អន្តរជាតិ
លោក ត្រាំ ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន អាចមាន​មុន ឬ​ក្រោយ​ការបោះឆ្នោត​២០២០
18, Sep 2019 , 3:22 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៧ ខែកញ្ញា បាន​និយាយថា រដ្ឋបាល​របស់លោក​អាច​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​មុនពេល​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ឬក៏​អាច​ព្រមព្រៀង​ក្រោយ​ថ្ងៃ​បោះឆ្នោត​ក៏​ថា​បាន​។



​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​នៅលើ​យន្តហោះ Air Force One ក្នុង​ដំណើរ​ពីរ​ដ្ឋ New Mexico ទៅ​រដ្ឋ California លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​អះអាងថា ទីក្រុង​ប៉េកាំង​គិតថា លោក នឹង​ឈ្នះ​ការបោះឆ្នោត​ឆ្នាំ​២០២០ ប៉ុន្តែ​មន្ត្រី​ចិន​បែប​ជា​ចង់​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ប្រធានាធិបតី​ផ្សេង​ទៅវិញ​។ ដោយ​ភ្ជាប់​ជាមួយនឹង​ពាក្យ​គំរាម លោក​ត្រាំ​ថា ប្រសិនបើ​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្រោយ​ការបោះឆ្នោត​ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ វា​នឹង​អាក្រក់​ជាងនេះទៅទៀត​។

​តាមរយៈ​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធានាធិបតី​វ័យ​៧៣​ឆ្នាំ​រូបនេះ បាន​គូសបញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា វា​នឹងមាន​កិច្ចព្រមព្រៀង​ឆាប់ៗ​នេះ ប្រហែលជា​មុនពេល​បោះឆ្នោត ឬក៏​មួយថ្ងៃ​បន្ទាប់ពី​ការបោះឆ្នោត​។ ប្រសិនបើ​ក្រោយ​ការបោះឆ្នោត វា​ប្រហែល​ជាមាន​កិច្ចព្រមព្រៀង ដែល​មិន​ធ្លាប់មាន​ពីមុនមក វា​ប្រហែលជា​កិច្ចព្រមព្រៀង​ដ៏​អស្ចារ្យ ហើយ​ចិន​ក៏​ដឹង​ពី​បញ្ហា​នេះដែរ​»​។​

​ក្នុងន័យ​សរសើរ​ខ្លួនឯង ក៏ដូចជា​ព្រមាន​ចិន លោក​ដូ​ណា​ល់ ត្រាំ បាន​អះអាងថា លោក​នឹង​ឈ្នះ ហើយ​ឈ្នះ​យ៉ាង​ស្រួល​ទៀតផង​។ ចំណែក​ចិន​វិញ កំពុង​បារម្ភ​ពី​កិច្ចព្រមព្រៀង ដែល​នឹងត្រូវ​សម្រេច​ក្រោយ​ការបោះឆ្នោត ព្រោះ​វា​នឹង​អាក្រក់​ជាង​ពេលនេះ​ទៅទៀត​។ ការលើកឡើង​របស់​ប្រធានាធិបតី​អាមេរិក​រូបនេះ គឺធ្វើឡើង​មុន​ជំនួប​ចរចា​រវាង​មន្ត្រី​ថ្នាក់ក្រោម​អាមេរិក និង​ចិន បន្ទាប់ពី​ខកខាន​ជាង​ពីរ​ខែ​មកនេះ​។

​ជា​ការពិត​កិច្ចចរចា​នេះ​ធ្វើឡើង នៅក្នុង​បរិបទ​នៃ​ភាព​ធូរស្បើយ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម បន្ទាប់ពី​អាមេរិក​បាន​ផ្អាក​ការយកពន្ធ​ពី​ចិន​មួយរយៈ​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែតុលា តាម​ការស្នើសុំ​របស់​ឧបនាយករដ្ឋមន្ត្រី​ចិន លោក Liu He ។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១ ខែកញ្ញា ចិន និង​អាមេរិក បានប្រកាស​យកពន្ធ​ពីគ្នា​ទៅវិញទៅមក​ជា​លើកដំបូង ប៉ុន្តែ​វា​ក៏បាន​ធូរស្បើយ​វិញ​បន្ទាប់ពី​ប្រទេស​ទាំងពី​បាន​ផ្អាក​យកពន្ធ​ពីគ្នា​មួយរយៈ ក្នុង​ថ្ងៃ​គំរប់​ខួប​សារ​ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន​លើក​ទី ៧០ ៕ 


Tag:
 អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com