ជាតិ
រដ្ឋមន្ត្រី​ពាណិជ្ជ​កម្ម៖ មន្ត្រី​ត្រូវធ្វើ​ខ្លួន​ឱ្យ​ស្អាតស្អំ វៀរចាក​អំពើពុករលួយ​គ្រប់​រូបភាព​
18, Sep 2019 , 9:19 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
រូបពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម
​ភ្នំពេញ​៖ ដើម្បី​ពង្រឹង​អភិបាលកិច្ច​ឱ្យបាន​ល្អ​នោះ មន្ត្រី​ទាំងអស់​ត្រូវ​ចៀសវាង​ការប្រព្រឹត្ត​អំពើពុករលួយ​គ្រប់​រូបភាព​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ប៉ាន់ សូរ​សក្តិ ដែល​ប្រាប់​មន្ត្រី​ខ្លួន​ឱ្យធ្វើជា​មនុស្ស​ស្អាតស្អំ ក្នុងពេល​បំពេញការងារ​។​



​ថ្លែង​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង និង​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង លោក ប៉ាន់ សូរ​សក្តិ ជំ​រុញឱ្យ​មន្ត្រី​ទាំងអស់ ខិតខំ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ តាមរយៈ​ការផ្ដល់​សេវាសាធារណៈ​ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព​។ ជាពិសេស​ចៀសវាង​ការប្រព្រឹត្ត​អំពើពុករលួយ​គ្រប់​រូបភាព ដើម្បី​ចូលរួម​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត «​អភិបាលកិច្ច​ល្អ​» និង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​វិមជ្ឈការ និង​វិ​ស​ហម​ជ្ឈ​មការ​របស់​រាជរដ្ឋាភិបាល​។​

​ក្រៅពី​ណែនាំ​បែបនេះហើយ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ក៏បាន​ពន្យល់​ពី​កិច្ចការងារ​របស់​ក្រសួង ដែល​ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ទាក់ទង​នឹង​ផ្លូវច្បាប់​ផងដែរ​។ ត្រង់ចំណុច​នេះ​លោក ប៉ាន់ សូរ​សក្តិ បាន​បញ្ជាក់ថា បច្ចុប្បន្ន​ក្រសួង កំពុង​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត និង​អនុក្រឹត្យ​ស្តីពី​ការកែសម្រួល និង​ប្រព្រឹត្តិ​ទៅ​របស់​ក្រសួងពាណិជ្ជកម្ម​ថ្មី ដើម្បី​ឆ្លើយតប​នឹង​អភិបាលកិច្ច​ល្អ​។ បើតាម​លោក សូរ​សក្តិ នៅពេល​ឯកសារ​ច្បាប់​ទាំងអស់​លេចចេញ​ជា​រូបរាង​នោះ វា​នឹង​ផ្តល់​វិសាលភាព​ដល់​ក្រសួង ក្នុងការ​អនុវត្ត​កាតព្វកិច្ច​កាន់តែ​ប្រសើរ ព្រមទាំង​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ថែមទៀត​។​

​ថ្លែង​ក្នុង​ពិធី​ចុះ​សំណេះសំណាល ជាមួយ​មន្ត្រីរាជការ​ម​ន្ទីរ​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល ខេត្តកំពង់ឆ្នាំង ទាក់ទង​វឌ្ឍនភាព​ការងារ និង​ទិសដៅ​សកម្មភាព ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​កំណើន​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​និរន្តរភាព កាលពី​ថ្ងៃទី​១៧ កញ្ញា រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ឥឡូវនេះ ច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ​, ច្បាប់​ស្ដីពី​ការប្រកួតប្រជែង និង​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ត្រូវបាន​គណៈរដ្ឋមន្ត្រី និង​រដ្ឋសភា​អនុម័ត​រួចហើយ គឺ​នៅ​រង់ចាំតែ​ភ្លើង​ខៀវ​ពី​ព្រឹទ្ធសភា​។ ចំណែកឯ​អនុក្រឹត្យ ក៏បាន​ឆ្លង​ផុត​ក្រសួង​មុខងារ​សារ​ធារ​ណៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ក្រុមប្រឹក្សា​អ្នកច្បាប់​រួចហើយ​ដែរ គឺ​នៅតែ​ដាក់​ឆ្លង​អន្តរក្រសួង ធ្វើការ​ពិនិត្យ​ចុងក្រោយ​តែប៉ុណ្ណោះ ហើយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក៏​នឹងត្រូវ​ប្តូរ​ឈ្មោះ​ថ្មី​ក្នុងពេល​ឆាប់ៗ​ផងដែរ​» ។​

​គួររម្លឹកថា នៅក្រោម​ក្របខណ្ឌ​យុទ្ធសាស្ត្រ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ក្រសួងពាណិជ្ជកម្ម បានធ្វើ​ប្រតិភូកម្ម​មុខងារ​ជា​បន្តបន្ទាប់​ដល់​ថ្នាក់ក្រោម​ជាតិ តួយ៉ាង​ដូចជា​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​(CO) ទម្រង់ ឌី (D) សម្រាប់​នាំចេញ​កសិផល ដល់​មន្ទីរ​ពាណិជ្ជកម្ម នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន (​ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ត្បូងឃ្មុំ មណ្ឌលគិរី រតនគិរី និង​ស្វាយរៀង រួមទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​) និង​បានធ្វើ​ការបណ្តុះ​ប​ណា្ត​ល​មន្ត្រី​នៅតាម​មន្ទីរ​ពាណិជ្ជកម្ម លើ​ជំនាញ​វិធាន​ដើមកំណើត​ទំនិញ ក៏​ដូច​ការប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចេញ CO ផងដែរ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម​៕

Tag:
 ប៉ាន់ សូរ​សក្តិ​
  ពាណិជ្ជកម្ម​
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com