នកនាំពាក្យ​រូបនេះ​អះអាងថា មកទល់ពេលនេះ ក៏​មិនទាន់​ប្រទេស​ណា​ធ្លាក់ចូល​អន្ទាក់​បំណុល​អ្វី​នោះដែរ​។​

​ឯ​រឿង​ជាមួយ​កោះ​សូ​លូ​ម៉ុ​ន​វិញ អ្នកស្រី Hua រំពឹងថា នឹងមាន​ការភ្ជាប់​ទំនាក់​ទំនង​ការទូត​ផ្លូវការ​នៅពេល​ឆាប់ៗ​ខាងមុខ​។ ដោយ​អះអាង​ពី​សក្ដានុពល​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​ដែលមាន​ប្រជាជន​១,៤​ពាន់​លាន​នាក់​នោះ មន្ត្រី​នាំពាក្យ​ដដែល​បញ្ជាក់ថា ប្រជុំ​កោះ​សូ​លូ​ម៉ុ​ន នឹង​ទទួលបាន​ប្រយោជន៍ និង​ឱកាស​មិន​ធ្លាប់មាន​ដើម្បី​ការអភិវឌ្ឍ​របស់ខ្លួន ហើយ​ចិន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បើក​ទំព័រ​ទំនាក់ទំនង​ថ្មី​ជាមួយ​សូ​លូ​ម៉ុ​ន​៕

Tag:
 ​ចិន​
  តៃវ៉ាន់​
  សូ​លូ​ម៉ុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com